មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា ភី.ឌី.ភី (PDP) បានរៀបចំឲ្យបណ្ដាញយុវជនរបស់ខ្លួន លើកឡើងនូវកង្វល់ និងបញ្ហាទាក់ទងនឹងកិច្ចការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជាតិឆ្នាំ២០១៨។ ការជួបជុំគ្នានេះ ធ្វើឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២២ កុម្ភៈ។
យុវជនគ្រប់អាយុចុះឈ្មោះបោះឆ្នោត បានបង្ហាញកង្វល់របស់ខ្លួនមួយចំនួន ដែលជាឧបសគ្គរាំងស្ទះមិនឲ្យពួកគេចុះឈ្មោះបោះឆ្នោតបាន និងស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)រកវិធីដោះស្រាយ។
យុវតី ទួន ស្រីភ័ស្ដ អាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ អង្គ រកា ខេត្តតាកែវ បានថ្លែងថា ក្ដីកង្វល់របស់យុវជនទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត គឺទីកន្លែងចុះឈ្មោះឆ្ងាយពីភូមិឋានរបស់ពួកគាត់ ពេលវេលាចុះឈ្មោះជាន់គ្នានឹងម៉ោងសិក្សា និងម៉ោងធ្វើការ បញ្ហាចំណាកស្រុក ការខ្វះឯកសារបញ្ជាក់ផ្សេងៗ ការរើសអើងប្រកាន់បក្ខពួក និងយុវជនមួយចំនួន មិនទទួលបានព័ត៌មានអំពីការចុះឈ្មោះ។ យុវតីដដែលបន្តថា បញ្ហាទាំងនេះ នាងស្នើឲ្យ គ.ជ.ប រិះរកវិធីដោះស្រាយជូនយុវជនដែលជាពលរដ្ឋរស់នៅតាមបណ្ដាខេត្ត៖ «ខ្ញុំមានការបារម្ភ ប៉ុន្តែខ្ញុំសង្ឃឹមច្រើន ព្រោះម្ដាយខ្ញុំធ្វើការចុះឈ្មោះបោះឆ្នោតអ៊ីចឹង។ គាត់ថាមិនអីទេ ពេលជិតបោះឆ្នោតគេឲ្យអត្តសញ្ញាណប័ណ្ណហើយ មិនបាច់ភ័យទេ ។ មិត្តខ្ញុំក៏មានការបារម្ភដែរ។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល ដំឡើង ពេលវេលាចុះ ឈ្មោះ បោះឆ្នោត ១ខែឬ ២ខែទៀត»។
ការលើកឡើងនេះ បន្ទាប់ពីមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានប្រមូលយុវជនជួបប្រជុំគ្នាក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីប្រមូលពីបញ្ហារបស់ពួកគេទាក់ទងនឹងដំណើរការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី២២ កុម្ភៈ។ សិក្ខាសាលានេះ មានបំណងលើកទឹកចិត្តឲ្យយុវជន ទៅចូលរួមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតឲ្យបានច្រើនជាអតិបរមា និងបង្កឲ្យយុវជនមានឱកាសបង្កើត និងស្គាល់បណ្ដាញ ដើម្បីចូលរួមក្នុងសកម្មភាពនានាទាក់ទងកិច្ចការបោះឆ្នោត។
នាយកប្រតិបត្តិមជ្ឈមណ្ឌល ភី.ឌី.ភី លោក យង់ គិមអេង មានប្រសាសន៍ថា លោកទទួលស្គាល់នូវបញ្ហារបស់យុវជនដែលបានលើកឡើងនេះ។ លោកថា បញ្ហាទាំងអស់នេះ លោកនឹងធ្វើការផ្សព្វផ្សាយ ហើយនិងពិភាក្សាជាមួយ គ.ជ.ប ស្នើឲ្យដាក់បញ្ចូលទៅក្នុងដំណើរការប្រព្រឹត្តទៅនីតិវិធីចុះឈ្មោះ៖« យើងយកទៅជជែកជាមួយនឹង គ . ជ . ប ធ្វើម៉េចការផ្សព្វផ្សាយ និងការ ធ្វើការ របស់គាត់ គឺឲ្យទៅដល់យុវជននៅតាមភូមិ - ឃុំនៅឆ្ងាយ ។ យើងឃើញថា គ . ជ . ប កំពុងដំណើរការក្នុងការរៀបចំបទបញ្ជានីតិវិធីដែរ ។ យើងនៅតែមានឱកាសសម្រាប់ជជែកពិភាក្សាជាមួយគាត់ ដែរ »។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យ គ.ជ.ប លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប កំពុងពន្យារពេលរង់ចាំឧបករណ៍ចុះឈ្មោះបោះឆ្នោត ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប បញ្ជូនមកដល់កម្ពុជា។ លោកថា តាមគម្រោង គ.ជ.ប នឹងដំណើរការនីតិវិធីចុះឈ្មោះរយៈពេល ៣ខែ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០១៦។ លោកថា កង្វល់ទាំងអស់របស់យុវជន គ.ជ.ប បានគិតគូរជាមុនរួចអស់ទៅហើយ៖« តាមពិត ទោះបីជា គ . ជ . ប គ្រោងនឹងរៀបចំការចុះឈ្មោះបោះឆ្នោតផ្លូវការនៅទូទាំងប្រទេស ៣ខែក៏ដោយ ប៉ុន្តែរយៈពេល ២ខែ គឺសម្រាប់ប្ដឹងផ្ដល់ និងដោះស្រាយបណ្ដឹង ហើយ ១ ខែទៀត គឺជាការចេញនូវបញ្ជី បោះឆ្នោត បឋម។ បើសិនការចុះឈ្មោះមើលទៅឃើញថាពុំ ទាន់បាន តាមការគ្រោងទុកទេ គ . ជ . ប អាចនឹង ពន្យារពេល សរុបទៅ គ . ជ . ប មានពេលរហូតទៅដល់ ៦ខែ ទាំងដោះស្រាយបណ្ដឹង ទាំងចេញមុនពេល បោះឆ្នោត » ។
មជ្ឈមណ្ឌល ភី.ឌី.ភី និងរៀបចំសិក្ខាសាលាជាមួយយុវជនដូចគ្នានេះនៅខេត្តចំនួន ៩ ទៀត ដូចជា ខេត្តកណ្ដាល កំពង់ស្ពឺ ព្រៃវែង កំពង់ចាម សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តបាត់ដំបង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
