ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាំគ្នាស្វែងយល់ពីរបៀបចុះឈ្មោះបោះឆ្នោតថ្មី ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព នៅព្រឹកថ្ងៃទី២៥ ឧសភា។ វេទិកានេះមានគោលបំណងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ពិសេសយុវជន ឲ្យបានយល់ដឹង និងយកចិត្តទុកដាក់ជុំវិញបញ្ហាចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខ។
វេទិកាសាធារណៈក្រោមប្រធានបទ "ការចូលរួមរបស់យុវជនក្នុងការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យ" ត្រូវបានរៀបចំឡើងនៅសាលាឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។ វេទិកានេះ ដើម្បីណែនាំយុវជនឲ្យយកចិត្តទុកដាក់ចំពោះការចូលរួមបោះឆ្នោត ពិសេសការបំពេញបែបបទក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលនឹងប្រព្រឹត្តឡើងនៅខែកញ្ញា។
នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង មានប្រសាសន៍ថា មូលហេតុជ្រើសរើសឃុំត្រពាំងព្រះ ដើម្បីរៀបចំវេទិកាជួបជុំយុវជន និងប្រជាពលរដ្ឋ ពីព្រោះឃុំនេះជាឃុំធំជាងគេដែលមាន ២៤ភូមិ ហើយងាយស្រួលដល់យុវជននៅក្នុងស្រុកព្រៃឈរ និងយុវជនមកពីទីរួមខេត្ត ចូលរួមស្វែងយល់ផង។ លោកបន្តថា ការចូលរួមរបស់យុវជន គឺជារឿងសំខាន់ ពីព្រោះបច្ចុប្បន្ន សន្ទុះយុវជននៅក្នុងកិច្ចការសង្គម គឺមានកាន់តែខ្លាំង ពិសេសដើម្បីជំរុញឲ្យពួកគាត់ នាំគ្នាទៅចុះឈ្មោះបោះឆ្នោតថ្មី៖ « អ៊ីចឹងប្រសិនបើយុវជនបានចុះឈ្មោះកាន់តែច្រើន នឹងធ្វើឲ្យយុវជនហ្នឹងកាន់តែមានឱកាសការទាក់ទាញពីអ្នកនយោបាយ »។
វេទិកាដែលមានអ្នកចូលរួមប្រមាណ ៦០នាក់ ភាគច្រើនជាយុវជននាំគ្នាយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់វាគ្មិន ដោយផ្ដោតទៅលើសារសំខាន់នៃការចូលរួមរបស់ពួកគាត់ផ្ទាល់ ពិសេសលក្ខខណ្ឌដែលពួកគេអាចចុះឈ្មោះបោះឆ្នោតបាន។ វាគ្មិនចូលរួមវេទិកា មានមន្ត្រីមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរមូលដ្ឋាន ជាដើម។
យុវតីមកពីខេត្តកំពង់ចាម និងជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច កញ្ញា សាន សុគន្ធារី ឲ្យដឹងថា ការចូលរួមមួយព្រឹក គឺមានសារសំខាន់ណាស់ ដើម្បីស្វែងយល់ពីរបៀបចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗ។ កញ្ញាថា ចំណេះដឹងទាំងឡាយដែលទទួលបាន កញ្ញានឹងយកទៅផ្សព្វផ្សាយ ឬជំរុញឲ្យយុវជនផ្សេងទៀត នាំគ្នាយកចិត្តទុកដាក់ចំពោះបញ្ហានេះ៖ « ក្នុងនាមយើងជាយុវជន និងប្រជាពលរដ្ឋ យើងអាចមានសិទ្ធិជ្រើសរើសតំណាងរាស្ត្រដែលខ្លួនឯងស្រឡាញ់ »។
ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងព្រះ លោក យុន សារុន មានប្រសាសន៍ថា ដោយសារការចូលរួមរបស់យុវជន និងពលរដ្ឋក្នុងរឿងបោះឆ្នោតមានសារសំខាន់ អាជ្ញាធរនឹងផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅក្នុងឃុំទាំងអស់ ឲ្យនាំគ្នាទៅចុះឈ្មោះបោះឆ្នោតថ្មីកុំបីខាន៖ « ហើយសង្ឃឹមថាបងប្អូនយុវជន ប្រជាពលរដ្ឋ នឹងសហការជាមួយឃុំ និងផ្សព្វផ្សាយបន្ត »។
បញ្ជីចុះឈ្មោះបោះឆ្នោត គឺត្រូវរៀបចំថ្មីតែម្តង ពីព្រោះការចុះឈ្មោះបោះឆ្នោតឡើងវិញនេះ ទាមទារឲ្យមានស្នាមម្រាមដៃ ព្រមទាំងរូបថតផង។ តាមគម្រោងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតថ្មី គឺធ្វើឡើងចាប់ពីខែកញ្ញា ឆ្នាំ២០១៦ និងបញ្ចប់នៅខែមករា ឆ្នាំ២០១៧ ហើយប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង គឺមានចំនួនជាង ៩លាននាក់ (៩.៦០០.០០០នាក់)។
ប្រធាននាយកដ្ឋានប្រតិបត្តិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហ៊ឺ រ៉ុង មានប្រសាសន៍ថា នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតថ្មី គឺមានភាពស្មុគស្មាញ ទើបតម្រូវឲ្យពលរដ្ឋធ្លាប់បានចុះឈ្មោះបោះឆ្នោតរួចហើយក្តី ត្រូវនាំគ្នាមកចុះឈ្មោះឡើងវិញ។ លោកបន្តថា គ.ជ.ប បានរៀបចំក្រុមអ្នកចុះឈ្មោះជិត ២ពាន់ក្រុម (១.៦៣៣ក្រុម) ហើយត្រូវការប្រើប្រាស់កុំព្យូទ័រជាង ២ពាន់គ្រឿង (២.២៣៥គ្រឿង) និងមានមន្ត្រីប្រមាណ ៥ពាន់នាក់ ដើម្បីចូលរួមក្នុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មីនេះ៖ « ក្នុងការចុះឈ្មោះនេះ យើងទាមទារឲ្យយុវជនទាំងអស់ក្លាហានឡើង ដើម្បីចុះឈ្មោះ និងមួយទៀត ដើម្បីដាក់ពាក្យជាក្រុមមន្ត្រីចុះឈ្មោះបោះឆ្នោត »។
លោកបន្ថែមទៀតថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ពលរដ្ឋគ្រប់រូបត្រូវមានសញ្ជាតិខ្មែរ និងមានអាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត។ បន្ថែមពីនេះ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរឃុំ ឬសង្កាត់។ ចំណែកជនវិកលចរិត និងពិរុទ្ធជន ឬជនដែលស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ គឺពួកគេមិនអាចចុះឈ្មោះបោះឆ្នោតបានឡើយ។
លោក យង់ គិមអេង បញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយដល់យុវជនអំពីសកម្មភាពចូលរួមការបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តជាច្រើនផ្សេងទៀត រួមមានខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តព្រៃវែង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
