លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមានមោទនភាពចំពោះគោលនយោបាយដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចអភិវឌ្ឍប្រទេសមកដល់បច្ចុប្បន្ន។ លោកក៏បានលើកឡើងពីគុណសម្បត្តិរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ថាបានជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ក្រៅពីនេះ លោកក៏បានបញ្ជាក់ថា លោកមានសមត្ថភាពក្នុងការណែនាំមេដឹកនាំនៃបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោកផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកមានសមត្ថភាពបង្រៀនមេរៀនស្តីអំពីការផ្លាស់ប្ដូរសង្គម ទៅដល់មេដឹកនាំនៃបណ្ដាប្រទេសនានានៅលើពិភពលោក ដែលក្នុងនោះក៏រួមមានទាំងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៃសហរដ្ឋអាមេរិក ផងដែរ។ លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីជួបជុំពិសាភោជនាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមអ្នកឧកញ៉ា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥៖ «ថ្ងៃមុនខ្ញុំជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកមុន ពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើនអំពីអ្វីដែលហៅថាការផ្លាស់ប្ដូរ។ ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយអ្នកណា? ឯកឧត្តមកំពុងនិយាយជាមួយអ្នកណា? ឯកឧត្តមពិតជាកំពុងនិយាយជាមួយសាស្ត្រាចារ្យម្នាក់ដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតីប្រទេសឯកឧត្តម ឬនាយករដ្ឋមន្ត្រីប្រទេសផ្សេងលើបញ្ហាការផ្លាស់ប្ដូរ»។
ក្រៅពីការថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដែលបានចូលរួមជាវិភាគទានសម្រាប់ការអភិវឌ្ឍសង្គម លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាដឹងច្បាស់ពីខ្លឹមសារនៃពាក្យថា ការផ្លាស់ប្ដូរ បើមិនដូច្នេះទេ លោកនឹងមិនអាចគ្រប់គ្រងប្រទេសបានដល់ជាង ៣០ឆ្នាំនោះឡើយ៖ «ខ្ញុំត្រូវតែអរគុណចំពោះអ្នកទាំងអស់នៅទីនេះ ទាំងផ្នែករដ្ឋ និងវិស័យឯកជន ដែលគាំទ្រនូវនយោបាយ និងការដឹកនាំរបស់ខ្ញុំដែលមានការផ្លាស់ប្ដូរជាបន្តបន្ទាប់ និងគ្រប់គ្រងការផ្លាស់ប្ដូរបានតាមរយៈការបង្កើតឡើងនូវស្ថានភាពច្រើនបែបច្រើនយ៉ាង ដោយក្នុងនោះរាប់បញ្ចូលទាំងការផ្លាស់ប្ដូរពីសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះៗ»។
ទាក់ទងបញ្ហានេះ នាយកវេទិកាអនាគត លោក អ៊ូ វីរៈ បានចាត់ទុកថា ការលើកឡើងណាមួយដែលមានលក្ខណៈជាការអួតអាង មិនអាចផ្តល់ផលប្រយោជន៍ដល់សង្គមជាតិបានឡើយ។ លោកបញ្ជាក់ថា កម្ពុជា នៅតែជាប្រទេសដែលមានបញ្ហាប្រឈមជាច្រើន តួយ៉ាងបញ្ហាបក្ខពួកនិយម អំពើពុករលួយ និងការប្រកួតប្រជែងមិនស្មើភាព ជាពិសេសកម្ពុជា នៅតែត្រូវការជំនួយពីសហគមន៍អន្តរជាតិដដែល។ ដូចនេះ មេដឹកនាំកម្ពុជា មិនទាន់អាចក្លាយទៅជារដ្ឋបុរសដែលមេដឹកនាំដទៃអាចយកគំរូតាមបានឡើយ។ សម្រាប់ លោក អ៊ូ វីរៈ ការផ្លាស់ប្ដូរមេដឹកនាំមិនសំខាន់នោះឡើយសម្រាប់កម្ពុជា តែអ្វីដែលសំខាន់ គឺប្រព័ន្ធដឹកនាំរដ្ឋមួយដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ និងមានភាពស្មើគ្នាក្នុងការប្រកួតប្រជែង៖ «ផ្លាស់ប្ដូរហ្នឹង គឺផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រងរដ្ឋ គឺធ្វើយ៉ាងម៉េចឲ្យមានប្រជាធិបតេយ្យពិតប្រាកដ និងសេដ្ឋកិច្ចទីផ្សារសេរីពិតប្រាកដ។ ប្រជាធិបតេយ្យពិតប្រាកដអាស្រ័យទៅលើការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌ មានការចូលរួមពីប្រជាពលរដ្ឋដោយសកម្មទាក់ទងរឿងចំណេះដឹងទូទៅរបស់ប្រជាពលរដ្ឋ ទាក់ទងរឿងគណបក្សប្រឆាំងដែលមានប្រសិទ្ធភាព គឺវាពាក់ព័ន្ធច្រើន»។
កាលពីខែមករា កន្លងទៅ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយរបាយការណ៍មួយស្តីអំពីការកាន់អំណាចរបស់ លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំនៅកម្ពុជា។ របាយការណ៍កម្រាស់ ៧៣ទំព័រ បានលើកឡើងចំណុចជាច្រើនពាក់ព័ន្ធដល់ការប្រើប្រាស់អំណាចរបស់ លោក ហ៊ុន សែន ដើម្បីរក្សាតំណែងចាប់តាំងពីពេលលោកបានកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៨៥។
របាយការណ៍បញ្ជាក់ទៀតថា នៅក្នុងផ្នែកខ្លះ លោក ហ៊ុន សែន បានបង្ហាញឲ្យឃើញថា លោកបានខិតខំប្រឹងប្រែងក្នុងឋានៈជាអ្នកដឹកនាំវ័យក្មេង ក្នុងការនាំប្រទេសត្រឡប់ទៅឆាកអន្តរជាតិ និងបានសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីឆ្នាំ១៩៩១។ ប៉ុន្តែក្នុងស្ថានភាពពិត គឺផ្ទុយគ្នាទៅវិញទេ ត្បិតក្នុងតួនាទីជានាយករដ្ឋមន្ត្រី ជំនួសឲ្យការប្រើប្រាស់តួនាទីដើម្បីកែលំអវិស័យសុខាភិបាល ការអប់រំ និងបទដ្ឋានរស់នៅរបស់ពលរដ្ឋ លោក ហ៊ុន សែន បានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរទៅវិញ រួមមានអំពើកាប់សម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួន ត្រួតត្រា រារាំងសេរីភាពសមាគម ការជួបប្រជុំ និងការបង្កើតបណ្ដាញស៊ើបការរាយការណ៍នៅពេញប្រទេស ក្នុងគោលបំណងបំភិតបំភ័យបំភ័ន្តសាធារណៈមតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
