លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ចុះឈ្មោះចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា ឆ្នាំ២០១៨។ ចំណែកបក្សប្រឆាំង និងសង្គមស៊ីវិល បារម្ភពីបញ្ហាមួយចំនួនដែលអាចកើតឡើងនៅក្នុងពេលចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងពេលបោះឆ្នោត ដោយសារវាចំរដូវធ្លាក់ភ្លៀង ហើយស្របពេលដែលការធ្វើ និងការផ្ដល់អត្តសញ្ញាណប័ណ្ណនៅតែជាបញ្ហានៅឡើយ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៥ ខែឧសភា លោក ហ៊ុន សែន បញ្ជាក់ថា ការប្រកាសកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅពេលនេះ គឺដើម្បីសម្រួលឲ្យភាគីពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរ ត្រៀមលក្ខណៈរៀបចំការបោះឆ្នោត និងធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសល់ជាង ២លាននាក់ទៀត ដើម្បីកុំឲ្យពើបប្រទះការចោទប្រកាន់ដូចពេលកន្លងមក ពីរឿងបាត់ឈ្មោះអ្នកបោះឆ្នោត៖ « អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ខិតខំស្វះស្វែងដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ហើយពេលបានអត្តសញ្ញាណប័ណ្ណហើយ ត្រូវទៅចុះឈ្មោះដើម្បីទទួលបានសិទ្ធិបោះឆ្នោត។ បើយើងមិនទៅចុះឈ្មោះបោះឆ្នោតទេ សូមកុំបន្ទោសគណៈកម្មាធិការបោះឆ្នោត ព្រោះសូម្បីតែយើងម្នាក់ មិនទាន់ចេះប្រើសិទ្ធិខ្លួនឯងផង ហើយទៅបន្ទោសគណៈកម្មាធិការបោះឆ្នោតយ៉ាងម៉េច »។
ក្រោយពីរដ្ឋាភិបាលកំណត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងធ្វើនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ នោះ គ.ជ.ប ថ្មី អះអាងថា នឹងចាប់ផ្ដើមចុះឈ្មោះអ្នកបោះឆ្នោតនៅដើមខែកញ្ញា ខាងមុខ នៅពេលដែលទទួលបានសម្ភារៈសម្រាប់ការចុះបញ្ជីបោះឆ្នោតនៅពាក់កណ្ដាលខែកក្កដា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងនឹងខិតខំធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណឲ្យទាន់តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ។
ទោះបីជាយ៉ាងណាក៏ដោយចុះ គណបក្សប្រឆាំង និងអង្គការធ្វើការងារផ្នែកបោះឆ្នោត នៅតែមើលឃើញថា ការធ្វើ និងការផ្តល់អត្តសញ្ញាណប័ណ្ណនៅតែមានភាពយឺតយ៉ាវ និងមានភាពមិនប្រក្រតី។
ជុំវិញការកំណត់ពេលវេលានៃការបោះឆ្នោតវិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អំពាវនាវឲ្យពលរដ្ឋ និងយុវជនត្រៀមខ្លួនចូលរួមការបោះឆ្នោតតាមការប្រកាសរបស់រដ្ឋាភិបាល។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងរកពេលប្រើវប្បធម៌សន្ទនាជាមួយគណបក្សកាន់អំណាច ដើម្បីឲ្យបរិយាកាសនយោបាយល្អប្រសើរ៖ « យើងនឹងស្វះស្វែងស្ទាបស្ទង់រកមធ្យោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តវប្បធម៌សន្ទនា ហើយធ្វើយ៉ាងម៉េចឲ្យបរិយាកាសនយោបាយឲ្យបង្កលក្ខណៈងាយស្រួលល្អប្រសើរ ដើម្បីឈានទៅរកការបោះឆ្នោតប្រកួតប្រជែងឆ្នាំ២០១៧ ខាងមុខ »។
រីឯនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិកហ្វិច (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា ការកំណត់យកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សម្រាប់បោះឆ្នោតឃុំ-សង្កាត់ និងការកំណត់យកថ្ងៃអាទិត្យ សប្ដាហ៍ទី៤ ក្នុងខែកក្កដា ឆ្នាំ២០១៨ សម្រាប់ការបោះឆ្នោតជាតិនេះ គឺចំរដូវវស្សា។ ដូច្នេះ នាំឲ្យមានការលំបាកច្រើនសម្រាប់ប្រជាពលរដ្ឋ គណបក្សនយោបាយ និងមន្ត្រី គ.ជ.ប ផងដែរ៖ « បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ គួរតែធ្វើក្នុងខែពីរខែបី ល្អមែនទែន អំណោយផលមែនទែន ការងារប្រកាសលទ្ធផលបោះឆ្នោតអី វាស្រួល ព្រោះអត់មានភ្លៀង ហើយប្រជាពលរដ្ឋក៏មិនសូវរវល់ជាមួយស្រែចម្ការដែរ »។
កន្លងទៅ គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានជួបជជែកពីគម្រោងរំកិលពេលវេលានៃការបោះឆ្នោត ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មកធ្វើនៅខែកុម្ភៈ ដើមឆ្នាំវិញ។ ទោះបីជាយ៉ាងណា នៅទីបំផុត លោក ហ៊ុន សែន ប្រកាសនៅពេលនេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅតែធ្វើនៅក្នុងខែកក្កដា ដដែល។
លោក សំ គន្ធាមី កត់សម្គាល់ថា ដើម្បីឲ្យការបោះឆ្នោតមានសុចរិតភាព ត្រឹមត្រូវ និងយុត្តិធម៌នោះ រដ្ឋាភិបាលត្រូវតែសហការជាមួយស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីស្ដារបរិយាកាសនយោបាយឲ្យប្រសើរឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
