លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញធ្វើកំណែទម្រង់បើកប្រាក់ខែឲ្យមន្ត្រីរាជការឲ្យបានមុនបំណាច់ខែ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ទៅលើការផ្ដល់សេវាសាធារណៈពីមន្ត្រីរាជការ ដល់ប្រជាពលរដ្ឋ ថានៅមានភាពយឺតយ៉ាវ និងខ្វះឆន្ទៈ។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាល បានបង្ហាញពីមូលហេតុដែលនាំអោយយឺតយ៉ាវផ្ដល់សេវាសាធារណៈជូនពលរដ្ឋនេះ។
មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំង បានរិះគន់ថា បញ្ហាដែលកើតមានក្នុងការផ្ដល់សេវាសាធារណៈរបស់រដ្ឋ ដោយសារមន្ត្រីរាជការមិនគោរពតាមគោលការណ៍វិមជ្ឈការ និងមន្ត្រីផ្ដោតលើបញ្ហាថវិកាជាធំ។
អ្នកសម្របសម្រួលកម្ពុជា នៃបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានមតិថា មានកត្តាសំខាន់ពីរដែលពលរដ្ឋទទួលបានសេវាសាធារណៈយឺត គឺការព្រងើយកន្តើយពីអ្នកផ្ដល់សេវា និងបញ្ហាទារប្រាក់ក្រៅផ្លូវការលើសកំណត់នៅក្នុងតារាង។
«សំឡេង»
ទាក់ទងបញ្ហានេះ អនុប្រធានគណៈកម្មាធិការវិន័យ និងជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា មានចំណុចសំខាន់មួយទៀត គឺការខ្វះការអនុវត្តច្បាប់វិមជ្ឈការ ដែលមន្ត្រីថ្នាក់ក្រោមមិនអាចធ្វើសេចក្ដីសម្រេចចិត្តណាមួយបាន គឺត្រូវតែឆ្លងថ្នាក់លើ ដែលឃើញថា ការអនុវត្តភាគច្រើន គឺជាចាត់តាំង។
«សំឡេង»
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់លោក ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនពលរដ្ឋ។
«សំឡេង»
ស្របពេលនឹងការជំរុញឲ្យមន្ត្រីរាជការផ្ដោតការយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនពលរដ្ឋនោះ លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត និងថាចុះហត្ថលេខាលើសារាចរណែនាំមួយ ទាក់ទិននឹងប្រាក់ខែរបស់នគរបាល កងកម្លាំងប្រដាប់អាវុធ ទាហានកងយោធពលខេមរភូមិន្ទ ឲ្យទទួលបានប្រាក់ខែទាន់ពេលវេលា។ លោកបានជំរុញទៅក្រសួងសេដ្ឋកិច្ច ជាក្រសួងសាមី ថាមន្ត្រីរាជការត្រូវតែទទួលបានប្រាក់ខែឲ្យបានមុនបំណាច់ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
