លោក ហ៊ុន សែន ស្នើ​ឲ្យ​បញ្ចប់​វប្បធម៌​អន្តរាគមន៍​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ

ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រឆាំង គួរ​បញ្ចប់​វប្បធម៌​អន្តរាគមន៍ ដើម្បី​ឲ្យ​បុគ្គល​មួយ​ចំនួន​មាន​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​ជាង​នេះ​ទៅ​ទៀត លោក​មិន​ចង់​ឲ្យ​អ្នក​ប្រព្រឹត្ត​ខុស អាច​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ ដោយសារ​តែ​មាន​កិច្ច​អន្តរាគមន៍​នោះ​ទេ។

0:00 / 0:00

បញ្ហា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង លើក​ឡើង​ថា សារ​របស់​លោក ហ៊ុន សែន ដែល​ភ្ជាប់​បក្ស​ប្រឆាំង​ក្នុង​កិច្ចការ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ដើម្បី​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ចំពោះ​ការ​ជឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ ស្រប​ពេល​ដែល​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​សកល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​វប្បធម៌​នៃ​កិច្ច​អន្តរាគមន៍​ជួយ​មន្ត្រី​ថ្នាក់​ក្រោម​បង្គាប់ ដើម្បី​មុខ​មាត់ តួនាទី នៅ​ក្នុង​សង្គម និង​ដើម្បី​គេច​ចេញ​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ ថា​គឺ​ជា​ទម្លាប់​មិន​គួរ​ឲ្យ​កើត​មាន​ទៀត​នោះ​ទេ ហើយ​គេ​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ជាង​វៃ​អែប​ស៊ី​អប។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៧ មីនា ថា លោក​មិន​គាំទ្រ​ឡើយ​ចំពោះ​វប្បធម៌​អន្តរាគមន៍​នេះ។ លោក​បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នេះ​ពុំ​មែន​កើត​មាន​ទៅ​លើ​តែ​មន្ត្រី​ក្នុង​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ ក៏​កំពុង​កើត​ឡើង​ទៅ​លើ​ទាំង​មន្ត្រី​ក្នុង​គណបក្ស​មិន​ទាន់​បាន​កាន់​អំណាច​ថែម​ទៀត។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «ប្រធាន​មន្ទីរ​សាធារណការ​មិន​ចូល​និវត្ត។ ម៉ៅ មុនីវណ្ណ ដែល​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី ឥឡូវ​ទៅ​ធ្វើ​អនុប្រធាន​គណបក្ស សិទ្ធិ​មនុស្ស កាន់​មក​ថា សុំ​ឲ្យ​សម្ដេច​ជួយ​ឲ្យ​បងប្អូន​ខ្ញុំ​ម្នាក់​នៅ​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឥឡូវ​នេះ​ទៅ​ធ្វើ​ប្រធាន​មន្ទីរ​សាធារណការ​ក្រុង​ភ្នំពេញ។ ហ្នឹង ក្នុង​បក្ស​ប្រឆាំង គេ​ជា​បក្ស​ប្រឆាំង ប៉ុន្តែ​គេ​ចូល​បក្ស​យើង​អ៊ីចេះ ហើយ​យើង​ឲ្យ​ជួប​ពេល​ហ្នឹង​រៀបចំ​ឲ្យ​ទៅ​ធ្វើ​ណោះ។ ហើយ​ទៅ​ណោះ​ទៀត ទិញ​តំណែង​បាន​ធ្វើ​អនុប្រធាន​បក្ស សិទ្ធិ​មនុស្ស ទិញ​តំណែង ឡាន របស់​ប្រធាន​ជិះ​ហ្នឹង លុយ​ខ្ញុំ​តើ។ អ៊ីចឹង​បាន​ថា អា​ហ្នឹង​មែន​ថា​កុំ​ថា​ក្នុង​គណបក្ស​ក្នុង​ពួក​អ្នក​កាន់​រដ្ឋបាល សូម្បី​តែ​បក្ស​មិន​ទាន់​បាន​កាន់​ក៏​មាន​រឿង​នេះ​ដែរ»

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ហៅ​សារ​របស់​លោក ហ៊ុន សែន នេះ​ថា​ជា​យុទ្ធនាការ​វាយ​ប្រហារ​ដៃគូ​ប្រកួត​ប្រជែង​របស់​ខ្លួន គឺ​គណបក្ស​ប្រឆាំង ដើម្បី​កេង​ចំណេញ​នយោបាយ​នៅ​គ្រា​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​សកល​នៅ​សល់​ប្រហែល ៥​ខែ​ទៀត ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ចាម និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​គណបក្ស សិទ្ធិ​មនុស្ស ដែល​ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ជា​អ្នក​ដែល​ធ្លាប់​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​លោក​នោះ បាន​ថ្លែង​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង​នេះ គឺ​ជា​ការ​លាប​ពណ៌​ដើម្បី​បំបែក​សំឡេង​អ្នក​ប្រជាធិបតេយ្យ និង​ការ​ជឿ​ទុក​ចិត្ត​ក្នុង​បក្ស​ប៉ុណ្ណោះ។

លោក ម៉ៅ មុនីវណ្ណ មាន​ជំនឿ​ថា បើ​ទោះ​ជា​លោក ហ៊ុន សែន ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​បញ្ចប់​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដោយ​មធ្យោបាយ​នេះ​ក៏ដោយ គឺ​ពុំ​មាន​ហេតុផល​ណា​មួយ​ទៅ​រួច​ទៀត​នោះ​ឡើយ៖ «ជា​វប្បធម៌​ដដែលៗ​តាំង​ពី​ដើម​រហូត​មក​ទល់​ពេល​នេះ ហើយ​អស់​លោក​ឃើញ​ហើយ រឿង​រលក​នយោបាយ ជិត​ដល់​ពេល​បោះឆ្នោត គេ​តែង​តែ​រក​គ្រប់​មធ្យោបាយ​ដើម្បី​ញុះញង់​ធ្វើ​យ៉ាង​ណា អ្នក​ប្រជាធិបតេយ្យ​បែក​បាក់​គ្នា​ប៉ុណ្ណឹង​ឯង​បាទ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា នេះ​ជា​ទម្លាប់​របស់​អ្នក​នយោបាយ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កម្មវិធី​នយោបាយ​បក្ស​ដទៃ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង ចុះ​ខ្សោយ​ជាង​គោល​នយោបាយ​របស់​ខ្លួន៖ «ចេះ​តែ​មាន​អា​ដែង​ព័ត៌មាន ឬ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា​អ្នក​នេះ​ជា​ចារ​បុរស​របស់​គណបក្ស​នេះ នៅ​ក្នុង​ជួរ​គណបក្ស​នោះ​ទៅ​អ៊ីចឹង​បាទ​អ៊ីចេះ។ អា​ហ្នឹង ឮ​ជា​រឿយៗ​បាទ ដូច្នេះ​គឺ​អា​នេះ​គឺ​ជា​ការ​យក​ផល​ប្រយោជន៍​នយោបាយ និង​ការ​បង្ក​នូវ​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ជួរ​បក្ស​ដែល​ពាក់ព័ន្ធ​នឹង​បាទ»

មជ្ឈដ្ឋាន​នានា​កត់​សម្គាល់​ថា សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ពុំ​មាន​ឥទ្ធិពល ឬ​ប្រសិទ្ធភាព​ទៅ​លើ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​បង្គាប់​នោះ​ទេ ដូច​ជា​កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​ធ្លាប់​ព្រមាន​លប់​បំបាត់​ឡាន​ពាក់​ស្លាក​លេខ ខ.ម ឬ ន.ប តែ​ករណី​នេះ​នៅ​តែ​កើត​មាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។