តំណាង​អយ្យការ​បញ្ជូន​អង្គរក្ស​លោក សួន សេរីរដ្ឋា ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ សម្រេច​បញ្ជូន​អង្គរក្ស​របស់​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ទី​១៥ សីហា ដោយ​អះអាង​ថា ក្រោយ​ពី​ធ្វើ​តេស្ដ​ទឹក​នោម ឃើញ​មាន​សារធាតុ​ញៀន។

ការ​សម្រេច​បញ្ជូន​ខ្លួន​អង្គរក្ស​របស់​លោក សួន សេរីរដ្ឋា ឈ្មោះ ម៉ុម សួង ដែល​ជា​អណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​នៅ​ខណ្ឌ​សែនសុខ នោះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សៀង សុខ បញ្ចប់​ការ​សាកសួរ​ពី​ដំណើរ​រឿង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់ និង​ធ្វើ​តេស្ដ​ទឹក​នោម​មាន​សារធាតុ​ញៀន។ ព្រះរាជអាជ្ញា​រង លោក សៀង សុខ រក​មិន​ឃើញ​បទ​ចោទ​ណា​មួយ​ដែល​ថា ជន​សង្ស័យ​ឈ្មោះ ម៉ុម សួង មាន​លាក់​ទុក​អាវុធ​ខុស​ច្បាប់​នោះ​ទេ ព្រោះ​នោះ​ជា​កាំភ្លើង​ជ័រ ប៉ុន្តែ​អះអាង​ថា​ឃើញ​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹក​នោម​វិញ។

កាល​ពី​ថ្ងៃ​ទី​១៥ សីហា ខណៈ​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ លើ​រឿង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ជា​ក្រុម​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចោទ​ថា​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ លោក ម៉ុម សួង ក៏​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សាកសួរ​លើ​រឿង​លាក់​ទុក​អាវុធ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។