ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ សម្រេចបញ្ជូនអង្គរក្សរបស់អតីតប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនកាលពីថ្ងៃទី១៥ សីហា ដោយអះអាងថា ក្រោយពីធ្វើតេស្ដទឹកនោម ឃើញមានសារធាតុញៀន។
ការសម្រេចបញ្ជូនខ្លួនអង្គរក្សរបស់លោក សួន សេរីរដ្ឋា ឈ្មោះ ម៉ុម សួង ដែលជាអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ទៅមណ្ឌលបន្សាបគ្រឿងញៀននៅខណ្ឌសែនសុខ នោះ ធ្វើឡើងបន្ទាប់ពីលោក សៀង សុខ បញ្ចប់ការសាកសួរពីដំណើររឿងរក្សាទុកអាវុធខុសច្បាប់ និងធ្វើតេស្ដទឹកនោមមានសារធាតុញៀន។ ព្រះរាជអាជ្ញារង លោក សៀង សុខ រកមិនឃើញបទចោទណាមួយដែលថា ជនសង្ស័យឈ្មោះ ម៉ុម សួង មានលាក់ទុកអាវុធខុសច្បាប់នោះទេ ព្រោះនោះជាកាំភ្លើងជ័រ ប៉ុន្តែអះអាងថាឃើញមានសារធាតុញៀននៅក្នុងទឹកនោមវិញ។
កាលពីថ្ងៃទី១៥ សីហា ខណៈសមត្ថកិច្ចចុះឆែកឆេរទីស្នាក់ការគណបក្សអំណាចខ្មែរ លើរឿងមានជាប់ពាក់ព័ន្ធនឹងរណសិរ្សរំដោះជាតិខ្មែរ ជាក្រុមដែលអាជ្ញាធរក្រុងភ្នំពេញចោទថាមានបំណងផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន នោះ លោក ម៉ុម សួង ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកតុលាការក្រុងភ្នំពេញ ដើម្បីឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សាកសួរលើរឿងលាក់ទុកអាវុធខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
