សាលា​ក្រុង​ចេញ​លិខិត​រារាំង​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃ​របស់​បក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ប្រមាណ ៣​លាន​នាក់ យក​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​ព្យួរ​សមាជិក​ភាព​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ។ ការ​ធ្វើ​ដូច្នេះ នៅ​គ្រា​ដែល​កម្ពុជា កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ បាន​ជំទាស់​ចំពោះ​ការ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃ​របស់​គណបក្ស​នេះ។

0:00 / 0:00

សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​ប្រឆាំង​នឹង​សកម្មភាព​ប្រមូល​ស្នាម​មេ​ដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថា​មិន​បាន​សុំ​ការ​អនុញ្ញាត​ជា​មុន។

នាយក​ទីចាត់ការ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ថា ការ​ប្រមូល​ស្នាម​មេ​ដៃ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​តាម​ផ្សារ​ទី​សាធារណៈ និង​គេហដ្ឋាន​នោះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ រំខាន​ដល់​ការ​ប្រកប​អាជីវកម្ម ព្រម​ទាំង​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ពលរដ្ឋ បាត់​បង់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ជាង​នេះ​ទៅ​ទៀត គណបក្ស​នេះ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ។

លោក ឡុង ឌីម៉ង់៖ «គាត់​អាច​ធ្វើ​បាន​ប្រមូល​បាន គឺ​គាត់​ប្រមូល​តែ​គ្នា​គាត់​តាម​ស្នាក់​ការ​បក្ស​តាម​អី​ទៅ វា​ត្រឹមត្រូវ​ជាង មិន​អាច​ឲ្យ​គាត់​ធ្វើ​ការ​ប្រមូល​តាម​ទី​សាធារណៈ ដែល​គាត់​អត់​បាន​សុំ​ច្បាប់​អ៊ីចឹង​ទេ តាម​បណ្ដា​ផ្សារ​អី​ហ្នឹង​ណា អា​ហ្នឹង​គឺ​យើង​មិន​អាច​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​បាន​ទេ។ កុំ​ថា​ឡើយ​តែ​គណបក្ស​នយោបាយ សូម្បី​តែ​ក្រុមហ៊ុន​ឯកជន​នានា ដែល​ចង់​ធ្វើ​ការ​ចែក​លិខិត​ប័ណ្ណ ឬ​ចង់​ធ្វើ​អ្វី​នៅ​តាម​ទី​សាធារណៈ នៅ​តាម​ផ្សារ​នៅ​តាម​អី​ហ្នឹង គឺ​ត្រូវ​តែ​សុំ​ច្បាប់​តាម​អាជ្ញាធរ​ជា​មុន​សិន​ដែរ»

ក្រោយ​ចេញ​លិខិត​ពី​សាលា​រាជធានី​ភ្នំពេញ​មួយ​ថ្ងៃ នៅ​ឯ​ផ្សារ​ច្បារ​អំពៅ មាន​សេចក្ដី​រាយការណ៍​មក​ថា អាជ្ញាធរ​ផ្សារ​នេះ​បាន​ប្រើ​កម្លាំង​សន្តិសុខ​ផ្សារ ដើរ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​ដែល​មន្ត្រី​គណបក្ស​នេះ​ដើរ​ប្រមូល​ស្នាម​មេ​ដៃ​គាំទ្រ​ពី​អាជីវករ​ផ្សារ​នោះ។

អាជីវករ​ខ្លះ​បាន​ហៅ​ទង្វើ​របស់​សន្តិសុខ ក្រោម​ការ​បញ្ជា​ពី​អាជ្ញាធរ​ផ្សារ ថា​ជា​ការ​បំភិតបំភ័យ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ៖ «អាជីវករ​គេ​ស្ម័គ្រចិត្ត​ទេ អត់​មាន​នរណា​គេ​បង្ខំ​ទេ។ ប៉ុន្តែ​ខាង​សន្តិសុខ​ផ្សារ​ហ្នឹង​ដូច​ថា​គេ​តាម​ដាន​យើង​អ៊ីចឹង​ណា។ បារម្ភ​ដែរ បើ​សិន​ជា​យើង​និយាយ​ខ្លាំង គេ​អាច​ធ្វើ​បាប​យើង​ដែរ។ ហេតុ​អ្វី​បាន​បង​សម្រេច​ចិត្ត​ផ្ដិត​មេ​ដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ? ព្រោះ​ខ្ញុំ​ចង់​ប្ដូរ​មេ​ដឹក​នាំ។ ខ្ញុំ​អត់​បាន​ផ្ដិត ឥឡូវ​ខ្ញុំ​ឈរ​ចាំ​ផ្ដិត​ទាល់​តែ​បាន ខ្ញុំ​អត់​ខ្លាច​ទេ​បង ទោះ​បី​ជា​អត់​កន្លែង​លក់​ក៏​ខ្ញុំ​នៅ​តែ​ប្ដឹង​តស៊ូ​ដែរ បើ​គេ​ដឹង គេ​អត់​ឲ្យ​ខ្ញុំ​លក់​ទេ​ណា ប៉ុន្តែ​ខ្ញុំ​ខំ​ប្រឹង​តស៊ូ​ឡើង ព្រោះ​អី​ខ្ញុំ​កូន​ខ្មែរ»

ឆ្លើយ​តប​ទៅ​នឹង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​ថា ការ​ចេញ​លិខិត​នេះ គឺ​ជា​ការ​រារាំង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។ លោក​ថា គណបក្ស​ប្រមូល​ស្នាម​មេ​ដៃ​នេះ មាន​គោល​បំណង​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទាំងអស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា ឡើង​វិញ នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ ដែល​មិន​ទទួល​បាន​យុត្តិធម៌​ចំពោះ​លទ្ធផល​ឆ្នោត។

លោក កឹម សុខា៖ «កាល​មុន​ថា​យើង​ហែ​បាតុកម្ម ថា​យើង​ប៉ះពាល់​សណ្ដាប់​ធ្នាប់​ផ្លូវ ឥឡូវ​គ្រាន់​តែ​ទៅ​ផ្ដិត​មេ​ដៃ​តាម​ផ្ទះ វា​មាន​ប៉ះពាល់​អី វា​អត់​មាន​ប៉ះពាល់​អី​សោះ។ ឥឡូវ​សួរ​សំណួរ​ថា ចុះ​មាន​ក្រុមហ៊ុន​ខ្លះ​ដើរ​ចែក​ពាណិជ្ជកម្ម​អី​ផ្សព្វផ្សាយ​តាម​ផ្ទះ​តាម​អី ម៉េច​គេ​ដើរ​ហុច​ដើរ​ចែក​បាន? ហើយ​ម៉េច​ក៏​គណបក្ស ប្រជាពលរដ្ឋ​សម្ដែង​មតិ​តាម​រយៈ​ផ្ដិត​មេ​ដៃ ម៉េច​ក៏​ចោទ​ថា​ប៉ះពាល់? ហ្នឹង​ហើយ​គឺ​ជា​សារធាតុ​យក​លេស ដើម្បី​បិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ​មក​ដល់​ពេល​នេះ​ហើយ​អត់​ថយ​ក្រោយ​ទេ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​មតិ​ថា ការ​ចេញ​លិខិត​រារាំង​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ជា​មុន​សិន​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​ជា​ការ​បំពាន​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ​សម្ដែង​មតិ​របស់​ពលរដ្ឋ។ លោក​ថា តាម​ពិត នេះ​ជា​មធ្យោបាយ និង​ជា​ជម្រើស​មួយ​ល្អ គឺ​ជា​វិធី​បញ្ចេញ​មតិ​ដែល​ជៀសវាង​បាន​នូវ​ការ​បង្ក​អស្ថិរភាព​សង្គម ដែល​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​តឹង​ទ្រូង​ពេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។