តុលាការ​ភ្នំពេញ​ច្រាន​ចោល​បណ្ដឹង​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​ប្ដឹង​មន្ត្រី គ.ជ.ប

គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​បដិសេធ​មិន​ទទួល​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

0:00 / 0:00

ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​នីតិវិធី​ច្បាប់ ប៉ុន្តែ​បញ្ហា​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ពីព្រោះ​តុលាការ​តែង​តែ​ច្រាន​ចោល​ចំពោះ​ពាក្យ​បណ្ដឹង​ណា​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​នយោបាយ​នោះ ឬ​បុគ្គល​ដែល​មាន​អំណាច​ក្នុង​សង្គម​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​មិន​ទទួល​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ពី​សំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ គឺ​ខុស​ទៅ​នឹង​នីតិវិធី និង​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ឯករាជ្យ​ភាព​របស់​តុលាការ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ប្ដឹង លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និង លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ គ.ជ.ប ពី​បទ​ក្លែង​បន្លំ​ចំនួន ៤​ករណី​ធំៗ។ ក្នុង​នោះ​រួម​មាន ការ​ក្លែង​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត លួច​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បន្ថែម លួច​កែ​ឈ្មោះ កែ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត កែ​ភេទ​អ្នក​បោះ​ឆ្នោត និង​លួច​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ មាន​ដូច​ជា លិខិត​បញ្ជាក់​អត្តសញ្ញាណ បន្លំ​ឲ្យ​មាន​អ្នក​បោះ​ឆ្នោត​ជំនួស និង​ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ ក្លែង​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ការ​រំលោភ​ច្បាប់ បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៤ កញ្ញា ថា ការ​មិន​ទទួល​ពាក្យ​បណ្ដឹង​របស់​គណបក្ស​លោក​នេះ បង្ហាញ​ថា ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន​តុលាការ។ លោក​បន្ត​ថា នេះ​ជា​ករណី​ចម្លែក ពីព្រោះ​តុលាការ​ជា​ស្ថាប័ន​មួយ​មាន​តួនាទី​ទទួល​ពាក្យ​បណ្ដឹង ហើយ​រក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅ​ពេល​មាន​ពាក្យ​បណ្ដឹង បែរ​ជា​តុលាការ​មិន​ទទួល​យក​ទៅ​ពិនិត្យ​សិក្សា​ស្រាវជ្រាវ​រក​ខុស​ត្រូវ​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​មន្ត្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​ពន្យល់​អំពី​រឿង​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា ប៉ុន្តែ ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ ដែល​ជា​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី១៣ កញ្ញា ជម្រាប​ជូន​ដើម​បណ្ដឹង​វិញ​ថា ក្រោយ​ពី​បាន​ពិនិត្យ និង​ពិចារណា​លើ​ខ្លឹមសារ​នៃ​ពាក្យ​បណ្ដឹង​នោះ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា ករណី​ចោទ​ប្រកាន់​នោះ​មិន​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​នៃ​នីតិវិធី​រួម​ទេ។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​បណ្ដឹង​ទាក់ទង​នៃ​ការ​បោះ​ឆ្នោត​ទេ គឺ​វា​ទាក់ទង​នឹង​បណ្ដឹង​ព្រហ្មទណ្ឌ។

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់ និង​ដើម្បី​ការពារ​សិទ្ធិ​នៅ​កម្ពុជា និង​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា ការ​ដែល​តុលាការ​មិន​ទទួល​ពាក្យ​បណ្ដឹង​ទៅ​ពិនិត្យ និង​សិក្សា​ស្រាវជ្រាវ​រក​ដើម​ហេតុ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​នីតិវិធី​ច្បាប់។

តែ​ទោះ​យ៉ាង​ណា លោក​ថា បញ្ហា​បែប​នេះ​វា​ជា​រឿង​សាមញ្ញ​ទៅ​ហើយ​សម្រាប់​តុលាការ​កម្ពុជា ព្រោះ​លោក​តែង​តែ​កត់​សម្គាល់​ឃើញ​ថា តុលាការ​តែង​តែ​ច្រាន​ចោល​ចំពោះ​ពាក្យ​បណ្ដឹង​ណា​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​នយោបាយ ឬ​បុគ្គល​ណា​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​សង្គម​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទៅ​ពិភាក្សា​ជាមួយ​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់ ដើម្បី​ស្វែង​រក​នីតិវិធី​ប្ដឹង​តាម​ផ្លូវ​ច្បាប់ មន្ត្រី​ជាន់​ខ្ពស់​នៃ គ.ជ.ប ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ​ជា​បន្ត​ទៀត។

ជុំវិញ​ករណី​នេះ​ដែរ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ដូច​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នោះ​មែន លោក អ៊ឹម សួស្តី លោក ទេព នីថា និង លោក ហ៊ឺ រ៉ុង ជា​ចុង​ចោទ​អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ​ទៅ ១០​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន​រៀល​ទៅ ១០​លាន​រៀល​ក្នុង​ម្នាក់ៗ ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។