ពលរដ្ឋហែក្បួនដាក់ញត្តិក្នុងថ្ងៃខួបទី២៣នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
2014.10.23
ប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ ដង្ហែក្បួនដាក់ញត្តិនៅតាមស្ថាប័នរដ្ឋ និងបណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ដែលកិច្ចព្រមព្រៀងនោះ គឺដើម្បីស្តាឡើងវិញនូវសន្តិភាពសម្រាប់ប្រទេសកម្ពុជា។
ក្បួនដង្ហែបានចាប់ផ្ដើមចេញពីមុខស្ថានទូតបារាំង ជាទីដែលប្រជាពលរដ្ឋ សិស្ស និស្សិត និងព្រះសង្ឃផង បានប្រមូលផ្ដុំគ្នាមុនគេតាំងពីព្រឹកព្រលឹម មុននឹងបន្តដំណើរដោយថ្មើរជើងមកបញ្ចប់នៅស្ថានទូតចិន ចុងក្រោយគេ នៅថ្ងៃទី២៣ តុលា។
ក្នុងដំណើរនៃការដាក់ញត្តិក្នុងថ្ងៃនៃគម្រប់ខួបលើក២៣ ដែលជាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយដែលមិនមែនកាន់អំណាច តែងចាត់ទុកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលមានប្រទេសចំនួន ១៨ ជាម្ចាស់ហត្ថលេខី ក្នុងនោះដោយរួមទាំងកម្ពុជា ខ្លួនឯងផង បាននាំមកនូវសន្តិភាព និងជាមធ្យោបាយក្នុងការបញ្ចប់សង្គ្រាមហែកហួរផ្ទៃក្នុងអស់ពេលជាច្រើនឆ្នាំ។
បុគ្គលិកអង្គការកម្មវិធីធនធានយុវជន កញ្ញា ផាត សុខាល័យ ដែលបានចូលរួមដាក់ញត្តិដែរ យល់ឃើញថា នេះជាយុទ្ធនាការមួយដែលជួយជំរុញឲ្យរដ្ឋាភិបាល និងប្រទេសហត្ថលេខីត្រូវពិនិត្យមើលឡើងវិញ ចំពោះភាពខ្វះចន្លោះនៃការអនុវត្តតាមស្មារតីនៃធម្មនុញ្ញដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ផាត សុខាល័យ បន្តថា បើពិនិត្យជារួម ប្រទេសកម្ពុជា គឺឆ្លើយតបបានតិចតួចនៅឡើយអំពីកិច្ចព្រមព្រៀងទាំងនេះ។
កញ្ញាបន្តថា៖ «ខ្ញុំគឺជាយុវជនម្នាក់នៅក្នុងប្រទេសកម្ពុជា វានៅមានខ្វះចន្លោះមួយចំនួនច្រើនដែរ ដែលជាមូលហេតុដែលធ្វើឲ្យខ្ញុំចូលរួមនៅក្នុងថ្ងៃនេះ ដើម្បីឲ្យគ្រប់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់យល់ ទទួល និងមើលឃើញដូចជារូបនាងខ្ញុំដែរ»។
ញត្តិពលរដ្ឋបានដាក់នៅស្ថានទូតចំនួន ៧ ប្រចាំនៅកម្ពុជា ក្នុងនោះមានស្ថានទូតបារាំង អាមេរិក អង់គ្លេស ជប៉ុន រុស្ស៊ី ឥណ្ឌូនេស៊ី និងចុងក្រោយ គឺស្ថានទូតចិន។ បណ្ដាស្ថានទូតទាំងនេះ គឺសុទ្ធសឹងតែជាម្ចាស់ហត្ថលេខីដែលរកសន្តិភាពដល់កម្ពុជា កាលពីជាង ២០ឆ្នាំមុន ដែលហៅថា ជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីបញ្ហាកម្ពុជា។
នៅក្នុងញត្តិនោះ គឺស្នើសុំឲ្យម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស ស្ដីពីកម្ពុជា ត្រូវចាត់វិធានការសមស្រប ដោយស្នើឲ្យបណ្ដាប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទាំង ១៨ ដោះស្រាយជាបន្ទាន់លើកករណីប្រទេសថៃ និងប្រទេសវៀតណាម រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ជាពិសេសរដ្ឋាភិបាលវៀតណាម បានបញ្ជូននិគមរបស់ខ្លួនជាច្រើនលាននាក់មករស់នៅកម្ពុជា ដោយខុសច្បាប់។
ញត្តិដែលមានខ្លឹមសារដូចគ្នានេះ ក៏បានយកទៅដាក់នៅស្ថាប័នរដ្ឋសភាដែរ។ ដោយឡែកចំពោះស្ថានទូត២ ផ្សេងទៀត ក៏ជាម្ចាស់ហត្ថលេខីដែរ ក្នុងនោះមានស្ថានទូតថៃ និងស្ថានទូតវៀតណាម ប្រជាពលរដ្ឋមិនដាក់ទេ។ មូលហេតុចម្បងពួកគាត់ចាត់ទុកថា ជាប្រទេសដែលរំលោភលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រតិកម្មភ្លាមៗនៅមុខរដ្ឋសភាពីសំណាក់ក្រុមអ្នកដង្ហែក្បួន បន្ទាប់ពីសមាជិកសភា និងជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា អ្នកស្រី ឡោក ខេង ថ្លែងសារនយោបាយក្នុងពេលទទួលញត្តិពីប្រជាពលរដ្ឋ ដោយចាត់ទុកថា មានថ្ងៃ២៣ តុលា ក៏ព្រោះតែគុណនៃថ្ងៃ៧ មករា ដែរ។ ប៉ុន្តែប្រតិកម្មនេះ បានស្ងប់ស្ងាត់ទៅវិញ នៅពេលអ្នកស្រីបានបង្វែរស្ថានការណ៍មកជាជោគជ័យប្រជាពលរដ្ឋកម្ពុជា ក្នុងថ្ងៃនៃខួបលើកទី២៣ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ការដាក់ញត្តិស្ទើរពេញមួយថ្ងៃ គឺពុំមានអំពើហិង្សាកើតឡើងទេ ក្រៅពីកម្លាំងមានសមត្ថកិច្ចរដ្ឋាភិបាលជួយសម្រួលការធ្វើដំណើរ និងការពារសន្តិសុខ។ ក៏ប៉ុន្តែរឿងដែលចម្លែកនោះគឺក្រៅពីភូមិគ្រឹះរបស់លោក ហ៊ុន សែន ដែលតែងមានរបាំងគ្រប់ច្រក ពេលមានបាតុកម្មម្ដងៗនោះ ដោយឡែកស្ថានទូតវៀតណាមវិញ នៅពេលនេះ ក៏មានរបាំងការពារគ្រប់ច្រកដូចគ្នា មិនចាញ់ផ្ទះលោកនាយករដ្ឋមន្ត្រីប៉ុន្មានដែរ។
ក្រោយពីបញ្ចប់ដាក់ញត្តិ ក្រុមអ្នកហែក្បួនព្រមានថា ប្រសិនបើបណ្ដាស្ថានទូតនានា ដែលបានទទួលញត្តិហើយមិនចាត់វិធានការ នោះពួកគាត់នឹងធ្វើយុទ្ធនាការបន្តទៀត។
មន្ត្រីសាលារាជធានីភ្នំពេញ ចាត់ទុកអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលដែលរៀបចំទិវានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខួបលើកទី២៣ នៅពេលនេះថា គឺជាការអនុវត្តផ្ទុយពីកិច្ចប្រជុំដែលបានសម្រេច និងថ្កោលទោសចំពោះការធ្វើយុទ្ធនាការនេះថែមទៀតផង។
លិខិតចុះថ្ងៃទី២៣ ខែតុលា របស់សាលារាជធានីភ្នំពេញ ឲ្យដឹងថា ការដង្ហែក្បួននៅពេលនេះ ដែលមានព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្ស និស្សិត ចូលរួមផងនោះ គឺជាការអនុវត្តផ្ទុយពីស្មារតីនៃកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ គឺអ្នករៀបចំពិធីបានយល់ព្រមមិនហែក្បួន ហើយធ្វើនៅតែមួយកន្លែងដែលសាលារាជធានី និងក្រសួងមហាផ្ទៃអនុញ្ញាត គឺនៅទីលានប្រជាធិបតេយ្យ។
សាលារាជធានីភ្នំពេញ ថ្កោលទោសចំពោះអ្នកដឹកនាំរៀបចំដែលបានប្រព្រឹត្តខុសឆ្គងពីកិច្ចប្រជុំ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីកើតមានបាតុភាពអសកម្មផ្សេងៗ ជាយថាហេតុ៕