សាលា​រាជធានី​ភ្នំពេញ​ហាមឃាត់​ជា​ថ្មី​មិន​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​និរោធ

0:00 / 0:00

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ហាមឃាត់​ជា​ថ្មី​ទៀត​មិន​ឲ្យ​បូជា​សព​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក ប៉ែន សុវណ្ណ នៅ​វត្ត​និរោធ ឋិត​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ការ​បដិសេធ​របស់​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី​នេះ ក្រោយ​ពី​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ប្រជុំ​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា នេះ សម្រេច​ថា​នឹង​បូជា​សព​អតីត​នាយក​រដ្ឋមន្ត្រី​នៅ​វត្ត​និរោធ នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​គណៈកម្មការ​បុណ្យ​សព ធ្វើ​លិខិត​ស្នើសុំ​ទៅ​ព្រះចៅ​អធិការ និង​គណៈកម្មការ​គ្រប់គ្រង​វត្ត​ជា​មុន។

គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី មាន​ប្រសាសន៍​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ វិច្ឆិកា ថា សាលា​រាជធានី​ភ្នំពេញ បដិសេធ​ជា​ថ្មី​មិន​ឲ្យ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​និរោធ ទេ ក្រោម​ហេតុផល​ថា នៅ​ថ្ងៃ​ដែល​ត្រូវ​បូជា​សព​នោះ មាន​បុណ្យ​កឋិន​ហែ​ចូល​វត្ត​និរោធ និង​តម្រូវ​ឲ្យ​គណៈកម្មការ​បុណ្យ​សព​រៀបចំ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​ក្រៅ​ក្រុង​វិញ។

ទាក់ទង​នឹង​ការ​តម្រូវ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ លោក ឡុង រី បញ្ជាក់​ថា គណៈកម្មការ​បុណ្យ​ប្រកាន់​ជំហរ​ប្រារព្ធ​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នឹង​ត្រូវ​បូជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ដដែល។

នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ដដែល​នេះ អនុប្រធាន​ទី​២ រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ងួន ញ៉ិល បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ប៉ែន សុវណ្ណ នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ និង​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរីវឌ្ឍ​ជា​កិច្ច​បច្ចាមរណៈ​ជូន​លោក ប៉ែន សុវណ្ណ ដែរ។

សព​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ដង្ហែ​ពី​ស្រុក​កំណើត​ក្នុង​ទី​រួម​ខេត្ត​តាកែវ មក​តម្កល់​ដើម្បី​ធ្វើ​បុណ្យ​នៅ​វត្ត​នួនមណីរាម ហៅ​វត្ត​ថាន់ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ វិច្ឆិកា។

លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី​២៩ តុលា ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៨០​ឆ្នាំ នា​គេហដ្ឋាន​របស់​លោក​នៅ​ភូមិ​ស្នោ សង្កាត់​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ។ លោក​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១។ មុន​ទទួល​មរណភាព​នេះ លោក​គឺ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ។

សូមស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ម៉ម មុនីរតន៍៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។