ការអភិវឌ្ឍដើម្បីបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន តែងត្រូវរាជរដ្ឋាភិបាលលើកឡើងជាច្រើនលើកច្រើនសា ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ ពលរដ្ឋនៅតាមព្រំដែនមួយចំនួន នៅតែជួបបញ្ហាក្នុងការរស់នៅដដែល។
ពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ដែលរស់នៅតាមព្រំដែន ចង់ឱ្យមានអភិវឌ្ឍ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធដល់ពលរដ្ឋឱ្យបានច្រើន និងបញ្ជូនពលរដ្ឋឱ្យបានច្រើនឱ្យទៅរស់នៅតាមព្រំដែន ដោយផ្តល់ដីជូនពួកគាត់ ប្រសើរជាងផ្តល់ដីទៅឱ្យក្រុមហ៊ុននោះ។
ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាម នៅស្រុកស្នួល ខេត្តក្រចេះ បានលើកឡើងពីការលំបាក ដែលពួកគាត់ជួបប្រទះនៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយមិនមានផ្លូវគមនាគមន៍ស្អាតបាត គ្មានប្រព័ន្ធទឹកភ្លើង មន្ទីរពេទ្យសាលារៀនស្ថិតនៅឆ្ងាយពីលំនៅឋាន មិនដូចពលរដ្ឋវៀតណាម ដែលរស់នៅតាមព្រំដែននោះឡើយ។
ពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល លោក យឹម ចាន់យេ ដែលរស់នៅជាប់ព្រំដែនវៀតណាម ជិត ១០ឆ្នាំមកហើយ ឱ្យដឹងថា ពួកគាត់ជាច្រើនគ្រួសារ បានតស៊ូរស់នៅតាមបន្ទាត់ព្រំដែននោះយ៉ាងលំបាក ទាំងផ្លូវធ្វើដំណើរ ទឹកសម្រាប់ប្រើប្រាស់ ប្រព័ន្ធភ្លើង ការទិញទំនិញប្រើប្រាស់ ជាដើម។ លោកបន្តថា ពេលត្រូវការទិញទំនិញម្តងៗ ត្រូវឡើងមកផ្សារធំនៅឯស្រុកស្នួល រាប់គីឡូដី កាត់ព្រៃកាត់ផ្សៃ ឬត្រូវឆ្លងកាត់ទៅខាងវៀតណាម ដើម្បីទិញរបស់របរប្រើប្រាស់។
លោកបន្ថែមថា វាខុសប្លែកពីខាងប្រជាពលរដ្ឋវៀតណាម នៅតាមព្រំដែន ដែលគេមានស្ទើរគ្រប់បែបយ៉ាង មានផ្លូវគមនាគមន៍យ៉ាងស្រួល និងសេវាផ្សេងៗយ៉ាងប្រសើរ ដើម្បីលើកទឹកចិត្តប្រជាជនគេឱ្យមករស់នៅតាមព្រំដែន៖ «លែងនិយាយទៅហើយបាទ! ទឹកពេលខ្លះប្រើទឹកអូរទឹកអី ហើយបើខែនេះ គឺប្រើទឹកភ្លៀងបាទ»។
ប្រភពដដែលចង់ឱ្យអាជ្ញាធរ ឬរាជរដ្ឋាភិបាល គិតគូរដល់ពលរដ្ឋនៅតាមព្រំដែន ធ្វើយ៉ាងម៉េចឱ្យការរស់នៅរបស់ពួកគាត់មានភាពងាយស្រួល។ ជាងនេះទៅទៀតនោះ គប្បីផ្តល់ដីសម្បទានទៅឱ្យពលរដ្ឋខ្មែរ ដើម្បីជាការលើកទឹកចិត្តឱ្យពួកគាត់រស់នៅតាមព្រំដែនឱ្យបានច្រើន វាល្អជាជាងផ្តល់ដីទៅឱ្យក្រុមហ៊ុន។
ពលរដ្ឋម្នាក់ទៀត លោក សយ ជួន មានប្រសាសន៍ថា បើប្រៀបធៀបការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅតំបន់ដែលលោករស់នៅ ឃើញថាខុសគ្នាស្រឡះ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជា ការអភិវឌ្ឍដល់ពលរដ្ឋនៅតាមព្រំដែន គឺនៅមានកម្រិត ពីព្រោះរាជរដ្ឋាភិបាលមិនបានគាំទ្រដល់ពលរដ្ឋទេ ប៉ុន្តែបែរមានគោលការណ៍គាំទ្រដល់ក្រុមហ៊ុនច្រើនជាងទៅវិញ៖ «បាទ! ខ្ញុំឃើញថា ការអភិវឌ្ឍនៅប្រទេសកម្ពុជា និងប្រទេសវៀតណាម ឃើញថាប្រទេសកម្ពុជា ការអភិវឌ្ឍទន់ខ្សោយសម្បើមណាស់។ នៅតាមខ្សែក្រវាត់ព្រំដែនវាអត់មានផ្លូវ វាអត់មានផ្ទះ វាអត់មានសម្បែងឱ្យប្រជាជននៅទេ គិតតែដាក់ឱ្យក្រុមហ៊ុនហ្មងបាទ។ ចំណែកប្រទេសវៀតណាម វិញគេមានប្រជាជនគេមករស់នៅតាមខ្សែក្រវាត់ព្រំដែន ផ្លូវគេ២ ឬ ៣០០ម៉ែត្រមួយៗ ចំណែកប្រជាជនកម្ពុជា វិញ សឹងថាដី ១០គីឡូដី ២០ ឬ ៣០គីឡូដី អត់ទាន់មានផ្លូវមួយទេ គឺមកធ្វើការមកចម្ការមកអី គឺតាមផ្លូវលំបាកបំផុតបាទ!»។
លោកបន្ថែមថា ភាគច្រើនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមព្រំដែន គឺត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ដូចជា ការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន កូនចៅត្រូវបាត់បង់ការសិក្សា ពីព្រោះសាលារៀននៅឆ្ងាយ ផ្លូវធ្វើដំណើរមានការលំបាក និងខ្វះខាតក្នុងជីវភាពគ្រួសារ ជាដើម។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តក្រចេះ លោកស្រី ប៊ន សុភី មានប្រសាសន៍ថា ខាងរាជរដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនទាំងនោះជាបណ្ដើរៗ ពិសេស ខាងអាជ្ញាធរខេត្តក៏បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យ និងដោះស្រាយបញ្ហាដីធ្លីនៅតាមព្រំដែនរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនទៀតផង៖ «ចា៎! ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាត់ព្រំដែន និងការអភិវឌ្ឍ យើងរៀបចំនៃគោលការណ៍កន្លងមក គឺយើងមានរៀបចំក្នុងការអភិវឌ្ឍហ្នឹងទៅតាមជំហានៗ តាមកន្លែងមួយៗហ្នឹង យើងបានអភិវឌ្ឍហើយ ក៏ប៉ុន្តែនៅតាមកន្លែងខ្លះអត់ទាន់បានអភិវឌ្ឍ យើងក៏មាននៅក្នុងគណៈកម្មាធិការដែលយើងប្រជុំនៅក្នុងខេត្ត ដើម្បីប្រមូលព័ត៌មានមកថា កន្លែងខ្លះដែលមិនទាន់មានការអភិវឌ្ឍកន្លែងណា? ដែលមានបញ្ហាប្រឈម យើងនឹងធ្វើការដោះស្រាយ»។
លោកស្រីបន្តថា ក្រៅពីបង្កើតគណៈកម្មាធិការដើម្បីដោះស្រាយនូវការលំបាកជូនប្រជាពលរដ្ឋហើយនោះ ខាងខេត្តក៏មានជាវេទិកាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់គាត់មានឱកាសដើម្បីលើកឡើងពីទុក្ខកង្វល់របស់ខ្លួន ជុំវិញស្ថានភាពរស់នៅរបស់ពួកគាត់ទាំងនោះ។ នៅខេត្តក្រចេះ មានស្រុកមួយ គឺស្រុកស្នួល និងមានឃុំចំនួនពីរ គឺឃុំ២ធ្នូ និងឃុំស្រែចារ ដែលមានព្រំដែនជាប់ប្រទេសវៀតណាម។
កន្លងមកគេតែងសង្កេតឃើញថា ដីធ្លីមួយចំណែកនៅតាមព្រំដែននៅប្រទេសកម្ពុជា ត្រូវរាជរដ្ឋាភិបាលផ្តល់សម្បទានទៅឱ្យក្រុមហ៊ុន ហើយមានដីធ្លីរបស់ប្រជាពលរដ្ឋមួយចំនួននៅជាប់ព្រំដែនដែរនោះ ត្រូវបានអាជ្ញាធរវៀតណាម ឬអាជ្ញាធរខ្មែរ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរអាចចូលទៅបង្កបង្កើនផលបានឡើយ បើទោះបីជាដីតំបន់នោះត្រូវបានកំណត់ព្រំដែនច្បាស់លាស់ទៅហើយក្តី។
អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ជាទូទៅការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ទៅលើអ្នកមាន ពិសេសគឺយកចិត្តទុកដាក់លើការអភិវឌ្ឍនៅតាមទីក្រុង ឬទីប្រជុំជនច្រើនជាងនៅតាមជនបទដាច់ស្រយាល។ លោកបន្តថា ការអភិវឌ្ឍមួយដោយមិនយកចិត្តទុកដាក់ដល់តំបន់ដាច់ស្រយាល ពិសេសនៅតាមបន្ទាត់ព្រំដែននេះ គឺវាមិនអាចធានាបាននូវនិរន្តរភាពបានឡើយ ហើយវាក៏អាចធ្វើឱ្យបាត់បង់ទឹកដីទៀតផង៖ «វាមានបញ្ហា ទីមួយ ការអភិវឌ្ឍហ្នឹង វាអត់មាននិរន្តរភាព កាលណាយើងអត់ផ្ដោតទៅលើប្រជាពលរដ្ឋតាមព្រំដែន។ ទីពីរ ការអភិវឌ្ឍរបៀបហ្នឹងវាអាចបាត់បង់ដីធ្លីបន្តទៀត។ ទីបី ការអភិវឌ្ឍរបៀបហ្នឹងវាហិនហោចធនធានធម្មជាតិតែម្តង ហើយការអភិវឌ្ឍរបៀបហ្នឹង គឺធ្វើឱ្យអ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ។ ដល់អ៊ីចឹង អត់ស៊ីទៅនឹងគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ពីព្រោះគោលការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ទីមួយ គឺត្រូវឱ្យមានអភិបាលកិច្ចល្អហ្មង។ ទីពីរ គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋហ្មង។ ទីបី គឺត្រូវអភិវឌ្ឍតាមសេចក្តីត្រូវការរបស់ពលរដ្ឋ តែកន្លងមកការអភិវឌ្ឍ គឺធ្វើតាមសេចក្តីត្រូវការរបស់អ្នកអភិវឌ្ឍន៍ និងអ្នកនយោបាយទៅវិញ»។
លោកមើលឃើញថា ជាការប្រសើរ រាជរដ្ឋាភិបាលកម្ពុជា គប្បីធ្វើការអភិវឌ្ឍនូវរាល់ភូមិស្រុកទាំងអស់នៅតាមព្រំដែន ទាំងព្រំដែនថៃ និងព្រំដែនវៀតណាម ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយគ្មានហានិភ័យ និងអាចចូលរួមក្នុងការអភិវឌ្ឍបាន។ លើសពីនេះទៀត តំបន់ដីកោះជាច្រើននៅតាមព្រំដែន ក៏ត្រូវធ្វើការអភិវឌ្ឍ ហើយដាក់ប្រជាពលរដ្ឋរស់នៅ ដើម្បីជាបង្គោលព្រំដែនដ៏រឹងមាំ។ ពិសេសទៅទៀតនោះ ត្រូវយកចិត្តទុកដាក់ដល់ជនជាតិដើមភាគតិច ដែលភាគច្រើនកំពុងរស់នៅតាមបន្ទាត់ព្រំដែន គឺត្រូវអភិវឌ្ឍភូមិគំរូរបស់ពួកគាត់ឱ្យបានឆាប់រហ័ស ពីព្រោះវាអាចការពារទឹកដីនៅតាមព្រំដែនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
