សុភ័ណ្ឌ ឡារី តែងមានមុខនៅទីលានប្រជាធិបតេយ្យជានិច្ច នៅពេលដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាធ្វើបាតុកម្មបីថ្ងៃជាប់ៗគ្នាកន្លងទៅនេះ។ ឡារី ជាតារាសម្ដែង ហើយក៏ចេះច្រៀងដែរ តែគាត់មិនឡើងឆាកច្រៀង ឬសម្ដែងទេ គាត់ដើរចែកចំណីអាហារ និងទឹកដល់បាតុករនៅក្រោមឆាកឯណេះ។ ឡារី និងក្រុមមនុស្សធម៌ឯកជនរបស់គាត់ មិនត្រឹមតែផ្តល់ប្រាក់កាសផ្ទាល់ខ្លួន ជួយឧបត្ថម្ភជាស្បៀងអាហារដល់បាតុករដែលមកធ្វើបាតុកម្មនៅភ្នំពេញទេ ក្រុមគាត់ក៏បានប្រមែប្រមូលគ្នា និងរៃអង្គាសបន្ថែមទៀត ទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតាមទីតាំងមួយចំនួនទៀតដែរ។
លោក សុភ័ណ្ឌ ឡារី៖ «គឺខ្ញុំបានចែកជូនទៅដល់បងប្អូនដែលគាត់រងគ្រោះដោយសារទឹកជំនន់ នៅព្រៃវែង ម្តងហើយ ក៏ដូចជានៅសង្កាត់ព្រែកកំពិស ភ្នំពេញយើង ក៏ម្តងដែរ ដោយសារតែទឹកហូរដាច់គេហដ្ឋានរបស់គាត់»។
ឡារី មានស្រុកកំណើតនៅខេត្តព្រៃវែង។ យុវជនដែលមានរាងខ្ពស់សង្ហារ និងមានសម្រស់សមជាតារាម្នាក់នេះ មានប្រវត្តិកំសត់ណាស់។ ឡារី រៀបរាប់ថា លោកកំព្រាឪពុកតាំងពីតូច ហើយត្រូវឈប់រៀនដើម្បីរត់តាមអ្នកម្តាយមេម៉ាយនៅភ្នំពេញ ដើម្បីលីបាវស៊ីម៉ង់ដូរបាយ។
លោក សុភ័ណ្ឌ ឡារី៖ «ម៉ាក់ខ្ញុំមេម៉ាយ អ៊ីចឹងទៅអត់មានលទ្ធភាពរកអីទាំងអស់ ហើយខ្ញុំមានបងប្អូនបីនាក់។ ដល់ពេលអ៊ីចឹងទៅ ពួកខ្ញុំត្រូវរកស៊ីឈ្នួលច្រូតស្រូវស្ទូងស្រូវ។ ភាពលំបាកហ្នឹង ជំរុញឲ្យម៉ាក់ខ្ញុំមកភ្នំពេញ គាត់ធ្វើការលីបាវស៊ីម៉ង់។ បាទ! ម្តាយរបស់ខ្ញុំលីបាវស៊ីម៉ង់ ហើយនិងស្រូវសាលី ។ ហើយខ្ញុំឃើញអ៊ីចឹង ខ្ញុំក៏ឈប់រៀន ឈប់រៀនខ្ញុំរត់មកភ្នំពេញដែរ ដើម្បីជួយគាត់ ជួយគាត់លីបាវស៊ីម៉ង់ហ្នឹងជាមួយគាត់ ហើយនិងធ្វើសំណង់រយៈពេលពីរឆ្នាំ។ បន្ទាប់មក អាណិតកូនពេក ក៏ឲ្យខ្ញុំទៅឈរមុខរោងចក្រ ដើម្បីឲ្យគេរើសខ្ញុំធ្វើជាកម្មកររោងចក្រ នៅពេលនោះ បានធ្វើកម្មករមែន កម្មកររោងចក្រអ៊ុតខោអាវ កាត់ដេរខោអាវ។ បាទ! ធំពេលអ៊ីចឹងទៅ យើងក៏បានធ្វើរយៈពេលប្រាំមួយខែ។ ប្រាំមួយខែជាកម្មករបណ្ដែត ដល់ពេលចប់កម្មករបណ្ដែតហ្នឹង ក៏គេបញ្ឈប់យើង។ យើងក៏ទំនេរ យើងទៅសុំបងប្រុសម្នាក់ជាចុងភៅការ យើងសុំគាត់រត់តុ។ រយៈពេលហ្នឹង មានបងប្អូនខ្លះ គាត់ឆ្ងល់ខ្ញុំហេតុអីក៏ ឡារី នៅភ្នំពេញស្គាល់គ្រប់កន្លែងគ្រប់ផ្លូវអ៊ីចឹង គឺមកពីខ្ញុំធ្លាប់ដេកនៅតាមចិញ្ចើមថ្នល់ហ្នឹង ព្រោះធម្មតា រត់តុម្ហូបការគេធ្វើរោងនៅកន្លែងណា ដេកនៅកន្លែងហ្នឹង។ ហើយទាំងអស់ហ្នឹងហើយដែលជំរុញឲ្យខ្ញុំចូលមូលនិធិមនុស្សធម៌ គឺការលំបាករបស់ខ្ញុំ ហើយខ្ញុំក៏នឹកឃើញដល់ ឥឡូវខ្ញុំមកដល់ពេលនេះ ៦ឆ្នាំមុន និង ៦ឆ្នាំក្រោយ ខុសគ្នាដាច់។ ខុសគ្នាដាច់ត្រង់ថា ខ្ញុំបានចូលសិល្បៈហ្នឹង ហើយខ្ញុំក៏មិននឹកស្មានដល់ប៉ុណ្ណឹងដែរ អាចរស់បានទៅមុខបានគ្រាន់បើជាងប្រាំមួយឆ្នាំមុន។ អ៊ីចឹងហើយ អ្វីដែលខ្ញុំធ្វើ ខ្ញុំអាចជួយខ្មែរខ្ញុំបាន គឺចំណុចហ្នឹងឯងដែលវាចងខ្ញុំ»។
ដោយខ្លួនឯងធ្លាប់កំសត់នេះហើយ បានជា ឡារី ថាគាត់មានចិត្តចង់ជួយអ្នកកំសត់ដូចគ្នា៖ «អ្វីដែលខ្ញុំធ្វើនេះ គឺធ្វើចេញពីបេះដូង ចេញពីចិត្តរបស់ពួកខ្ញុំដែលជាសិល្បករម្នាក់ ជាពលរដ្ឋខ្មែរម្នាក់ ចង់ជួយទៅដល់ខ្មែរខ្ញុំដែលកំពុងជួបគ្រោះដោយសារទឹកជំនន់ហ្នឹង គាត់ក្រីក្រហ្នឹង។ អត់មានពាក់ព័ន្ធនឹងនយោបាយ អត់មានពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយទេ។ ប៉ុន្តែ ដោយសារតែគាត់ឃើញខ្ញុំឧស្សាហ៍ចូលរួមជាមួយនឹងគណបក្សសង្គ្រោះជាតិ ដោយសារឃើញមានមុខរហូត ប៉ុន្តែខ្ញុំមិនមែនជាសកម្មជនទេ»។
ថ្វីត្បិតតែ ឡារី អះអាងថា មិនមែនជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក្តី គាត់ក៏មិនលាក់បាំងដែរថា គាត់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ដោយដួងចិត្តស្រឡាញ់គណបក្សនយោបាយណាមួយនោះហើយ ដែលបានធ្វើអោយ ឡារី ត្រូវម្ចាស់ស្ថានីយមួយចំនួនលែងអោយគាត់ឡើងសម្ដែង៖ «សង្គមឥឡូវ គឺបក្ខពួករាងច្រើនបន្តិច។ ដូចខ្ញុំផ្ទាល់ គឺមានទូរទស្សន៍មួយនោះ គឺបិទហើយ គឺគាត់បិទហើយ ព្រោះអីគឺគេចេញរូបខ្ញុំហ្នឹង។ គេចេញជារូបខ្ញុំ រួមនិងតារាបីនាក់ទៀត មានបង ដេដាណេ មួយទៀតហើយ និង ធារ៉ា គាត់ជាអ្នកចម្រៀងមួយរូបទៀត។ អ៊ីចឹង មិនអាចឲ្យពួកខ្ញុំថតបន្តទៀតបានទេ។ លោក ជុន ច័ន្ទបុត្រ៖ អូនមានព្យាយាមពន្យល់ទៅពួកគាត់វិញថា នេះជាសិទ្ធិសេរីភាពរបស់យុវជនក្នុងការចូលរួមវិស័យនយោបាយ វិស័យជ្រើសរើសអ្នកដឹកនាំជាតិអីដែរទេ? លោក ឡារី៖ បាទ! ខ្ញុំបានព្យាយាមនិយាយពាក្យហ្នឹងច្រើនលើកច្រើនសាហើយសម្រាប់ពួកគាត់។ ប៉ុន្តែ ពួកគាត់ថាយើងរស់នៅក្រោមមេឃណា ត្រូវគោរពមេឃហ្នឹង»។
ប្រធានសមាគមន៍អ្នកសិល្បៈ លោក សុះ ម៉ាច មានមតិផ្ទុយពីនេះ។ លោកមានប្រសាសន៍ថា គួរកុំចាត់ទុកថា កម្ពុជា មានតែគណបក្សនយោបាយមួយ ហើយដាក់ទណ្ឌកម្មដល់អ្នកដែលគាំទ្រគណបក្សផ្សេងនោះ៖ «ខ្ញុំសោកស្ដាយមែនទែន ដោយឮរឿងនេះ។ ពីមុនមកក៏ធ្លាប់ជួបដែរ សិល្បករ សិល្បការិនីមួយចំនួន ជាពិសេសគឺតារាកំប្លែងក៏ធ្លាប់បាត់បង់អាជីពសិល្បៈមួយសាហើយ។ ឥឡូវនេះ វាទៅជាជួបរឿងអ៊ីចឹងតទៅទៀត។ ខ្ញុំក៏សូមអំពាវនាវផងដែរដល់បណ្ដាស្ថានីយទូរទស្សន៍ ក៏ដូចជាផលិតកម្មផ្សេងៗ សូមអោយលោកកុំយករឿងដែលពាក់ព័ន្ធនឹងរឿងនយោបាយ ដែលសិល្បករសិល្បការិនីដែលលោកគាំទ្រ ទៅបូករួមនឹងបញ្ហាអាជីពសិល្បៈរបស់គ្នា។ គួរតែបើកផ្លូវ មានចិត្តទូលាយអោយគ្នាខ្លះផង កុំធ្វើអ៊ីចឹង វាមិន... ដូចជាប្រទេសមួយហ្នឹងសម្រាប់តែគណបក្សនយោបាយមួយ អ្នកដទៃ សិល្បករដទៃ គេគ្មានសិទ្ធិក្នុងការគាំទ្រគណបក្សនយោបាយផ្សេងៗ...»។
ឡារី ក៏មានសំណូមពរថា សូមកុំចាត់ទុកថា គាត់បានធ្វើខុស ហើយដាក់ទណ្ឌកម្មគាត់ធ្វើអ្វី។ ឡារី ថា សូមអោយគាត់អាចអនុវត្តសិទ្ធិជាប្រជាពលរដ្ឋម្នាក់ផង៖ «អ្វីដែលខ្ញុំកំពុងតែធ្វើចេញពីបេះដូងហ្នឹង គឺជួយខ្មែរស្រឡាញ់ខ្មែរ ដែលកំពុងតែរងគ្រោះហ្នឹង តើខុសដែរឬអត់? ចុះបើជាខ្ញុំម្នាក់ឯងងើបចេញម៉ោក្នុងចំណោមសិល្បៈ។ ហើយខ្ញុំធ្វើឡើងនេះដោយខ្ញុំប្រឈមនូវការបាត់បង់អាជីពរបស់ខ្ញុំ។ តើខ្ញុំធ្វើខុសដែរឬអត់? ដូច្នេះហើយ ខ្ញុំសំណូមពរអោយពួកគាត់ សូមមេត្តាកុំអោយប្រកាន់បក្ខពួក។ អ៊ីចឹង អ្នកណាក៏ជាខ្មែរដែរ។ យើងអាចស្រឡាញ់គ្នាបាន យើងអាចជួយគ្នាបាន យើងអាចធ្វើរួមគ្នាបាន។ ទោះបីជាប្រឆាំង ឬមិនប្រឆាំង អត់សំខាន់ទេ សំខាន់យើងជាខ្មែរ យើងអាចជួយគ្នាបាន គឺយើងទៅមុខហើយ»។
ទោះជាកំពុងតែប្រឈមមុខនឹងការបាត់បង់ការងារចិញ្ចឹមជីវិតខ្លួនឯងក្តី ក៏ ឡារី បញ្ជាក់ថា លោកនឹងបន្តការងារមនុស្សធម៌ជាមួយក្រុមរបស់គាត់ទៀត តាមដែលអាចធ្វើទៅបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
