អ្នកវិភាគសង្គមមានទស្សនៈថា ភាពមានៈរឹងរូស ឬអាត្មានិយមរបស់ឥស្សរជននយោបាយខ្មែរបច្ចុប្បន្ន ពិសេសអ្នកនយោបាយគណបក្ស ឈ្នះអាសនៈសភានីតិកាលទី៥ អាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ឬរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ បញ្ហានេះ អ្នកវិភាគសង្គមស្នើឲ្យអ្នកនយោបាយខ្មែរ ត្រូវងាកមកតុចរចា និងគិតប្រយោជន៍ជាតិធំជាងបុគ្គល ឬបក្សពួក។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ បានស្នើឲ្យអ្នកនយោបាយគណបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ត្រូវរកច្រកចរចាគ្នាដើម្បីពន្លត់ភ្លើងនយោបាយ ក្រោយការបោះឆ្នោតឲ្យបានជាស្ថាពរ។ លោកថា ឥស្សរជនបក្សនយោបាយទាំងពីរ មិនគួរទុកបញ្ហាឱ្យនៅបន្តអូសបន្លាយរកទីបញ្ចប់គ្មាននោះទេ ព្រោះអាចនាំឲ្យអ្នកវិនិយោគទុន ទាំងក្នុង និងក្រៅប្រទេស ខ្លាចរអា ឬមិនហ៊ានបោះទុនវិនិយោគនៅកម្ពុជា។
លោកថ្លែងថា នយោបាយជាប់គាំងក្នុងសង្គមកម្ពុជាសព្វថ្ងៃ អាចនាំឲ្យប៉ះពាល់ ឬបាត់បង់ជំនួយបរទេសផ្តល់ជូនកម្ពុជា សម្រាប់អភិវឌ្ឍន៍ប្រទេស៖ «បើសិនជាគណបក្សនយោបាយមិនរកដំណោះស្រាយបាននៅពេលខាងមុខឆាប់ៗនេះទេ នៅដាច់ឆ្នាំខាងមុខនេះ គេនឹងអនុម័តថវិកាកម្ចីរបស់អន្តរជាតិ ហើយបើសិនជាយើងមិនបានដោះស្រាយឲ្យចប់ទេ ព្រោះផែនការគេលើក ១ឆ្នាំម្តង។ អ៊ីចឹងយើងនឹងមានបញ្ហាសម្រាប់អភិវឌ្ឍន៍ជាតិហើយ»។
លោកសាស្ត្រាចារ្យ សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈផងនោះ ថ្លែងថា នៅលើលោកនេះ គ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានទេ។ លោកថា បញ្ហាប្រឈមផ្សេងៗ ផ្តើមដោយមនុស្ស ឬមនុស្សជាអ្នកបង្កើតបញ្ហា។ ដូច្នេះមនុស្សក៏ជាអ្នកចេញមុខផ្សះផ្សា និងរកដំណោះស្រាយ៖ «បញ្ហាជាប់គាំងនេះមិនត្រឹមតែទៅលើប្រាក់កម្ចីទេ គឺទៅលើអ្នកវិនិយោគធំៗ ដែលគេរង់ចាំមើលនយោបាយរបស់យើង។ ហេតុនេះ ខ្ញុំជឿជាក់ថា អ្នកនយោបាយច្បាស់ជានឹងរកដំណោះស្រាយឃើញ ដោយមិនទាមទាររកត្រូវរៀងខ្លួនទេ។ ត្រូវតែបន្ទន់ឥរិយាបទ ឬសម្របសម្រួល ធ្វើឲ្យស្រប ធ្វើឲ្យស្រួល។ អ៊ីចឹងទេ នឹងរកចំណុចរួមបាន បើសិនជាអ្នកនយោបាយមានឆន្ទៈ ដើម្បីគិតគូរពីបញ្ហាប្រទេសជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋពិតប្រាកដ » ។
ចំណែកលោក កែម ឡី អ្នកវិភាគ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ថា អ្នកនយោបាយគណបក្សទទួលបានអាសនៈសភានីតិកាលទី៥ ដែលបង្កឲ្យជម្លោះនយោបាយ បន្តអូសបន្លាយរហូតមកដល់ពេលនេះ។ លោកថា ដរាបណាភាគីទំនាស់ទាំងសងខាងមិនងាកមកតុចរចា ឬមានៈតែរៀងៗខ្លួន វិវាទនយោបាយជាប់គាំងក្នុងសង្គមកម្ពុជា មិនអាចរលត់បានទេ ឬអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិថែមទៀត។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យរូបនេះមានជំនឿទៅលើទង្វើ និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាជាតួអង្គដ៏សំខាន់សម្រាប់ពន្លត់ភ្លើងនយោបាយ ក្រោយការបោះឆ្នោត មានផលវិជ្ជមានច្រើនជាងគណបក្សសង្គ្រោះជាតិ៖ «ប្រជាពលរដ្ឋគាត់ចង់រកយុត្តិធ៌មពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងមានបំណងផ្លាស់ប្តូរមេដឹកនាំ ឬភាពជាអ្នកដឹកនាំប្រទេស ដែលគាត់ឃើញដឹកនាំជាយូរលង់ណាស់មកហើយ។ បញ្ហានេះ ហាក់វាដើរចេញឆ្ងាយពីគ្នាមិនអាចរកផ្លូវចេញឃើញទេ»។
អ្នកវិភាគរូបនេះថ្លែងថា បើតាមឆន្ទៈរបស់អ្នកនយោបាយខ្មែរទាំងពីរបក្ស គឺអាចចរចាបញ្ចប់ជម្លោះនយោបាយក្នុងរយៈពី ២ ទៅ ៣សប្តាហ៍ខាងមុខ។ ប៉ុន្តែបើអ្នកនយោបាយខ្មែរមិនជួបចរចាគ្នា ឬមានចរិតក្រអើតក្រទមតែរៀងៗខ្លួន ជម្លោះនេះអាចរីករាលដាលរាប់ឆ្នាំ ហើយអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជំនួយបរទេស។
បញ្ហានេះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ដរាបណាជម្លោះនយោបាយក្រោយការបោះឆ្នោតសភានីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា មិនដោះស្រាយឲ្យចប់ទេ វានឹងប៉ះពាល់ដល់វិនិយោគទុន ឬជំនួយពីបរទេសពិតប្រាកដ៖ « វាពិតជាប៉ះពាល់ហើយ ពីព្រោះប្រទេសម្ចាស់ជំនួយទាំងអស់ហ្នឹង គេជួយហ្នឹង សុទ្ធតែឈរលើមូលដ្ឋានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវបើគេធ្វើផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយប្រទេសម្ចាស់ជំនួយគាត់នៅតែជួយទៀត គឺគាត់រំលោភទៅលើអ្វីដែលគាត់និយាយខ្លួនគាត់។ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺមានន័យថា ប្រទេសកម្ពុជាត្រូវអនុវត្តនូវគោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ ប៉ុន្តែឥឡូវវាអត់ប្រជាធិបតេយ្យ សេរីពហុបក្សទេ គឺបក្សតែមួយ។ បក្សតែមួយ គឺផ្ទុយពីកិច្ចព្រមព្រៀង គឺមានន័យថា ប្រទេសម្ចាស់ជំនួយគឺគាត់មិនអាចផ្តល់ជំនួយដល់កម្ពុជាបានទេ » ។
លោកថា ទាំងវិនិយោគទុន និងម្ចាស់ជំនួយ ពួកគេនឹងពិចារណាមុននឹងមកបោះទុនវិនិយោគ ឬផ្តល់ជំនួយមកកម្ពុជា។ ព្រោះថា រាជរដ្ឋាភិបាលដែលបង្កើតដោយរដ្ឋសភានីតិកាលទី៥ ដែលបើកសម័យប្រជុំកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ គឺមិនស្របច្បាប់ ឬហៅថា រដ្ឋសភាឯកបក្ស និងរាជរដ្ឋាភិបាលអធម្មនុញ្ញភាព៖ « បើសិនជាក្នុងចំណោមគណបក្ស ដែលទទួលបានសំឡេងនៅក្នុងរដ្ឋសភា ដែលក្នុងនោះ មានតែពីរទេ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ បើក្នុងចំណោមពីរហ្នឹង គណបក្សមួយគេមិនទទួលស្គាល់ទេ ហើយពួកគាត់ទៅចុះកិច្ចសន្យាណាមួយជាមួយរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ឬជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្នមិនមែនរាជរដ្ឋាភិបាលខ្មែរ ឬរាជរដ្ឋាភិបាលជាតិទាំងអស់ទេ គឺរាជរដ្ឋាភិបាល បក្សប្រជាជន ឬសភាបក្សប្រជាជនកម្ពុជាតែមួយទេ អ៊ីចឹងហើយគឺគេត្រូវតែពិចារណាឡើងវិញហើយ។ បើគេដាក់លុយគេមកហើយ ប៉ុន្តែស្រាប់តែយើងមិនទទួលស្គាល់ អាហ្នឹងគេខាតបង់របស់គេ។ ដូច្នេះខ្ញុំជឿថាគេនឹងពិចារណា » ។
រហូតមកដល់ថ្ងៃទី៣០ ខែតុលា លោក កឹម សុខា បញ្ជាក់ថា គណបក្សឈ្នះអាសនៈសភាទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានកំណត់ថ្ងៃជួបចរចាជាថ្មីទៀតទេ បន្ទាប់ពីជំនួបចរចាត្រូវបរាជ័យកន្លងទៅ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៩ ខែតុលា ក៏បានបង្ហាញជំហរ តាមរយៈលិខិតចំហរ ជូនបណ្តាប្រទេសនានា ឬស្ថាប័នផ្តល់ប្រាក់កម្ចី និងក្រុមវិនិយោគជាដើមថា គណបក្សនេះមិនទទួលស្គាល់ និងពិនិត្យសើរើឡើងវិញ នូវរាល់កិច្ចសន្យាផ្តល់ប្រាក់កម្ចី ឬការផ្តល់អាជ្ញាប័ណ្ណលើគម្រោងវិនិយោគផ្សេងៗ ដែលភាគីពាក់ព័ន្ធធ្វើជាមួយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងថា ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលបានបង្កើតរួចហើយ ហើយក៏មិនរាំងស្ទះ ឬប៉ះពាល់អ្វីដល់អ្នកវិនិយោគទុន ឬជំនួយបរទេស ផ្តល់មកកម្ពុជានោះដែរ។ លោកថា កិច្ចសន្យាផ្តល់ប្រាក់កម្ចី ឬការផ្តល់អាជ្ញាប័ណ្ណលើគំរោងវិនិយោគផ្សេងៗ ដែលរដ្ឋាភិបាលបានផ្តល់ជូននឹងមិនមានបញ្ហាប្រឈមដូចគណបក្សប្រឆាំងអះអាងទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះមិនចាប់អារម្មណ៍ទៅនឹងសារនយោបាយគណបក្សប្រឆាំងនោះទេ៖ «ច្បាប់ដែលបញ្ជាក់ចេញពីសភា ច្បាប់ខ្លះមិនអនុវត្តរហូតដល់ ២ភាគ៣ នៃសេចក្តីសម្រេច ឬចំនួនសន្លឹកឆ្នោត ដែលគាំទ្រនៅក្នុងរដ្ឋសភា ហើយច្បាប់មួយចំនួន គឺគេអនុវត្តទៅតាម ៥០បូក១ ហើយ ៥០បូក១ហ្នឹង គឺមិនបញ្ជាក់ថា ត្រូវតែមានគណបក្សប្រឆាំង ឬគណបក្សភាគតិចប៉ុណ្ណា គណបក្សភាគច្រើនប៉ុណ្ណាទេ។ យោងទៅលើ ៥០ភាគរយបូក១ ឬយោងទៅលើ ២ភាគ៣»។
ទាក់ទិនបញ្ហានេះ លោកមេធាវី សុក សំអឿន ជានាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា មើលឃើញថា នយោបាយជាប់គាំងរវាងគណបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជា ពេលនេះ អាចដោយសារមេដឹកនាំបក្សទាំងពីរបានកំណត់លក្ខខណ្ឌរឹងរូសរៀងៗខ្លួន នៅមុនវិលទៅតុចរចាគ្នា។ ប៉ុន្តែលោកថា គ្មានបញ្ហាអ្វីដែលមិនអាចដោះស្រាយបានទេ ដរាបណាអ្នកនយោបាយខ្មែរពិតជាមានឆន្ទៈរកដំណោះស្រាយបញ្ចប់ជម្លោះមែននោះ។ លោកថាអ្នកនយោបាយបក្សប្រជាជន និងបក្សសង្គ្រោះជាតិគួរប្រញាប់ប្រញាល់វិលមកតុចរចា ជាជាងគេចមិនជួបមុខគ្នា៖ «ឥឡូវការចរចារគ្នា ភាគីមួយដាក់សំណើទៅ រីភាគីមួយទៀត ស្នើមកវិញមក ឬចំណុចនេះខ្ញុំទទួលបាន ចំណុចនោះ ខ្ញុំទទួលមិនបានដោយសារមូលហេតុអី ? ហើយមូលហេតុហ្នឹងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងទៅ។ ព្រោះអីពេលហ្នឹងគឺយើងធ្វើសម្រាប់ប្រជាប្រិយភាពប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី២៨ ខែតុលា គណបក្សសង្គ្រោះជាតិបានបើកកិច្ចប្រជុំផ្ទៃក្នុង ដោយបានកំណត់លក្ខខណ្ឌបីចំណុច មុននឹងបន្តជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ លក្ខខណ្ឌទាំងនោះរួមមាន៖ ទី១ ទាមទារបង្កើតគណៈកម្មការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ ទី២ សុំផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំកំពូលស្ថាប័នបោះឆ្នោត ឬ គ.ជ.ប ចំនួន ៩រូបជាមុនសិន និងទី៣ សុំឲ្យទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។ ប៉ុន្តែលក្ខខណ្ឌនេះ ត្រូវមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីគណបក្សប្រជាជនកម្ពុជា ច្រានចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
