អស្ថិរភាព​នយោបាយ​និង​សន្តិសុខ​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍

ប្រទេស​កម្ពុជា បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ឆ្នាំៗ។ អ្នក​សេដ្ឋកិច្ច​បាន​យល់​ថា ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ គឺ​អាច​ជួយ​ដល់​ថវិកា​ជាតិ​មួយ​ផ្នែក សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​នានា។ ក៏ប៉ុន្តែ ប្រសិន​បើ​ស្ថានភាព​នយោបាយ និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​ស្ថិរភាព គឺ​វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍។

0:00 / 0:00

តើ​ស្ថានការណ៍​ដែល​កំពុង​ជាប់​គាំង​ផ្នែក​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ អាច​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​វិស័យ​ទេសចរណ៍​ដែរ​ឬ​ទេ?

ទីភ្នាក់ងារ និង​សមាគម​ទេសចរណ៍​ឯកជន​មួយ​ចំនួន បាន​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ច្រើន​ជាង​គេ ឱ្យ​បន្ត​ការ​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ជៀស​វាង​កុំ​ឱ្យ​មាន​មហា​បាតុកម្ម​អហិង្សា​កើត​មាន​ឡើង ដែល​អាច​គំរាម​កំហែង​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង មិន​អាច​ឈាន​ទៅ​រក​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន។

លោក ធួន ស៊ីណាន គឺ​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន លោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដោយសារ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​រួច​មក គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សំឡេង​គាំទ្រ​ច្រើន នៅ​តែ​មិន​ទាន់​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​នៅ​ឡើយ​នេះ។

លោក ធួន សីណាន បាន​បញ្ជាក់​ទៀត​ថា ភាព​តានតឹង​នេះ គឺ​ជា​ការ​ផុយ​ស្រួយ​ខាង​នយោបាយ ហើយ​ប្រសិន​បើ​មាន​មហា​បាតុកម្ម​អហិង្សា​ផ្ទុះ​ឡើង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​មែន គឺ​វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​ជាច្រើន រួម​ទាំង​វិស័យ​ទេសចរណ៍​ផង។

លោក ធួន សីណាន៖ «បើ​គ្រាន់​តែ​ជា​បាតុកម្ម​អហិង្សា ដូច​ជា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មែន ហើយ​ធ្វើ​ក្នុង​រយៈពេល​ខ្លី ខ្ញុំ​គិត​ថា វា​មិន​សូវ​អី ក៏ប៉ុន្តែ បើ​សិន​ជា​ក្នុង​រយៈពេល​វែង អា​ហ្នឹង​វា​តិច​ច្រើន​នឹង​ប៉ះ​ហើយ។ ហើយ​ចំណុច​ទី២ ដែល​យើង​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ហ្នឹង គឺ​ខ្លាច​មួយ​ក្រុម​ចេញ​ប្រឆាំង​លទ្ធផល​ការ​បោះ​ឆ្នោត ឯ​មួយ​ក្រុម​ទៀត​ចេញ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត អា​នោះ​អំពើ​ហិង្សា​វា​អាច​កើត​មាន។ អា​ហ្នឹង​ហើយ​ដែល​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន ខ្លាច​ជះ ដែល​វា​ជះ​ឥទ្ធិពល​ទៅ​លើ​វិស័យ​ទេសចរណ៍»

កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា កន្លង​ទៅ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ទទូច​សុំ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំងអស់ ព្យាយាម​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ឱ្យ​អស់​លទ្ធភាព និង​ជួយ​គ្នា​បង្រួម​បង្រួម​ជាតិ នៅ​ក្នុង​ផ្លូវ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នេះ។

ចំណែក លោក អាង គឹមអ៊ាង ជា​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​ការ​វិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា កំពុង​តែ​ល្បីល្បាញ​ដែល​ធ្វើ​ឱ្យ​ពិភពលោក​មក​ពី​គ្រប់​ច្រកល្ហក នាំ​គ្នា​ចូល​មក​ទស្សនា​មាតុភូមិ​អង្គរ​ជា​បន្តបន្ទាប់។ វិស័យ​ទេសចរណ៍​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ក៏ប៉ុន្តែ បើ​កត្តា​មួយ​ចំនួន​ដូច​ជា​សន្តិសុខ និង​ស្ថិរភាព​សង្គម ត្រូវ​បាត់​បង់ គឺ​នឹង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ផុយ​ស្រួយ។ លោក អាង គឹមអ៊ាង បាន​បញ្ជាក់​ថា កម្ពុជា ធ្លាប់​ឆ្លង​កាត់​រឿង​ជូរ​ចត់ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​វែង​ឆ្ងាយ​ជា​យូរ​មក​ហើយ ដូច្នេះ ពេល​នេះ លោក​ចង់​ឱ្យ​គណបក្ស​នយោបាយ​បញ្ចប់​បញ្ហា​ទាំងអស់ ដើម្បី​ជ្រើស​យក​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ម្ដង។

លោក អាង គឹមអ៊ាង៖ «សតវត្ស​នេះ ឆ្នាំ​២០១៣ ហ្នឹង វា​គួរ​តែ​ជា​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ម្ដង ព្រោះ​ប្រទេស​យើង​បាន​ឆ្លង​កាត់​ភាព​ជូរ​ចត់​សង្គម​ច្រើន​ណាស់ ឃើញ​តែ​ភាព​ខ្លោចផ្សា ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​បាន​បែក​បាក់​គ្រួសារ ទៅ​នៅ​ឯ​ស្រុក​គេ ជា​ភាព​កណ្ដោច​កណ្ដែង​មួយ អាណិត​ស្រុក​អាណិត​ប្រទេស​ណាស់។ អីចឹង គណបក្ស​ណា ភាគី​ណា​ក៏​សុទ្ធតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ចង់​ឱ្យ​រស់​នៅ​ជាមួយ​គ្នា​សុខ​ស្រួល​ទៅ។ យើង​មិន​ចង់​ឱ្យ​មាន​ការ​ប្រើ​កម្លាំង​ទេ ចង់​ឱ្យ​រក​ដំណោះ​ស្រាយ​លើ​តុ​ចរចា»

ទោះ​យ៉ាង​ណា ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន ព្រម​ទាំង​ព្រមាន​ធ្វើ​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ មិន​បាន​ធ្វើ​ឱ្យ​អ្នក​ទេសចរ​បរទេស​មួយ​ចំនួន ដែល​ចូល​មក​ទស្សនា​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ ជា​រៀង​រាល់​ថ្ងៃ នៅ​តែ​មាន​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ចូល​មក​ទស្សនា​ប្រាសាទ​បុរាណ​ដដែល។

អ្នក​ទេសចរ​ជាតិ​អាល្លឺម៉ង់ ម្នាក់ គឺ​លោក ម៉ាឃូ (Makhu) បាន​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ចាប់​អារម្មណ៍​ទៅ​នឹង​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ឡើយ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ផ្ទុយ​ទៅ​វិញ គឺ​លោក​មាន​អារម្មណ៍​សប្បាយ​នៅ​ពេល​បាន​ឃើញ​សំណង់​បុរាណ​នានា៖ «ខ្ញុំ​គិត​ថា ពេល​នេះ​អ្វីៗ​ទាំងអស់ គឺ​ល្អ​ប្រសើរ។ ខ្ញុំ​បាន​ឃើញ​ស្ថាបត្យកម្ម និង​សំណង់​បុរាណ ដូច​ជា​ប្រាសាទ​តាព្រហ្ម និង​បាយ័ន ជាដើម គឺ​ធ្វើ​ឱ្យ​ខ្ញុំ​ចូល​ចិត្ត​យ៉ាង​ខ្លាំង ប៉ុន្តែ​លោក ខ្ញុំ​មិន​បាន​ដឹង​ថា មាន​អ្វី​កំពុង​កើត​ឡើង​នៅ​ក្នុង​កម្ពុជា ទេ ពីព្រោះ​ប្រទេស​របស់​ខ្ញុំ​នៅ​ឆ្ងាយ​ពី​កម្ពុជា»

គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រកាស​អំពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ បាន​អះអាង​ថា គណបក្ស​នេះ​មិន​ចង់​ធ្វើ​មហា​បាតុកម្ម​ឡើយ ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច សុខ​ចិត្ត​បង្កើត​យន្តការ​ឯករាជ្យ​មួយ ដើម្បី​រក​យុត្តិធម៌​អំពី​លទ្ធផល​ឆ្នោត​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ពិត​ប្រាកដ។

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ ទំនង​ជា​មិន​អាច​ជៀស​រួច​ទេ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ឱ្យ​ពិត​ប្រាកដ ហើយ​លោក​យល់​ថា មហា​បាតុកម្ម​ដែល​អាច​នឹង​ផ្ទុះ​ឡើង ដូច​ជា​មិន​ប៉ះពាល់​ទៅ​លើ​វិស័យ​អ្វី​ទេ ដោយសារ​តែ​ជា​មហា​បាតុកម្ម​អហិង្សា។

លោក កឹម សុខា៖ «សមាគម​ទេសចរណ៍​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង កុំ​ឱ្យ​ទេសចរណ៍​សេដ្ឋកិច្ច​ធ្លាក់​ចុះ គឺ​ត្រូវ​ធ្វើ​សម្ពាធ​ទៅ​រដ្ឋាភិបាល ទៅ​គណបក្ស​ប្រជាជន ថា​ខ្លួន​ត្រូវ​តែ​បង្កើត​នូវ​យន្តការ​ឯករាជ្យ​មួយ រក​យុត្តិធម៌​ឱ្យ​ម្ចាស់​ឆ្នោត​ហ្នឹង​ទៅ បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​ទៅ​ចប់​បាត់​ទៅ​ហើយ មិន​មាន​បាតុកម្ម​ឯ​ណា។ គណបក្ស​សង្គ្រោះ​ជាតិ មាន​ចង់​ធ្វើ​បាតុកម្ម​ឯណា បើ​បាន​យុត្តិធម៌​ហើយ»

ចំណែក​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា មាន​វិបត្តិ​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា កន្លង​មក ហើយ​នៅ​តែ​បន្ត​អូស​បន្លាយ​ទៅ​ទៀត​ក៏ដោយ ក៏​ចំនួន​អ្នក​ទេសចរ​បរទេស​មក​ទស្សនា​ប្រាសាទ​អង្គរ មិន​មាន​ការ​ថយ​ចុះ​ទេ។ លោក ង៉ូវ សេងកាក់ បាន​បញ្ជាក់​ថា រយៈពេល ៧​ខែ​ឆ្នាំ​២០១៣ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប គឺ​មាន ១​លាន ២​សែន​នាក់។ ចំនួន​នេះ បាន​កើន​ឡើង ៦,៦៦% បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទោះ​យ៉ាង​ណា លោក ង៉ូវ សេងកាក់ បាន​សម្ដែង​ក្ដី​បារម្ភ​ទៅ​លើ​ចំនួន​ភ្ញៀវ​ទេសចរ អាច​នឹង​ថយ​ចុះ​នៅ​ខែ​ក្រោយ ប្រសិន​បើ​មាន​មហា​បាតុកម្ម​មួយ​ផ្ទុះ​ឡើង​មែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។