លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ឲ្យធ្វើកិច្ចការងារស្របទៅតាមច្បាប់ និងមិនត្រូវរិះគន់ប៉ះពាល់អ្នកដទៃ ពុំនោះទេ ពួកគេនឹងប្រឈមនឹងការជាប់ពន្ធនាគារ និងពិន័យប្រាក់ថែមទៀត។ ក៏ប៉ុន្តែអង្គការសិទ្ធិមនុស្សកម្ពុជា យល់ថា រដ្ឋាភិបាលគួរស្វាគមន៍ការចូលរួមដោយសកម្មរបស់ក្រុមអង្គការសង្គមស៊ីវិល ដែលជួយធ្វើជាកញ្ចក់ឆ្លុះ ហើយគួរទទួលយកការរិះគន់ទៅពិចារណា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ មីនា ពេលសម្ពោធបើកការដ្ឋាន និងសម្ពោធផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញ ព្រមានមន្ត្រីសង្គមស៊ីវិលមួយរូបដោយមិនបញ្ចេញឈ្មោះ ថាមិនគួរលូកលាន់ការងាររបស់អ្នកនយោបាយ។ លោកក៏លើកឡើងថា ការបង្ក្រាបលើអង្គការសង្គមស៊ីវិល ដោយសារពួកគេ «និយាយ»៖ «ផ្តាំទុកឲ្យហើយម្នាក់ហ្នឹង ច្រើនដងហើយ។ អស់ប៉ុន្មាន? តែច្រឡឺម ព្រហើន គឹប! អ្នកដាក់គឹបហ្នឹង គឺច្បាប់អ្នកដាក់គឹប មិនមែនខ្ញុំធ្វើទេ»។
លោកក៏បានលើកយកស្ថានការណ៍នៅសហរដ្ឋអាមេរិក ដែលប្រធានាធិបតីសហរដ្ឋអាមេរិក ទើបឡើងកាន់តំណែង លោក ដូណាល់ ត្រាំ (Donald Trump) ចោទអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) ពីការលួចលបស្តាប់ការសន្ទនាតាមទូរស័ព្ទពេលយុទ្ធនាការឃោសនាបោះឆ្នោត។ លោកបញ្ជាក់ថា ការមិនត្រូវរ៉ូវគ្នារវាងអ្នកនយោបាយ មិនមែនកើតឡើងតែនៅកម្ពុជា នោះទេ៖«អ៊ីចឹង ដូណាល់ ត្រាំ ចេះតែទាស់ទៅ ស្រួលខ្ញុំនៅឯណោះបន្ត ដើម្បីស្រួលប្រដៅពួកអុចអាល។ សម្រាប់ខ្ញុំ ខ្ញុំមិនខឹងអ្នកដុតភ្លើងទេ ខ្ញុំខឹងអ្នកហួចហៅខ្យល់»។
នៅរយៈពេលចុងក្រោយនេះ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ពីការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយពីសំណាក់សមាជិកសភាគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា ជាមធ្យោបាយប៉ុនប៉ងរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោតចូលមកដល់។
នៅថ្ងៃទី៥ មីនា ក្រុមសង្គមស៊ីវិលចំនួន៧៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា សម្ដែងពីការខកចិត្តពីការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ដែលការកាត់ក្តីរបស់តុលាការរងឥទ្ធិពលនយោបាយ។ សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ការវាយប្រហារ «ដ៏ឥតអៀនខ្មាស» មកលើសកម្មជនការពារសិទ្ធិមនុស្សកម្ពុជា នៅរយៈពេលចុងក្រោយនេះ ដែលមើលទៅហាក់ដូចជាយុទ្ធសាស្ត្ររៀបចំទុកជាមុន «យ៉ាងច្បាស់លាស់» របស់អាជ្ញាធរកម្ពុជា ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញមតិប្រឆាំង ខណៈការបោះឆ្នោតឃុំ-សង្កាត់នឹងមកដល់ក្នុងរយៈពេល ៤ខែទៀត ហើយការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៦ មីនា ថា រដ្ឋាភិបាលដែលប្ដេជ្ញាពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ គួរលើកទឹកចិត្តដល់ការចូលរួមយ៉ាងសកម្មរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋ ក្នុងកិច្ចការងារសង្គម និងនយោបាយ ដែលនេះជាគ្រឿងផ្សំសំខាន់នៃលទ្ធិប្រជាធិបតេយ្យ៖ «យើងគួរតែសប្បាយចិត្ត នៅពេលដែលពលរដ្ឋជាច្រើន រួមទាំងអង្គការសង្គមស៊ីវិល រួមទាំងយុវជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាដើម ដែលគាត់ដើរតួនាទីច្រើនមែនទែនក្នុងការដើរតួនាទីជាកញ្ចក់ក្នុងសង្គមយើង។ ឆ្លុះបញ្ចាំងជាទូទៅក្នុងនាមជារដ្ឋាភិបាល តែងតែត្រូវបានពលរដ្ឋ តួអង្គសង្គមស៊ីវិល មើលឃើញពួកគាត់ច្រើនជាងគេ ដោយសាររដ្ឋាភិបាល ដើរតួនាទីជាអ្នកប្រតិបត្តិការ ធានាការគោរពសិទ្ធិមនុស្សដល់ពលរដ្ឋគ្រប់រូប»។
អ្នកស្រីរំពឹងថា តួអង្គនីមួយៗ ទាំងរដ្ឋាភិបាលដែលចូលរួមក្នុងចរន្តលទ្ធិប្រជាធិបតេយ្យ បំពេញតួនាទីរៀងៗខ្លួនឲ្យបានត្រឹមត្រូវ និងគោរពតួនាទីរបស់តួអង្គគ្នាទៅវិញទៅមក៖ «អ៊ីចឹងបើយើងផាត់ចោលតួអង្គណាមួយ ខ្ញុំមើលទៅ គ្មានប្រយោជន៍អីសម្រាប់ប្រទេសជាតិយើងនោះទេ។ សួរថា អ្នកទាំងអស់គ្នា ដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំង ពេលខ្លះ យើងអាចលើកឡើងថា កញ្ចក់នោះអាចឆ្លុះទៅខុស តែបើថា យើងធ្វើការកែតម្រូវទៅ យើងឆ្លុះបញ្ចាំងមកវិញមក ថាអ្វីដែលគេលើកនេះខុសហើយយើងកំពុងធ្វើអ៊ីចេះ»។
រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ ហើយរដ្ឋត្រូវត្រួតពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ចំពោះសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
