អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលាលែងពីតំណែងជារដ្ឋលេខាធិការនៃក្រសួងទំនាក់ទំនង និងអធិការកិច្ចនៃរដ្ឋសភា និងព្រឹទ្ធសភា ជាផ្លូវការហើយក្រោយពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យមួយទៅតាមសំណើរបស់អ្នកស្រី។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា អ្នកស្រី ហ៊ុន ស៊ីណាត បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) របស់អ្នកស្រីថា មូលហេតុដែលនាំឲ្យអ្នកស្រីសម្រេចលាលែងពីតួនាទីការងារនេះ គឺដោយសារក្រសួងទំនាក់ទំនង និងអធិការកិច្ចនៃរដ្ឋសភា និងព្រឹទ្ធសភា មិនហ៊ានបើកការស៊ើបអង្កេតលើករណីលោកឧកញ៉ា លី យ៉ុងផាត់ ដែលរងការចោទថាបានរំលោភសិទ្ធិពលរដ្ឋខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីចម្ការអំពៅ។
លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានទទួលសិទ្ធិអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចដាំអំពៅចំនួន ៩ពាន់ហិកតារ នៅស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គើរ (Sugar) របស់អ្នកស្រី គឹម ហៀង ភរិយារបស់ លោក លី យ៉ុងផាត់ ក៏បានទទួលដីសម្បទានសេដ្ឋកិច្ចចំនួនជាង ៩ពាន់ហិកតារនៅស្រុកឱរ៉ាល់ និងផ្ទៃដីអភិវឌ្ឍន៍សត្វព្រៃចំនួន ៤.៧០០ហិកតារបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រួសារមួយនេះ មានផ្ទៃដីសរុបចំនួន ២ម៉ឺន ៣ពាន់ហិកតារ ដែលជាទំហំលើសពីច្បាប់អនុញ្ញាត។
ក្រុមអ្នកភូមិអះអាងថា ដីសម្បទានរបស់ លោក លី យ៉ុងផាត់ បានប៉ះពាល់ធ្ងន់ធ្ងរដល់ដីលំនៅឋាន និងដីចម្ការរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
