ពលរដ្ឋខ្មែរ-អាមេរិកាំង​ទាមទារដោះលែងលោក កឹម សុខា នៅមុខស្នាក់ការ​អ.ស.ប

លោក មួង ណារ៉េត
2017-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។
លោក អ៊ុង ឫទ្ធី (រូបកាន់មេក្រូនិយាយ) ចូលរួមបាតុកម្មតវ៉ាឲ្យដោះលែងលោក កឹម សុខា នៅមុខក្រសួងការបរទេសអាមេរិក នៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧។
RFA

រលក​នៃ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នឹង​បន្ត​បោកបក់​ទៅ​ដល់​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ញូវយ៉ក (New York) នៅ​ថ្ងៃ​សុក្រ នេះ​ទៀត។

គាប់​ជួន​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ កំពុង​បើក​មហាសន្និបាត​លើក​ទី​៧២ របស់​ខ្លួន​នៅ​ទីក្រុង​ញូវយ៉ក ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​រដ្ឋ​នានា នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ ទី​២២ ខែ​កញ្ញា នេះ។

ពលរដ្ឋ​ខ្មែរ​អាមេរិក​ម្នាក់​គឺ​លោក អ៊ុង ឬទ្ធី មក​ពី​ក្រុង​ឡូវែល ដែល​នឹង​ចូល​រួម​តវ៉ា​ឲ្យ​ដោះលែង​ លោក កឹម សុខា ប្រាប់​អាស៊ីសេរី ថា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ ជាច្រើន​បាន​សំណូម​ពរ​ឲ្យ​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​កន្លែង​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​នេះ ដោយសារ​ចង់​ផ្ញើ​សារ​ឲ្យ​ឮ​ដល់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ដែល​មក​ចូល​រួម​ក្នុង​សន្និបាត​នោះ បាន​ដឹង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ “យើង​ចង់​ផ្ញើ​សារ​ទៅ​ពិភពលោក​ឲ្យ​ដឹង ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រទេស​របស់​យើង ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ឃុំឃាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ទី​ពីរ ប្រសិន​ជា​​មាន​ការ​ចាប់​ចង​ប្រធាន​គណបក្ស​អ៊ីចឹង ការ​បោះ​ឆ្នោត​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។ ទីបី សុំ​ឲ្យ​មាន​ស្ថិរភាព​ក្នុង​រឿង​លទ្ធិ​​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ព្រោះ​កំពុង​រង​ការ​លំបាក និង​ដើរ​ថយ​ក្រោយ។ ទី​បួន គឺ​សុំ​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ ​ជួយ​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ”

​ក្នុង​មហាសន្និបាត​លើក​ទី​៧២ របស់​អង្គការ​សហប្រជាជាតិ ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​នេះ​ ប្រទេស​កម្ពុជា បាន​ចាត់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស លោក​ ប្រាក់ សុខុន ឲ្យ​មក​ចូល​រួម​ប្រជុំ។ ប៉ុន្តែ​លោក អ៊ុង ឬទ្ធី បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ផ្ញើ​សារ​ទៅ​មេ​ដឹក​នាំ​ពិភពលោក រួម​ទាំង​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​សំខាន់​ថា​មាន ឬ​គ្មាន​​វត្តមាន​តំណាង​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​ចូល​រួម​ប្រជុំ​នោះ​ទេ៖ “ទោះបី​លោក​ ប្រាក់​ សុខុន មក ឬ​មិន​មក សំខាន់​យើង​ចង់​ធ្វើ​ម៉េច​ក្នុង​នាម​យើង​ជា​ជន​ជាតិ​ខ្មែរ ដែល​រស់​នៅ​ប្រទេស​ក្រៅ យើង​ចង់​ឲ្យ​ពិភពលោក​ដឹង​ថា យើង​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​ឡើយ”

តាំង​ពី​ក្រោយ​ការ​ចាប់​ខ្លួន​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា រលក​បាតុកម្ម​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​ទីន្លែង​​ដែល​មាន​ខ្មែរ​រស់​នៅ។ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញាឋ​ខាង​មុខ​នេះ ពលរដ្ឋ​ខ្មែរ​មក​ពីរ​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប នឹង​ធ្វើ​បាតុកម្ម​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា នៅ​មុខ​ការិល័យ​សិទ្ធិមនុស្ស ​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ ចំណែក​ឯ​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​នាំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ដូច​គ្នា​នេះ​ដែរ នៅ​ថ្ងៃទី​០១ ខែ​តុលា​ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

របបផ្តាច់ការត្រូវតែដួលរលំ

Sep 21, 2017 11:45 PM

គេហទំព័រ​ទាំងមូល