បណ្ដឹង​ប្រឆាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​តុលាការ

ដោយ អាស៊ីសេរី
2017-01-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

រហូត​មក​ដល់​ពេល​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​វិល​ចូល​ស្រុក កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​ក្នុង​តុលាការ​កម្ពុជា​ចំនួន ៧​ករណី។

បណ្ដឹង​ទាំងនោះ​រួម​មាន បណ្ដឹង​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើងឯក ថា លោក ហោ ណាំហុង ជា​​អតីត​មេ​គុក​បឹងត្របែក។

បណ្ដឹង​ទី​២ ពី​បទ​បរិហារ​កេរ្តិ៍ លោក ហេង សំរិន។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ បាន​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​លើ​លោក សម រង្ស៉ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្តលោក ហេង សំរិន ចំនួន ១៥០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៉ី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​ចោទ​លោក ហេង សំរិន ថា​ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ថាក្បត់​ជាតិ កាល​ពី​ជំនាន់​លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ។

សំណុំ​រឿង​ទី​៣ គឺ​ទាក់ទង​បណ្ដឹង​បរិហារ​កេរ្តិ៍​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក​ពី​បរទេស។

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ លោក សោម សឿន សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​លោក សម រង្ស៊ី ថា​បាន​បង្ហោះ​អត្ថបទ​ដែល​មាន​ខ្លឹមសារ​មួលបង្កាច់​ខុស​ពី​ការ​ពិត ដែល​ថា​រូប​លោក​បាន​ណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន អ្នក​គាំទ្រ និង​បណ្ដាញ រួម​ទាំង​មន្ត្រី​រាជការ​ស៊ីវិល ប៉ូលិស ទាហាន ដើម្បី​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ ក្នុង​គោល​បំណង​ផ្តល់​ការ​ចូល​ចិត្ត (Like) សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន។ ករណី​នេះ​តុលាការ​សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី សងប្រាក់​ជំងឺ​ចិត្ត​១៥​លាន​រៀល និង​ពិន័យ​ប្រាក់​១លាន​រៀល​ចូល​រដ្ឋ។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦ លោក​ក៏​រង​បណ្ដឹង​មួយ​ទៀត គឺ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

នៅថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្តី​លោក ហ៊ុន សែន ដោយ​ដាក់​ពន្ធនាគារ ២០​ខែ និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ ១០​លាន​រៀល និង​ត្រូវ​សង​ជំងឺ​ចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ១០០​រៀល ដោយ​ក្រោម​បទ​ចោទ​ពីរ​ករណី គឺ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ពាក្យ​បណ្ដឹង​ពីរ​ដាច់​ដោយឡែក​ពី​គ្នា ប្ដឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទង​នឹង​ការ​ចោទ​ថា រូប​លោក និង​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

រីឯ​បណ្ដឹង​ទី​៥ នោះ គឺ​ពាក់ព័ន្ធ​លោក ហុង សុខហួរ រឿង​បង្ហោះ​ផែនទី។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ លោក សម រង្ស៊ី និង​ជំនួយការ​ពីរ​នាក់​ទៀត ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ឆ្នាំ ក្នុង​បទ​ចោទ​ប្រកាន់ ៣​បទល្មើស គឺ​សម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ដោយ​ឡែក​បណ្ដឹង​ចំនួន​២​ករណី​ចុងក្រោយ លោក សម រង្ស៊ី ត្រូវ​បាន​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ បន្ទាប់​ពី​លោក សម រង្ស៊ី ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៤ មករា ថា លោក ហ៊ុន សែន សូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន​ទឹក​ប្រាក់​១លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង។

ក្នុង​បណ្ដឹង​​ទាំង​ពីរ​នេះ លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន​១​លាន​ដុល្លារ ខណៈ​កញ្ញា ធី សុវណ្ណថា ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

KODAK

ពី SVAY RIENG

ខ្ញុំ​គិតថា​វាគ្មានបានការ​អីទេ​កុំគិតនាំឥត​ប្រយោជន៍វាប្ដឹងប៉ុន្មាន​រយដងទៀតក៏ប្ដឹងទៅ ធ្វើតែមឹនដឹងទៅកំុបាច់ឆ្លើយតបនឹងពួកវា។យូៗទៅវារអៀសខ្លួនវា​ វាឈប់ឯង។

Jan 26, 2017 02:30 AM

គេហទំព័រ​ទាំងមូល