សម្ដេច​ក្រុម​ព្រះ​យល់​ព្រម​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឡើង​វិញ

0:00 / 0:00

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​សម្រេច​ព្រះទ័យ​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (Funcinpec) ឡើង​វិញ ដោយ​មាន​ការ​យាង​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ។

អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ យល់​ឃើញ​ថា ការ​វិល​ត្រឡប់​ជា​ថ្មី​សម្រាប់​គណបក្ស​រាជា​និយម​មួយ​នេះ ទំនង​ជា​ពុំ​មាន​ឥទ្ធិពល​អ្វី​ដល់​គណបក្ស​ធំ​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​នេះ​ឡើយ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​កែប្រែ​គម្រោង​សមាជ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ របស់​ទ្រង់ នៅ​ថ្ងៃ​ទី​១៩ មករា ខាង​មុខ ទៅ​ជា​សមាជ​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ។

នៅ​ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​គម្រប់​ខួប ៧១​ព្រះវស្សា នៅ​ថ្ងៃ​សុក្រ ទី​២ មករា ទ្រង់ រណឫទ្ធិ សម្ដែង​ព្រះទ័យ​រីករាយ​ចំពោះ​ការ​យាង​វិល​ត្រឡប់​ទៅ​គណបក្ស ដែល​កូន​ចៅ​ធ្លាប់​បណ្ដេញ​ទ្រង់​ចេញ​កាល​ពី​ប្រមាណ​ជា ៩​ឆ្នាំ​មុន​នេះ។ ព្រះអង្គ​បញ្ជាក់​ថា ការ​វិល​ទៅ​គ្រប់គ្រង​ពេល​នេះ គឺ​ដើម្បី​បង្រួប​បង្រួម​ក្រុម​រាជា​និយម​ឡើង​វិញ ដើម្បី​ចូលរួម​កសាង​ជាតិ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​បច្ចុប្បន្ន គឺ​មិន​មែន​តាម​ការ​រៀបចំ​ណា​មួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «បើ​ខ្ញុំ នរោត្តម រណឫទ្ធិ និង​អរុណរស្មី ព្រម​ទាំង​អស់​លោក​ទាំងអស់​គ្នា ហើយ​ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​ខួប​កំណើត​ខ្ញុំ​ផង ហើយ​រវល់​តែ​គេ​រៀបចំ​នោះ​វា​អស់​ជា​មនុស្ស វា​អស់​ជា​ខ្មែរ​ហើយ តើ​ពេល​ណា​ឆ្នាំ​ណា​បាន​ខ្មែរ​យើង​ចេះ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​នោះ​បាន»

ទ្រង់​មាន​បន្ទូល​បញ្ជាក់​ទៀត​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​មាន​បំណង​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​ណា​មួយ​ផ្សេង​នោះ​ទេ ប៉ុន្តែ​ក៏​មិន​មែន​ជា​កូន​ជឹង​របស់​គណបក្ស​ណា​មួយ​នោះ​ដែរ។

ទោះ​យ៉ាង​ណា អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច យល់​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ច្រើន​លើក​ច្រើន​សា​មក​ហើយ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​តាំង​ពី​មាន​អាសនៈ​ច្រើន​លើសលប់​ក្នុង​រដ្ឋសភា រហូត​គ្មាន​អាសនៈ​មួយ​សោះ ហើយ​ទើប​នឹង​នាំ​គ្នា​ស្ដារ​ឡើង​វិញ នៅ​ពេល​នេះ​វា​ហាក់​ដូចជា​ហួស​ពេល​ទៅ​ហើយ៖ «ហើយ​សម្រាប់​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ណា​មួយ ដើម្បី​បញ្ជាក់​ពី​ជំហរ​ថា​ត្រូវ​ធ្វើ​ដូចម្តេច គឺ​អត់​មាន​ទេ! សម្ដី​សម្ដេច​ក្រុម​ព្រះ នៅ​តែ​ជា​សម្ដី​រណប​អ្នក​ឈ្នះ​ដដែល អ៊ីចឹង​យើង​ឃើញ​ថា​ពិបាក​ឲ្យ​ប្រជាជន​គាំទ្រ​ណាស់»

ចំណែក​អគ្គលេខាធិការ​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ជា​អតីត​ដៃគូ​ជម្លោះ​ជាមួយ​សម្ដេច​ក្រុម​ព្រះ ដែល​នាំ​ឲ្យ​បែក​បាក់​គណបក្ស​នេះ​ធ្ងន់ធ្ងរ​នោះ បាន​ថ្លែង​សាទរ​ចំពោះ​ការ​វិល​មក​ទ្រនំ​ចាស់​វិញ​នេះ។ លោក​បន្ត​ថា ដោយ​មើល​ឃើញ​គ្រប់​គ្នា​នូវ​លទ្ធផល​នៃ​ការ​បាក់​បែក​កន្លង​មក លោក​សច្ចា​ថា​នឹង​មិន​ឲ្យ​មាន​ការ​បែក​បាក់​ជា​ថ្មី​ទៀត​ឡើយ ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​ចុះ៖ «ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ខ្ញុំ ថា​នឹង​ធ្វើ​អ្វី​ទាំងអស់ ដើម្បី​ឲ្យ​ការ​រួបរួម​គ្នា​លើក​នេះ​ក្លាយ​ជា​ការ​រួបរួម​មួយ​ដែល​មិន​មាន​ ការ​បែក​បាក់ ព្រោះ​ការ​បែក​បាក់​នេះ​ជា​ការ​ឈឺ​ចាប់​ខ្លោចផ្សា»

សម្ដេច​ក្រុម​ព្រះ ត្រូវ​គេ​រិះគន់​ថា​ជា​អ្នក​នយោបាយ​អំពិលអំពែក ឬ​ចេញ​ចូល​ដូច​ថ្លុក​ល្ខោន។ ទ្រង់​ធ្លាប់​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ជាច្រើន​ដង​មក​ហើយ តែ​ទីបំផុត ក៏​ត្រឡប់​ចូល​មក​វិញ ទន្ទឹម​នឹង​នេះ គេ​ក៏​មើល​ឃើញ​ទៀត​ថា ទាំង លោក ញឹក ប៊ុនឆៃ និង​សម្ដេច​ក្រុម​ព្រះ ទំនង​ចិត្ត​មិន​សឿង​ហ៊ាន​ប្រឆាំង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹក​នាំ​ដោយ លោក ញឹក ប៊ុនឆៃ ធ្លាប់​ធ្វើ​សមាជ​បណ្ដេញ​សម្ដេច​ក្រុម​ព្រះ ចេញ​ពី​គណបក្ស​នេះ​ដោយ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​មិន​អាច​ដោះស្រាយ​បាន។ កាល​ពី​មុន​បោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២ លោក ហ៊ុន សែន បាន​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​អ្នក​ទាំង​ពីរ​រួប​រួម​គ្នា​វិញ ដោយ​ហៅ​មក​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នៅ​វិមាន​សន្តិភាព ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ចំណង​ស្នេហ៍​នេះ​ក៏​រលាយ​បាត់​ទៅ​វិញ​ភ្លាមៗ​ទៀត។ ចុង​ក្រោយ​នេះ សម្ដេច​ក្រុម​ព្រះ បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ។ បក្ស​ថ្មី​នេះ​មិន​ទាន់​ធ្វើ​សមាជ​ផង ក៏​គ្រោង​រំលាយ​ចោល​វិញ ដោយសារ​ព្រះអង្គ​យាង​ទៅ​គណបក្ស​ចាស់​វិញ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​គ្រោង​ធ្វើ​សមាជ​បោះ​ឆ្នោត​ប្រធាន​ថ្មី​នៅ​ថ្ងៃ​ទី​១៩ មករា ខាង​មុខ​នេះ ជំនួស​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្ដម អរុណរស្មី ដែល​ជា​ប្រធាន​គណបក្ស​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។