សម្ដេច​ក្រុម​ព្រះ​អះអាង​ថា​នឹង​សើរើ​ឡើង​វិញ​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច

0:00 / 0:00

គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​សម្ពោធ​ទីស្នាក់ការ​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ដែល​មាន​សមាជិក​ជាង ២០០​នាក់​ចូលរួម។

ការ​សម្ពោធ​ទីស្នាក់ការ​គណបក្ស​ថ្មី​នេះ ក្រោម​អធិបតីភាព​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស។ នៅ​ក្នុង​ការ​សម្ពោធ​ទីស្នាក់ការ​ថ្មី​នេះ សម្ដេច​ក្រុម​ព្រះ បញ្ចេញ​សារ​នយោបាយ​ជាច្រើន​ទាក់ទង​នឹង​ការ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ ពិសេស​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បញ្ហា​ព្រំដែន ជាដើម។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ មាន​ព្រះរាជ​បន្ទូល​ប្ដេជ្ញា​ចិត្ត​ទៅ​កាន់​សមាជិក​សមាជិកា​ថា ព្រះអង្គ​នឹង​សើរើ​ឡើង​វិញ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អះអាង​ថា ការ​យាង​មក​ឆាក​នយោបាយ​វិញ​នេះ ក្នុង​គោល​បំណង​មក​ស្រោចស្រង់​ជាតិ នៅ​ខណៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​បែរ​ខ្នង​ដាក់​គ្នា​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នេះ។ សម្ដេច​ក្រុម​ព្រះ បន្ថែម​ថា ព្រះអង្គ​នឹង​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​សើរើ​ឡើង​វិញ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​ធនធាន​ធម្មជាតិ​នោះ៖ «ដី​ណា​ជា​របស់​រដ្ឋ ដី​ណា​ជា​របស់​ប្រជារាស្ត្រ មាន​កម្មសិទ្ធិ​ត្រឹមត្រូវ គ្មាន​បរទេស​ណា ខ្មែរ​ណា​ដក​ហូត​បាន​ជា​ដាច់​ខាត យល់​ទេ? ព្រម​ទេ? ព្រម»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​សម្ដេច​ក្រុម​ព្រះ នេះ គ្រាន់​តែ​ជា​ការ​ទាញ​យក​ប្រជាប្រិយភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៖ «ក៏ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​រយៈពេល​ការ​ដឹក​នាំ​សហ​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៩៣ គឺ​មាន​ការ​ផ្ដល់​ដី​សម្បទាន ៩៩​ឆ្នាំ​តាំង​ពី​ពេល​នោះ​មក»

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា សម្ដេច​ក្រុម​ព្រះ នឹង​លំបាក​ទទួល​យក​ជោគជ័យ​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ ពីព្រោះ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ស្នាដៃ​ដឹក​នាំ​របស់​ព្រះអង្គ​កាល​ពី​អាណត្តិ​ទី​១​ឆ្នាំ​១៩៩៣។

ក្រៅ​ពី​ការ​ប្ដេជ្ញា​ចិត្ត​អំពី​ការ​កសាង​ជាតិ​ឡើង​វិញ​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹក​នាំ​ដោយ​ព្រះអនុជ​របស់​ព្រះអង្គ គឺ​សម្ដេច​រាជបុត្រី នរោត្តម អរុណរស្មី និង​លោក ញឹក ប៊ុនឆៃ នោះ។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​កេរ​មរតក​របស់​ព្រះអង្គ​នោះ ត្រូវ​បាន​រលាយ​នៅ​នីតិកាល​ទី​៥​នេះ ដោយសារ​តែ​ការ​ដឹក​នាំ​របស់​អ្នក​ទាំង​ពីរ។

ភ្លាមៗ​នោះ សម្ដេច​ក្រុម​ព្រះ រំឭក​អំពី​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដោយ​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ការ​ឯកភាព​ជាតិ ហើយ​ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​សហការី​របស់​ព្រះអង្គ ចាក់​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​សម្ដេច​ព្រះ​នរោត្តម សីហនុ លា​ហើយ​កម្ពុជា (ចម្រៀង)។ ក្រោយ​ពី​ស្ដាប់​បទ​ចម្រៀង​នេះ សង្កេត​ឃើញ​ថា អ្នក​ចូលរួម​ជាច្រើន​បាន​ស្រក់​ទឹក​ភ្នែក​នឹក​ស្រណោះ​អតីត​ព្រះមហាក្សត្រ។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​រិះគន់​គណបក្ស​សង្គ្រោះ​ជាតិ ធ្ងន់ៗ​ថា គណបក្ស​នេះ​គួរ​តែ​ចូល​សភា ព្រោះ​ការ​ដែល​នៅ​ក្រៅ​សភា​ប្រមាណ​ជិត ១០​ខែ​មក​នេះ គណបក្ស​ទាំង​ពីរ​គ្មាន​ដោះស្រាយ​អ្វី​បាន​ទេ។ លើស​ពី​នេះ​ទៀត សម្ដេច​ក្រុម​ព្រះ អះអាង​ថា ការ​ចង់​បោះ​ឆ្នោត​មុន​អាណត្តិ​ជា​រឿង​ខុស​រដ្ឋធម្មនុញ្ញ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ចេញ​ប្រតិកម្ម​ថា សម្ដេច​ក្រុម​ព្រះ កំពុង​តែ​យល់​ខុស ហើយ​ថា បើ​សិន​ជា​សម្ដេច​ក្រុម​ព្រះ គិត​ត្រូវ​នោះ ប្រទេស​ជាតិ​មិន​ធ្លាក់​ដល់​កម្រិត​នេះ​ទេ៖ «បើ​រណឫទ្ធិ​ថា​សង្គ្រោះ​ជាតិ​ខុស គឺ​សង្គ្រោះ​ជាតិ​ត្រូវ​ហើយ បើ​រណឫទ្ធិ​ថា​គណបក្ស​ប្រជាជន​ត្រូវ គឺ​គណបក្ស​ប្រជាជន​ខុស​ហើយ អ៊ីចឹង​គាត់​គិត​អី​ខុស​ទាំងអស់ បាន​ជា​ប្រជារាស្ត្រ​បោះ​ឆ្នោត​ឲ្យ​គាត់​ហើយ គាត់​ដឹក​នាំ​ប្រទេស​មិន​កើត»

ទោះ​ជា​យ៉ាង​ណា សម្ដេច​ក្រុម​ព្រះ ក៏​ទទួល​ស្គាល់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គ្មាន​ឯករាជ្យ និង​តម្លាភាព​ដែរ។ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ក៏​ចង់​ឲ្យ​កែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​ដែរ​នៅ​ពេល​ខាង​មុខ។

គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ នឹង​ធ្វើ​សមាជ​នៅ​ខែ​វិច្ឆិកា ខាង​មុខ។ ការ​ប្រកាស​សម្ពោធ​គណបក្ស​ថ្មី​របស់​សម្ដេច​ក្រុម​ព្រះ នេះ នៅ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់ និង​ប្រកាស​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១១៤។

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អះអាង​ថា ព្រះអង្គ​នឹង​គិតគូរ​អំពី​បញ្ហា​ព្រំដែន ដែល​ប្រទេស​ជិត​ខាង​បាន​ឈ្លាន​ពាន​នោះ​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​កម្ពុជា រួច​ផុត​ពី​ការ​ត្រួតត្រា​របស់​បរទេស។

សម្ដេច​ក្រុម​ព្រះ បាន​រំឭក​កាល​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​បោះ​ឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ដែល​ព្រះអង្គ​ជា​ព្រះ​ប្រធាន​គណបក្ស ហើយ​យល់​ព្រម​ចែក​អំណាច​ឲ្យ លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២​នោះ មិន​មែន​ព្រះអង្គ​ទន់​ជ្រាយ​ក្នុង​ការ​ដឹក​នាំ​ទេ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​តាម​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្ដេច​នរោត្តម សីហនុ ដោយ​សម្ដេចឪ​មិន​ចង់​ឲ្យ​មាន​ការ​បំបែក​ទឹក​ដី​កម្ពុជា ជា​ពីរ​នៅ​ពេល​នោះ។ ដូច្នេះ ក្នុង​គោល​បំណង​ផ្សះផ្សា​ជាតិ ព្រះអង្គ​យល់​ព្រម​ដូច្នេះ។ ក្រៅ​ពី​នេះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អះអាង​ថា មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ នោះ ដែល​មាន​របប​រាស្ត្រ​និយម មាន​ទង់ជាតិ មាន​បាវចនា​ជាតិ និង​មាន​អ្វីៗ​ដល់​សព្វថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។