ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ អំពាវនាវដល់សមាជិកសមាជិកាគណបក្សនេះឲ្យរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ដោយមិនអនុញ្ញាតឲ្យមានបក្ខពួកនិយមនៅក្នុងគណបក្សនេះទេ។
ការអំពាវនាវរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ គឺធ្វើឡើងនៅក្នុងសមាជវិសាមញ្ញ ដើម្បីអនុម័តលក្ខន្តិកៈថ្មីនៃគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១២ មីនា៖ «ចេះរួបរួមគ្នាជាធ្លុងមួយ ហើយខ្ញុំសុំការអនុញ្ញាតឲ្យហើយ តែអ្នកណាមានបក្ខពួកនិយម ខ្ញុំសុំដេញចេញពីគណបក្សហ៊្វុនស៊ិនប៉ិច»។
លក្ខន្តិកៈថ្មីដែលមាន ១៨ជំពូក និង ៦០ប្រការ ដែលចែងលម្អិតតាំងពីឈ្មោះ និងរូបសញ្ញាគណបក្ស គោលបំណង និងគោលការណ៍ សមាជិកភាព និងសកម្មភាពគណបក្ស ត្រូវបានសមាជិកចូលរួមប្រមាណ ១ពាន់នាក់អនុម័តជាឯកច្ឆន្ទ។
ទន្ទឹមគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានតែងតាំងអនុប្រធានគណបក្សថ្មីបួនរូបបន្ថែមលើអនុប្រធានទី១ ព្រះរាជបុត្រី អរុណ រស្មី និងអនុប្រធានទី២ គឺលោក ញឹក ប៊ុនឆៃ។ អនុប្រធានទាំង ៤រូប គឺទី១ លោក ប៉ោ ប៊ុនស៊្រឺ លោក យូ ហុកគ្រី លោក នុត សុខុម និងលោក ញ៉េប ប៊ុនជិន។
សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានព្រះបន្ទូលថា ព្រះអង្គ និងសមាជិកសមាជិកាទាំងអស់ សច្ចាថានឹងរួបរួមគ្នាស្ដារគណបក្សនេះឡើងវិញ ហើយយកជ័យជម្នះទី២ នៅពេលបោះឆ្នោតលើកក្រោយ៖ «ចុងក្រោយបង្អស់ សង្ឃឹមថាយើងទាំងអស់គ្នាបង្ហាញឲ្យឃើញថា យ៉ាងតិចបំផុតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាស្នាព្រះហស្ដរបស់សម្ដេចតា សម្ដេចតាទួតរបស់យើង ទទួលចំណាត់ថ្នាក់យ៉ាងតិចបំផុតក៏លេខពីរដែរ»។
ព្រះអង្គមានព្រះបន្ទូលថា ការដែលព្រះអង្គមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច គឺមិនមែនដើម្បីបំបែកអ្នកប្រជាធិបតេយ្យទេ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។ ព្រះអង្គបន្តថា ដើម្បីឲ្យមានជ័យជម្នះ គឺសកម្មជនត្រូវប្រមូលអ្នករាជានិយម និងសីហនុនិយម នៅតាមមូលដ្ឋានឲ្យបានច្រើន។
គណបក្សហ៊្វុនស៊ិនប៉ិច បានផ្លាស់ប្ដូររូបសញ្ញាគណបក្សថ្មីរបស់ខ្លួន ដោយសម្រេចដករូបវិមានឯករាជ្យចេញ ហើយដាក់ផ្កាទេសជំនួសវិញ ដែលសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ពន្យល់ថា ជាតំណាងឲ្យភោគផល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
