សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី ចោទប្រធានក្រុមប្រឹក្សាខេត្តរតនគិរី នៃគណបក្សប្រជាជនកម្ពុជា ថាប្រើប្រាស់មិទ្ទីញទិវា ៧ មករា ជេរប្រមាថ និងចោទប្រកាន់មេដឹកនាំ និងសកម្មជនគណបក្សប្រឆាំងនៅមូលដ្ឋានខុសការពិត។ ក៏ប៉ុន្តែមន្ត្រីគណបក្សប្រជាជន បដិសេធការចោទប្រកាន់នេះ។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំស្រុកតាវែង ខេត្តរតនគិរី លោក តាន ស៊ិន ហៅការជេរប្រមាថរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី ថាជាចេតនាមួលបង្កាច់ផ្នែកនយោបាយ ដើម្បីគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា ការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាក់ទិនទៅនឹងការជួញដូរគ្រឿងញៀន ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវប្រឈមទៅនឹងបទល្មើសព្រហ្មទណ្ឌ៖ «គាត់ប្រមាថអ្នកដែលឈរឈ្មោះខាងគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានស្រុកតាវែង ហ្នឹង គាត់ថាសុទ្ធតែជាមនុស្សគ្មានខួរ ឆ្កួត»។
កាលពីថ្ងៃទី៧ ខែមករា ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក មួង ប៉យ បានរៀបចំមិទ្ទីញអបអរសាទរទិវាជ័យជម្នះ ៧ មករា នៅស្រុកតាវែង ដែលមានប្រជាពលរដ្ឋ មន្ត្រីអាជ្ញាធរមូលដ្ឋានជាង ២០០នាក់ចូលរួម។
សេចក្តីរាយការណ៍របស់ លោក តាន ស៊ីន ឲ្យដឹងថា អ្នកភូមិជាសាក្សីចូលរួមក្នុងពិធីមិទ្ទីញអះអាងថា លោក មួង ប៉យ បានពោលពាក្យបំភ័យប្រជាពលរដ្ឋមិនឲ្យចូលរួមជាមួយគណបក្សប្រឆាំង ហើយពោលពាក្យប្រមាថសកម្មជនគណបក្សប្រឆាំង ថាជាមនុស្សឆ្កួត ព្រមទាំងជេរប្រមាថចោទ លោក សម រង្ស៊ី និងលោក កឹម សុខា ថាជាអ្នកជួញដូរគ្រឿងញៀន ទោះបីលក់ប្រពន្ធកូនក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ដឹកនាំប្រទេសដូចមេដឹកនាំគណបក្សប្រជាជន ដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយពីប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក មួង ប៉យ ជុំវិញសេចក្តីចោទប្រកាន់នេះបានទេ នៅថ្ងៃទី១០ ខែមករា។
ទោះជាយ៉ាងនេះក្តី មេឃុំតាវែងក្រោម លោក ម៉ឹង សួន ជាសកម្មជនគណបក្សប្រជាជន ដែលបានចូលរួមក្នុងមិទ្ទីញនោះដែរ ថ្លែងបដិសេធសេចក្តីចោទប្រកាន់។ លោកអះអាងថា ប្រធានក្រុមប្រឹក្សាខេត្តមិនបានប្រើពាក្យប្រមាថ ឬចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងអ្វីនោះឡើយ៖ «ហើយចំពោះអ្នកណាដែលឃោសនាបំបែកបំបាក់ ធម្មតាគាត់អត់និយាយចង្អុលគណបក្សគាត់ទេ»។
ទាក់ទិនការចោទឆ្លើយដាក់គ្នានេះ មន្ត្រីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (Comfrel) កត់សម្គាល់ថា ការជេរប្រមាថ ឬចោទប្រកាន់គ្មានការពិត ត្រូវប្រឈមមុខទៅនឹងបទល្មើសព្រហ្មទណ្ឌ ដែលនឹងត្រូវតុលាការផ្ដន្ទាទោសតាមច្បាប់។ លោកថា ប្រសិនសកម្មជនគណបក្សសង្គ្រោះជាតិ មានសាក្សីភស្តុតាងស្ដីពីការចោទនេះ គេអាចប្ដឹងប្រធានក្រុមប្រឹក្សាខេត្តតាមផ្លូវតុលាការពីបទមួលបង្កាច់បង្ខូចកេរ្តិ៍៖ «៧ មករា គឺកម្មវិធីបុណ្យរបស់គណបក្សដែលធ្វើ ប៉ុន្តែរឿងបទល្មើសផ្សេងៗយើងអត់ត្រូវយកមកជជែកឡូកឡំទេ ព្រោះដំណើរការនេះមិនមែនជាដំណើរការក្នុងអំឡុងឃោសនាទេ រកសន្លឹកឆ្នោតអីទេ»។
មន្ត្រីគណបក្សប្រជាជនកម្ពុជា ថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ខេត្តក្រុង បានប្រារព្ធទិវា ៧ មករា រំឭកជ័យជម្នះប្រឆាំងរបបប្រល័យពូជសាសន៍របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មួយរូប ក៏ប្រដូចអ្នកប្រឆាំងស្មារតី ៧ មករា ថាជាក្រុមសម្ព័ន្ធមិត្តរបស់ ប៉ុល ពត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
