មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងកោះប្រជុំជាបន្ទាន់នៅថ្ងៃអាទិត្យ ទី១២ កុម្ភៈ នេះ ដើម្បីពិភាក្សាពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យអាស៊ីសេរីដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នឹងបន្តធ្វើប្រធានស្តីទីគណបក្សរហូតដល់មានសមាជជ្រើសរើសប្រធានថ្មី។ កាលពីថ្ងៃសៅរ៍ ទី១១ កុម្ភៈ លោក សម រង្ស៊ី បានបង្ហោះសំបុត្រមួយលើទំព័រហ្វេសប៊ុក (Facebook) របស់លោក ស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ទទួលយកការលាលែងតំណែងរបស់លោក ដោយបញ្ជាក់ថា មូលហេតុនៃការលាលែងនេះ ដោយសារលោកមានបញ្ហាផ្ទាល់ខ្លួន។
ចំពោះការលាលែងពីតំណែងនេះ លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ យល់ឃើញថា ជាយុទ្ធសាស្ត្រមួយដ៏ល្អដើម្បីជួយស្រោចស្រង់គណបក្សសង្គ្រោះជាតិ កុំឲ្យបាត់បង់នៅមុនការបោះឆ្នោត។ លោកបន្តថា ប្រសិនបើលោក សម រង្ស៊ី មិនលាលែងតំណែងឲ្យបានមុនការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនោះទេ គណបក្សផ្សេងទៀតនឹងរកលេសដើម្បីបង្កើតឲ្យមានជម្លោះផ្ទៃក្នុងគណបក្ស ហើយនឹងធ្វើឲ្យគណបក្សប្រឆាំងមួយនេះបែកបាក់ផ្ទៃក្នុង។
កាលពីថ្ងៃទី២ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកចង់យកគំរូតាមប្រទេសថៃ ដោយកំណត់ថា បើប្រធានគណបក្សណាប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ត្រូវរំលាយគណបក្សចោល និងហាមមេដឹកនាំ និងគណៈកម្មការនាយកនៃគណបក្សមិនឲ្យធ្វើនយោបាយ។ ក្រោយការព្រមាននេះ រដ្ឋសភាបានជូនដំណឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៣ កុម្ភៈ ពិនិត្យលើសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយដែលស្នើដោយតំណាងរាស្ត្រគណបក្សកាន់អំណាច។
លោក សូ ចន្ថា អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ ជាការដាក់សម្ពាធរបស់គណបក្សប្រជាជនកម្ពុជា ទៅលើគណបក្សប្រឆាំង។ លោកថា ការលាលែងរបស់ លោក សម រង្ស៊ី ជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដើម្បីបន្តជីវិតនយោបាយគណបក្សប្រឆាំង។
ទោះបីជាយ៉ាងណាក៏ដោយ លោកព្រមានថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា កំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះខ្សោយ និងជួបគ្រោះថ្នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
