ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានគម្រោងចុះត្រួតពិនិត្យបង្គោលព្រំដែនកម្ពុជាវៀតណាម នៅស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១៦ វិច្ឆិកា។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃទី១ វិច្ឆិកា ថា លោកនឹងដឹកនាំក្រុមនិស្សិត ថ្នាក់ដឹកនាំសហជីព និងគ្រូបង្រៀន ប្រមាណ ៨០នាក់ ចុះទៅទស្សនកិច្ចនៅព្រំដែនកម្ពុជា គឺនៅចន្លោះបង្គោលព្រំដែនលេខ១៤៧ និង១៤៨ ព្រមទាំងបង្គោលតម្រុយព្រំដែនដែលស្ថិតស្រុករំដួល ខេត្តស្វាយរៀង នោះទៀត។
លោកថា នេះជាកម្មវិធីមួយដែលផ្ដល់ឲ្យប្រជាពលរដ្ឋបានដឹងពីទឹកដីរបស់ខ្លួន។ ជាងនេះទៅទៀត គឺដើម្បីឲ្យនិស្សិតចុះកម្មសិក្សា និងបណ្ដុះនូវឆន្ទៈស្រឡាញ់ជាតិស្រឡាញ់ទឹកដី៖ «បង្គោលវាមានភាពមិនប្រក្រតី តម្រុយតូចៗធម្មតាផែនទីប្រទេសកម្ពុជា យើងដូចធ្មេញរណារអ៊ីចឹង ធ្មេញរណារហ្នឹងវាទៅស្រួចចូលទៅខាងក្នុងដីយួន វាចេះតែបត់ចូលមកខាងកម្ពុជា យើង។ វាខុសពីប្រក្រតីនៅក្នុងផែនទី។ អ្នកមូលដ្ឋាននៅហ្នឹងអះអាងថា វាកន្លែងខ្លះ១គីឡូ កន្លែងខ្លះជិត ១គីឡូ វាស៊ីជម្រៅខ្លាំងណាស់ដែរ»។
កាលពីថ្ងៃទី២២ តុលា អង្គការ និងសមាគមចំនួន៨ ដែលតំណាងឲ្យសមាជិកនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចុះហត្ថលេខារួមគ្នាមួយលើលិខិតចំហ ដែលទាមទារឲ្យ លោក ហ៊ុន សែន អន្តរាគមន៍ជាបន្ទាន់ ករណីប្រទេសថៃ និងប្រទេសវៀតណាម ថាមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា។ លិខិតនោះបញ្ជាក់ដែរថា ការមិនគោរពកិច្ចព្រមព្រៀងនោះ គឺភាគីប្រទេសទាំងពីរនៅតែរំកិលបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជា និងរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
