លោក​រ៉ុង​ឈុន​ដឹកនាំ​យុវជន​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​​វៀតណាម

0:00 / 0:00

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន នៅ​ថ្ងៃអាទិត្យ ទី​១៦ វិច្ឆិកា បាន​ដឹកនាំ គ្រូបង្រៀន យុវជន សិស្ស និស្សិត មកពី​មហាវិទ្យាល័យ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ សរុប​មាន​គ្នា ប្រមាណ ១០០ នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម លេខ ១៤៧ -១៤៨ នៅ​ក្នុង​ភូមិ​ខ្នា ឃុំ​ខ្នាថ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។

លោក រ៉ុង ឈុន ថ្លែង​ថា ការដឹកនាំ​ក្រុម​យុវជន សិស្ស និស្សិត ទៅ​ពិនិត្យមើល​បង្គោល​ព្រំដែន នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នេះ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ប្រជាពលរដ្ឋ បាន​សិក្សា​យល់ដឹង​ការពិត អំពី​ការ​បោះ​បង្គោល​ព្រំដែន​ប្រទេស​របស់​ខ្លួន និង​បណ្ដុះ​ទឹកចិត្ត​ស្នេហា​ជាតិ មាតុភូមិ ដល់​អ្នកចូលរួម​ដំណើរ​ទាំងអស់។

លោក រ៉ុង ឈុន ដឹកនាំ​ក្រុម​យុវជន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។
លោក រ៉ុង ឈុន ដឹកនាំ​ក្រុម​យុវជន​ចុះ​ទៅ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ២០១៤។ (RFA/Mom Sophon)

មកទល់​ម៉ោង ១១ ថ្ងៃត្រង់ ក្រុម​សិស្ស និស្សិត បាន​ទៅ​ជិត​ដល់ គោលដៅ ហើយ និង​ពុំ​មាន​ការ​រារាំង​ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា បើ​ទោះជា​មិនទាន់​ការរារាំង​ក៏ដោយ តែ​តាម​ប្រភព​ព័ត៌មាន​ពី កន្លែង​គោលដៅ​ប្រុង​ចុះទៅ​មើល បាន​ឲ្យ​ដឹង​ថា មាន​កម្លាំង​អាជ្ញាធរ ខ្មែរ និង​វៀតណាម ជាច្រើន​នាក់ បាន​រាយ​គ្នា នៅ​កន្លែង​ជិត​បង្គោល​ព្រំដែន​ប្រទេស​ទាំង​២​នោះ​ហើយ៕

សូម​ស្ដាប់​សេចក្តី​រាយការណ៍​ផ្ទាល់​ពី​តំបន់​ព្រំដែន​កម្ពុជា​-វៀតណាម ដោយ​លោក មុំ សុផុន ដូច​តទៅ៖

ក្រុម​យុវជន​ជា​សកម្មជន​ឃ្លាំ​មើល​ព្រំដែន​ប្រមាណ​១០០​នាក់​ដឹកនាំ​ដោយ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចុះ​ទៅ​មើល​ព្រំដែន​ប្រទេស​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា ឯករាជ្យ ថ្លែង​ថា ការ​ចុះ​មក​មើល​ព្រំដែន​នេះ​គឺ​ដើម្បី​សិក្សា​ស្វែងយល់​ និង​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម។ លោក​ថ្លែង​ទៀត​ថា សកម្មភាព​នេះ​ក៏​ជា​ការ​បំផុស​គំនិត​យុវជន​ឲ្យ​ស្រលាញ់​ជាតិ​មាតុភូមិ និង​ស្រលាញ់​ទឹក​ដី​ដែរ។

ក្រុម​យុវជន​បាន​ដើរ​ទៅ​មើល​បង្គោល​កំណត់​លេខ​៧ លេខ​៨ និង​លេខ​៩ ចន្លោះ​បង្គោល​ឡាក់​ព្រំដែន​លេខ​១៤៧ ១៤៨ ព្រំដែន​កម្ពុជា ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ជាប់​ប្រទេស​វៀតណាម ខេត្ត​តាយនិញ ឬ​ហៅ​ថា ខេត្ត​រោងដំរី។

ក្នុង​ពេល​ដែល​ក្រុម​យុវជន និង​ពលរដ្ឋ​ចុះ​ទៅ​មើល​បង្គោល​កំណត់​ព្រំដែន​នោះ គឺ​មាន​អាជ្ញាធរ​តាម​ថត​សកម្មភាព​ក្រុម​យុវជន និង​អ្នក​កាសែត​ដែល​បាន​ទៅ​សម្ភាសន៍​ពលរដ្ឋ​នៅ​កន្លែង​បោះ​បង្គោល ហើយ​ក៏​មាន​អាជ្ញាធរ​វៀតណាម ស្លៀកពាក់​ស៊ីវិល នៅ​ឃ្លាំ​មើល​ដែរ។

ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ថ្លែង​ដី​កេរ្តិ៍​ដំណែល និង​ដី​ផ្នូរ​ឪពុក​របស់​គាត់​ត្រូវ​បោះ​បង្គោល​ព្រំដែន​កាត់​ចូល​ទៅ​ប្រទេស​វៀតណាម។ អ្នក​ស្រុក​ខ្លះ​ទៀត​ថា ចម្ការ​ស្វាយចន្ទី​របស់​ពួក​គាត់​ដែល​កាន់កាប់ និង​ប្រមូល​ផល​ជា​យូរ​មក​ហើយ​នោះ​ក៏​ត្រូវ​បោះ​បង្គោល​ចំពាក់​កណ្ដាល​ចម្ការ​ដែរ។

ក្រុម​យុវជន​ដែល​ទៅ​មើល​បង្គោល​កំណត់​ព្រំដែន​នោះ ហាក់​ស្រងាក​ចិត្ត​នៅ​ពេល​ដែល​មើល​ឃើញ​ការ​បោះ​បង្គោល​ទាំង​នោះ​បោះ​ចូល​ក្នុង​ទឹកដី​របស់​ពលរដ្ឋ​ដែល​ផ្ទុយ​ពី​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ការ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ដី។ ក្រុម​យុវជន និង​ពលរដ្ឋ​ហាក់​មិន​ជឿជាក់​ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​ទ្វេភាគី​កម្ពុជា និង​វៀតណាម ទេ ដោយ​មើល​ទៅ​កម្ពុជា ហាក់​នៅ​ក្រោម​គំនាប​នយោបាយ​របស់​ប្រទេស​វៀតណាម។

ទោះ​យ៉ាង​ណា​លោក​រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ឲ្យ​ដឹង​ថា របាយការណ៍​នៅ​ដែល​លោក​ប្រមូល​បាន​នេះ នឹង​ដាក់​ជូន​ទៅ​សមាជិក​រដ្ឋសភា​ដើម្បី​ទាមទារ​ឲ្យ​លុប​ចោល​អនុសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​បូរណភាព​ទឹកដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។