មន្ត្រីជាន់ខ្ពស់ផ្នែកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អះអាងថា មហាសេដ្ឋីជនជាតិរុស្ស៊ី លោក សៀរហ្គេយ ប៉ូលូនស្គី (Sergey Polonsky) នឹងត្រូវបណ្ដេញចេញពីកម្ពុជា ជាបន្ទាន់ភ្លាមៗក្នុងអំឡុងពេលមួយសប្ដាហ៍ក្រោយការចាប់ខ្លួន បន្ទាប់ពីអាជ្ញាធររកឃើញថា បានរស់នៅកម្ពុជា ដោយខុសច្បាប់។
ក្រុមមន្ត្រីអះអាងទៀតថា ការចាប់ខ្លួនមហាសេដ្ឋីរុស្ស៊ីរូបនេះ គឺជារឿងផ្លូវច្បាប់ មិនពាក់ព័ន្ធនឹងសំណើសុំធ្វើបត្យាប័នមហាសេដ្ឋីរូបនេះរបស់ស្ថានទូតរុស្ស៊ី ប្រចាំនៅកម្ពុជា នោះឡើយ។
មហាសេដ្ឋីរុស្ស៊ី លោក សៀរហ្គេយ ប៉ូលូនស្គី និងបក្ខពួក ៥រូបផ្សេងទៀត កំពុងត្រូវអាជ្ញាធរឃុំខ្លួននៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ទាប់ពីត្រូវកងទ័ពជើងទឹកសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួននៅកោះដំឡូង នារសៀលថ្ងៃទី១៥ ខែឧសភា។
អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក សុខ ផល បានឲ្យដឹងថា ដោយផ្អែកទៅតាមច្បាប់អន្តោប្រវេសន៍ត្រង់មាត្រា៣៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសិទ្ធិបណ្ដេញចេញជនបរទេសណារស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ លោកថា ជាក់ស្តែងមហាសេដ្ឋីរុស្សីរូបនេះ ត្រូវបានរកឃើញថារស់នៅដោយខុសច្បាប់ ព្រោះមិនមានឯកសារគ្រប់គ្រាន់។ ដូច្នេះ កម្ពុជា សម្រេចបណ្ដេញចេញយ៉ាងយូរបំផុតមិនឲ្យលើសរយៈពេលមួយសប្ដាហ៍ក្រោយការចាប់ខ្លួន៖ «រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសិទ្ធិបណ្ដេញចេញមានបីរូបភាព គឺទី១ គ្មានលិខិតឆ្លងដែន។ ទី២ គ្មានប័ណ្ណការងារ និងទី៣ បានបង្កធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម។ ចឹងរឿងនេះជននេះមានឯកសារគ្រប់រដ្ឋហើយដែលអាចឲ្យយើងធ្វើការបណ្ដេញចេញបាន»។
អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ រូបនេះបានឲ្យដឹងទៀតថា ជាជំហានដំបូង ក្រសួងមហាផ្ទៃ សម្រេចបណ្ដេញ លោក សៀរហ្គេយ ប៉ូលូនស្គី មហាសេដ្ឋីរុស្ស៊ី ឲ្យចេញពីកម្ពុជា មុនគេ ដោយសារអាជ្ញាធរមានឯកសារគ្រប់គ្រាន់ ដែលអាចបណ្ដេញមហាសេដ្ឋីរូបនេះ។ ចំណែកឯបក្ខពួកផ្សេងទៀតកំពុងតែស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។ លោក សុខ ផល ថានេះជាករណីទី១សម្រាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយលោកនឹងបន្តរឹតបន្តឹងបន្ថែមទៀតចំពោះជនបរទេសណាដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់៖ «នេះរឿងទី១ សម្រាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺយើងចាំបាច់ត្រូវធ្វើការរឹតបន្តឹងជនបរទេស គឺជាទូទៅត្រូវមានលិខិតឆ្លងដែន ប័ណ្ណ និងឯកសារផ្សេងទៀតដែលពាក់ព័ន្ធ។ ដូច្នេះបើគាត់អត់មានគ្រប់ ហើយរស់នៅកម្ពុជា ដោយខុសច្បាប់ គឺយើងត្រូវចាត់វិធានការតាមច្បាប់»។
ទាក់ទងនឹងរឿងមហាសេដ្ឋីរុស្សី ដែរ កន្លងមកក្រសួងការបរទេសកម្ពុជា បានស្នើឲ្យក្រសួងយុត្តិធម៌ ពិនិត្យមើលសំណើរបស់ស្ថានទូតរុស្ស៊ី ដែលចង់ឲ្យកម្ពុជា ធ្វើបត្យាប័នមហាសេដ្ឋីរុស្ស៊ី លោក សៀរហ្គេយ ប៉ូលូនស្គី។ សំណើរបស់ស្ថានទូតរុស្ស៊ី ធ្វើឡើងនៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង។
ប៉ុន្តែទាក់ទងការបណ្ដេញមហាសេដ្ឋីរុស្សី នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ទិវាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា នៅឯក្រសួងមហាផ្ទៃ ថា ការបណ្ដេញមហាសេដ្ឋីរុស្ស៊ី នៅពេលនេះ មិនតបតាមសំណើរបស់ស្ថានទូតរុស្ស៊ី នោះទេ គឺជាការធ្វើឡើងស្របតាមច្បាប់របស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
