សមាជិក​ព្រឹទ្ធសភា​១១​រូប​របស់​បក្ស​សម​រង្ស៊ី​មិន​ចូល​រួម​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​១១​មេសា

0:00 / 0:00

សមាជិក​ព្រឹទ្ធសភា​ចំនួន ១១​រូប​របស់​គណបក្ស សម រង្ស៊ី ធ្វើ​ពហិការ​មិន​ចូល​​រួម​ប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ​​ផ្តល់​យោបល់​ទៅ​លើ​ច្បាប់​មួយ​ចំនួន ដែល​បញ្ជូន​ដោយ​រដ្ឋសភា​ឯក​បក្ស​នីតិកាល​ទី​៥​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​មេសា។ ប៉ុន្តែ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ការ​មិន​ចូល​រួម​ប្រជុំ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី មិន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ព្រឹទ្ធសភា​ទេ។

លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ទាំង ១១​រូប មិន​ចូល​រួម​ប្រជុំ​វិសាមញ្ញ ព្រោះ​យល់​ថា ច្បាប់​ដែល​រដ្ឋសភា​បញ្ជូន​មក​​ព្រឹទ្ធសភា​ពិនិត្យ និង​ផ្តល់​​យោបល់​ពេល​នេះ​មិន​ត្រឹមត្រូវ​ទេ។ លោក​ស្នើ​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​សម្រេច​កិច្ចការ ឬ​បញ្ហា​ប្រទេស​ជាតិ​ធំៗ ដោយ​មិន​ស្រប​ច្បាប់ ឬ​ឯក​បក្ស​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត៖ «ដូច្នេះ​យើង​គ្រាន់​តែ​សោកស្ដាយ​ថា ការ​សម្រេច​អនុម័ត​ច្បាប់​ក្នុង​រយៈពេល​ដែល​គ្មាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សង្គ្រោះ​ជាតិ ស្នើ​តែ​ពាក់​កណ្ដាល​រដ្ឋសភា​អ៊ីចឹង​ហ្នឹង គឺ​វា​ខ្វះ​តម្លាភាព វា​ខ្វះ​គណនេយ្យ​ភាព វា​ខ្វះ​ការ​ចូល​រួម។ ដូច្នេះ វា​មិន​ត្រឹមត្រូវ វា​មិន​ធានា​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា គណបក្ស សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មាន​ចុះ​ហត្ថលេខា​សមាជិក​ព្រឹទ្ធសភា​ចំនួន ១១​រូប ដោយ​បាន​ទទូច​ដល់​គណបក្ស​ឈ្នះ​​អាសនៈ​រដ្ឋសភា​នីតិកាល​ទី​៥ កាល​​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ត្រូវ​ពិភាក្សា​គ្នា​កែ​សម្រួល​ស្ថាប័ន​បោះ​ឆ្នោត ឬ គ.ជ.ប និង​ឈាន​ដល់​រៀប​ចំ​ការ​បោះ​ឆ្នោត​​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌ និង​ផ្តល់​​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រាថ្នា​ចង់​បាន​ការ​បោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់។

​បញ្ហា​នេះ​ដែរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា បាន​ចេញ​សេចក្តី​​ថ្លែងការណ៍​ដោយ​ចាត់​ទុក​ការ​មិន​ចូល​រួម​ប្រជុំ​​របស់​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស សម រង្ស៊ី ថា​មិន​បាន​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ព្រឹទ្ធសភា​ទេ ព្រោះ​ព្រឹទ្ធសភា​មាន​កូរ៉ុម​គ្រប់​ចំនួន។ របៀបវារៈ​ដែល​ព្រឹទ្ធសភា​បាន​លើក​យក​មក​ពិនិត្យ និង​ផ្តល់​យោបល់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា រួម​មាន ពិនិត្យ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​​រដ្ឋ​សម្រាប់​​ការ​គ្រប់គ្រង​ឆ្នាំ​​២០១២ ពិនិត្យ​ផ្តល់​យោបល់​​លើ​​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​​លើ​​ពិធីសារ​ស្ដីពី​​វិសោធនកម្ម លើ​កិច្ច​ព្រមព្រៀង​រវាង​​កម្ពុជា និង​វៀតណាម ស្ដីពី​ការ​ជំរុញ និង​ការ​ការពារ​វិនិយោគ និង​​ពិនិត្យ​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់។

ទោះ​យ៉ាង​ណា សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស សម រង្ស៊ី បាន​ស្នើ​ដល់​គណបក្ស​នយោបាយ​ដែល​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥ ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ ឲ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ធ្វើ​ជា​គន្លឹះ​ដើម្បី​រក្សា​ស្ថិរភាព និង​មាន​ការ​អភិវឌ្ឍន៍​ពិត​ប្រាកដ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។