ប្រធាន​បក្ស​សម​រង្ស៊ី​ស្នើ​ព្រឹទ្ធសភា​បង្វិល​សេចក្ដី​ព្រាង​ច្បាប់​បី​ទៅ​រដ្ឋសភា​វិញ

លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃ​អង្គារ ទី​៣ មិថុនា នេះ ស្នើ​ឲ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​ព្រឹទ្ធសភា បង្វិល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ប្រព័ន្ធ​យុត្តិធម៌​ចំនួន​បី ទៅ​រដ្ឋសភា​វិញ ដោយ​ចាត់​ទុក​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​នោះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ឯករាជ្យ​ភាព​របស់​តុលាការ និង​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ។

សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ខែ​ឧសភា កន្លង​ទៅ បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​អង្គ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បើ​ទោះ​បី​អង្គការ​ជាតិ និង​អន្តរជាតិ បាន​សម្ដែង​ក្តី​បារម្ភ​ថា ច្បាប់​ទាំង​នោះ​នឹង​បណ្ដាល​ឲ្យ​គណបក្ស​កាន់​អំណាច​មាន​ឥទ្ធិពល​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោក គង់ គាំ បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​ព្រឹទ្ធសភា លោក អ៊ុក ប៊ុនឈឿន ដោយ​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​ទាំង​បី ពីព្រោះ​ច្បាប់​នីមួយៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​តម្លាភាព គណនេយ្យ​ភាព និង​ការ​ចូលរួម​ដោយ​ទូលំទូលាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ជា​ចាំបាច់។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ចំនួន ១១​នាក់ គ្រោង​នឹង​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​ព្រឹទ្ធសភា ប្រសិន​បើ​ព្រឹទ្ធសភា​បើក​កិច្ច​ប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​ទាំង​បី​នោះ។

ព្រឹទ្ធសភា​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​របស់​គណបក្ស សម រង្ស៊ី នៅ​ឡើយ​ទេ នៅ​ថ្ងៃ​អង្គារ មិថុនា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។