អ្នក​វិភាគ​នយោបាយ​ថា​លោក សម រង្ស៊ី គួរ​វិល​ចូល​ស្រុក​វិញ​ទោះ​បី​ជា​គ្មាន​ការ​ដោះដូរ

0:00 / 0:00

ប្រធាន​បក្ស​ប្រឆាំង​ថ្លែង​អះអាង​ជា​ថ្មី​ថា នឹង​វិល​ចូល​ស្រុក​ដើរ​ចូល​គុក ប្រសិន​បើ​មាន​ការ​ដោះលែង​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​សិទ្ធិ​មនុស្ស​ប្រមាណ ៣០​នាក់។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គ្រាន់​តែ​ជា​នយោបាយ​ប្រជាភិថុតិ​ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ​ប៉ុណ្ណោះ។

ការ​អះអាង​ពី​ការ​វិល​ចូល​ស្រុក​ជា​ថ្មី​របស់​លោក សម រង្ស៊ី មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ។ ជាង​នេះ​ទៅ​ទៀត គេ​ថែម​ទាំង​ចំអក​ថា លោក សម រង្ស៊ី មិន​សឿង​ដូច​អនុប្រធាន​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​មិន​ព្រម​ចាកចេញ​ទៅ​ណា ទោះ​មាន​ការ​ព្រមាន​គ្រប់​រូបភាព។

ថ្លែង​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២០ តុលា ប្រធាន​អង្គភាព​ប្រតិកម្ម​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា លោក សម រង្ស៊ី នៅ​ក្មេង​ខ្ចី​ណាស់​មិន​យល់​ដឹង​ពី​ផ្លូវ​ច្បាប់ យក​រឿង​នយោបាយ​មក​ឡូកឡំ​ផ្លូវ​ច្បាប់។ ថ្លែង​ឌឺដង​ទៅ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ស្រុក លោក ផៃ ស៊ីផាន ថា​ភាព​ក្លាហាន​របស់​លោក សម រង្ស៊ី ប្រៀប​មិន​ស្មើ​នឹង​លោក កឹម សុខា ឡើយ ដែល​មិន​ព្រម​ចាកចេញ​ពី​ស្រុក ទោះ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក្តី៖ « គួរ​ឲ្យ​អាម៉ាស់​នូវ​សកម្មភាព និង​សេចក្តី​ក្លាហាន​របស់​គាត់ ( លោក សម រង្ស៊ី ) និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​គាត់ បើ​ប្រៀបធៀប​ទៅ​នឹង​ឯកឧត្តម កឹម សុខា »

តាម​រយៈ​ការ​ឆ្លើយឆ្លង​តាម​ប្រព័ន្ធ​ស្កែប (Skype) ជាមួយ​សកម្មជន​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​តុលា លោក សម រង្ស៊ី និយាយ​ថា លោក​នឹង​វិល​ចូល​ស្រុក​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី ប៉ុន្តែ​លោក​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​អ្នក​ជួយ​ពលរដ្ឋ​ផ្សេង​ទៀត ដែល​អ្នក​ទាំងនោះ​មាន​ប្រមាណ ៣០​នាក់។ ប៉ុន្តែ​លោក​ចោទ​សួរ​ថា បើ​ក្រុម​អ្នក​ទាំងនោះ​មិន​ត្រូវ​បាន​ដោះលែង បែរ​ជា​មាន​ការ​ចាប់​ខ្លួន​លោក​ថែម​ទៀត តើ​បាន​អ្នក​ណា​ជួយ​អ្នក​ណា?៖ « ខ្ញុំ សម រង្ស៊ី នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា ភ្លាមៗ​ហ្នឹង គ្រាន់​តែ​មាន​ពេល​រៀបចំ​ខ្លួន​ទិញ​សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​កម្ពុជា វិញ តែ​សុំ​តែ​មួយ យក​ខ្ញុំ​ទៅ​ធ្វើ​អី​ធ្វើ​ទៅ ចង់​ចាប់​ដាក់​គុក​ក៏​បាន ចង់​សម្លាប់​ក៏​បាន ប៉ុន្តែ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្នេហា​ជាតិ ដោះលែង​អ្នក​ទោស​នយោបាយ »

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក សម រង្ស៊ី ប្រកាស​ចូល​ស្រុក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ពី​ក្រុម​សមត្ថកិច្ច។ កាល​ពី​ឆ្នាំ​២០១៥ នៅ​ពេល​លោក​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​កូរ៉េ ភ្លាមៗ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក ទាក់ទង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ក្នុង​រឿង​ក្តី​ក្ដាំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ពេល​នោះ លោក សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ថា នឹង​វិល​ទៅ​ប្រទេស​កម្ពុជា វិញ ទោះ​មាន​ការ​ចាប់​ខ្លួន។ តែ​ទីបំផុត លោក​ក៏​ប្រែ​ចិត្ត​មិន​ហ៊ាន​វិល​ចូល​ស្រុក ក្រោម​ហេតុផល​ថា មន្ត្រី​គណបក្ស​របស់​លោក​ស្នើ​មិន​ឲ្យ​លោក​វិល​មក​វិញ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា អ្វី​ដែល​លោក សម រង្ស៊ី លើក​ឡើង គឺ​ជា​វោហារសាស្ត្រ​នយោបាយ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​ចង់​ឆ្លើយតប​ទៅ​លោក កឹម សុខា ដែល​ចង់​បាន​លោក សម រង្ស៊ី ចូល​ស្រុក និង​ជា​សារ​មួយ​ទៀត​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ទៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

លោក សូ ចន្ថា បន្ថែម​ថា ប្រធាន​គណបក្ស​ប្រឆាំង​គួរ​វិល​ចូល​ស្រុក ទោះ​គ្មាន​ការ​ដោះដូរ​ដើម្បី​ឲ្យ​បង្ហាញ​ភាព​ក្លាហាន​ដល់​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នា​ពេល​ខាង​មុខ៖ « ខ្ញុំ​គិត​ថា ជម្រើស​របស់​លោក សម រង្ស៊ី គឺ​វិល​ចូល​ស្រុក​វិញ ជា​ជាង​គ្រាន់​តែ​បង្ហាញ​វោហារសាស្ត្រ​នយោបាយ »

ការ​អះអាង​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ម្តង​ជា​ពីរ​ដង​បែប​នេះ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​សំណើ​សុំ​ព្រះរាជទាន​លើកលែង​ទោស​ជំនួស​ព្រះមហាក្សត្រ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​សុំ​ឲ្យ​ព្រះអង្គ​លើកលែង​ទោស​ដល់​សកម្មជន​សិទ្ធិ​មនុស្ស ដីធ្លី បរិស្ថាន នយោបាយ និង​ជាពិសេស​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រោយ​ពេល​ដែល​អនុប្រធាន​របស់​លោក គឺ​លោក កឹម សុខា ផ្តល់​បទសម្ភាសន៍​ទៅ​សារព័ត៌មាន​អន្តរជាតិ ឆេនណល ញូវ អេស៊ា (Channel News Asia)ថា លោក​ចង់​ឃើញ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​រួម​គ្នា​ដោះស្រាយ​បញ្ហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។