លោក សម រង្ស៊ី៖ ស្ថានភាព​នយោបាយ​នឹង​កាន់​តែ​ល្អ​ប្រសើរ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​កាន់​តែ​ល្អ ប្រសើរ​ឡើង ហើយ​កាក​សំណល់​នៃ​វិបត្តិ​នយោបាយ​នឹង​ត្រូវ​បោសសំអាត​ឲ្យ​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពេល​ជំនួប​ជាមួយ​អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន នៅរសៀលថ្ងៃទី២២សីហាថា តុលាការកោះហៅសកម្មជនគណបក្សសង្រ្គោះជាតិចំនួន៥រួបទៀត ដែល​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ពេល​ខាង​មុខ​នេះ នឹង​មិន​មាន​បញ្ហា​អ្វី​ទេ។ លោក​បញ្ជាក់​ថា បញ្ហា​ចោទ​ប្រកាន់​ទាក់ទង​និង​បញ្ហា​នយោបាយ​នេះ ត្រូវ​តែ​បញ្ចប់ និង​បោសសំអាត​ឲ្យ​អស់​មិន​ត្រូវ បន្ត​នីតិវិធី​ចាប់​ចង​អ្វី​ទៀត​ទេ៖ «បញ្ហា​នយោបាយ​នេះ​ចប់​ហើយ ​ដូច្នេះ​មិន​ត្រូវ​មាន​សល់​កាក​សំណល់​ទេ ត្រូវ​តែ​សំអាត​ឲ្យ​អស់ អ៊ីចឹង​មិន​ត្រូវ​មាន​ការ​ចាប់​ឃុំ​ឃាំង កុំ​ឲ្យ​មាន​នីតិវិធី​តុលាការ កុំ​ឲ្យ​មាន​ការ​គាប​សង្កត់​អី​ទៀត ខ្ញុំ​ជឿ​ថា​បរិយាស​នយោបាយ​កាន់​តែ​ល្អ​ទៅ​ៗ ហើយ​អ្វី​ដែល​សេស​សល់​ពី​វិបត្តិ​នយោបាយ​ពី​កន្លង​មក​ហើយ យើង​ត្រូវ​សំអាត​ឲ្យ​អស់ »

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​ភ្លាមៗ នៅ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​សម្រេច​ដោះ​លែង​សកម្ម​ជន​​គណ​បក្ស​សង្គ្រោះជាតិ ៣​រូប ​ឲ្យ​នៅ​ក្រៅ​​ឃុំ​​ជា​បណ្ដោះអាសន្ន​ នៅ​ព្រឹក​ថ្ងៃសុក្រ ទី២២​ ខែ​សីហា​។

ដោយ​ឡែក​យុវជន​គណបក្ស​សង្រ្គោះជាតិ​ចំនួន​៥រួប​ទៀត ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះ ហៅ​ឲ្យ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​នៅ​ថ្ងៃ​ទី​២៦​សីហា ក្រោម​បទ​ចោទ​ដូច​គ្នា គឺ​ចូលរួម​ធ្វើ​កុប្បកម្ម ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល ប្រព្រឹត្តិ​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ស្ថិត​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។ អ្នកទាំង៥នាក់នេះ លោក សម រង្ស៊ី អះអាង​ថា បញ្ហា​នេះ​ក៏​នឹង​ត្រូវ​បញ្ចប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។