លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី៦ មីនា ថា សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ចំនួន ៥៥នាក់ មិនចូលរួមប្រជុំសភាឡើយ បើកាលណាការរៀបចំការបោះឆ្នោតត្រឹមត្រូវឡើងវិញមិនទាន់មានការដោះស្រាយ។
លោក សម រង្ស៊ី បានថ្លែងថា បញ្ហាចូលប្រជុំសភា និងការកែទម្រង់ការបោះឆ្នោត គឺជាបញ្ហា២ដែលដាច់ដោយឡែកពីគ្នា។ ការថ្លែងរបស់លោកធ្វើឡើងជាសារសំឡេង តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)៖ «បញ្ហាទាំងពីរនេះ គឺបញ្ហាចូលប្រជុំសភា និងបញ្ហារៀបចំការបោះឆ្នោតឡើងវិញ គឺជាបញ្ហាដាច់ដោយឡែកពីគ្នា។ យើងមិនចូលប្រជុំសភាដាច់ខាត ដរាបណាការរៀបចំការបោះឆ្នោតត្រឹមត្រូវឡើងវិញមិនទាន់បានដោះស្រាយ។ ដូច្នេះ ពេលនេះយើងគ្រាន់តែនិយាយអំពីការបោះឆ្នោត។ ការរៀបចំការបោះឆ្នោតលើកក្រោយ ក៏បែងចែកជា២ចំណុច។ ចំណុចទី១ ការកំណត់កាលបរិច្ឆេទ គឺថ្ងៃខែឆ្នាំ ការបោះឆ្នោតលើកក្រោយ។ បញ្ហានេះ គឺជាបញ្ហានយោបាយដែលយើងមិនទាន់ជជែកគ្នានៅឡើយទេ។ តែបញ្ហាទី២ គឺជាបញ្ហាបច្ចេកទេសសុទ្ធសាធ ទាក់ទងទៅនឹងការកែទម្រង់ការបោះឆ្នោត។ យើងកំពុងតែជជែកអំពីបញ្ហាបច្ចេកទេសនេះ ទោះជាការបោះឆ្នោតត្រូវរៀបចំថ្ងៃណាក៏ដោយ នៅពេលអនាគត យើងត្រូវតែកែទម្រង់។ យើងមិនចង់ឲ្យពេលវេលាចេះតែកន្លងទៅ យើងចាប់ផ្ដើមជជែកអំពីបច្ចេកទេសកែទម្រង់ ការបោះឆ្នោត ពេលបោះឆ្នោតលើកក្រោយ»។
ការថ្លែងរបស់ លោក សម រង្ស៊ី នេះ បានកើតឡើងនៅក្នុងពេលគណៈកម្មាធិការចម្រុះមកពីគណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នាជាលើកដំបូង កាលពីថ្ងៃទី៣ មីនា នៅវិមានព្រឹទ្ធសភា ហើយបានចេញសេចក្តីប្រកាសព័ត៌មានថា បានឯកភាពគ្នាលើចំណុចមួយចំនួន រួមមាន ទី១ ការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ទី២ រៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ និងទី៣ ក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតផ្សេងៗ។
គណៈកម្មាធិការចម្រុះមកពីគណបក្សទាំងពីរនេះ មានគម្រោងជួបគ្នាម្តងទៀតនៅថ្ងៃច័ន្ទ ទី១០ មីនា នៅវិមានព្រឹទ្ធសភា។ គណៈកម្មាធិការចម្រុះមកពីគណបក្សទាំងពីរនេះ មានសមាជិកចំនួន ៦រូប ពីគណបក្សនីមួយៗ ហើយខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ប៊ិន ឈិន និងភាគីគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
