លោក សម រង្ស៊ី ថា​លោក​មិន​មែន​ជា​ទណ្ឌិត ព្រោះ​តុលាការ​ជា​អាយ៉ង

0:00 / 0:00

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​មិន​មែន​ជា​ទណ្ឌិត​ទេ ព្រោះ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អាយ៉ង។ លោក​ជឿ​ថា បើ​តុលាការ​មាន​ឯករាជ្យ​ពិតប្រាកដ​នោះ អ្នក​ដែល​គួរ​មាន​ទោស គឺ​អ្នក​កាន់​អំណាច​សព្វថ្ងៃ​ទៅ​វិញ​ទេ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​ទោស​បួន​យ៉ាង​ដែល​អាច​ចាត់​ទុក​ថា​ជា​ទោស​ក្បត់​ជាតិ​ថែម​ទៀត​ផង។

លោក សម រង្ស៊ី ដែល​កំពុង​រង​បណ្ដឹង​ជាច្រើន​ករណី​នៅ​តុលាការ ដែល​ប្ដឹង​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ពុធ ទី​១៩ កក្កដា ថា លោក​គ្មាន​ទោសពៃរ៍​អ្វី​នោះ​ទេ ព្រោះ​លោក​ជា​អ្នក​នយោបាយ ហើយ​មិន​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត ឬ​ចូលរួម​ក្នុង​ការ​ប្រព្រឹត្ត​ទោស​ណា​មួយ​ក្នុង​ចំណោម​ទោស​ធំៗ​ទាំង​បួន​យ៉ាង​របស់​អ្នក​នយោបាយ។

លោក សម រង្ស៊ី រៀបរាប់​ទោស​ធំៗ​ទាំងនោះ​រួម​មាន ទោស​ទី​១ គឺ​ការ​ធ្វើ​ឲ្យ​ប្រទេស​បាត់បង់​ឯករាជភាព និង​អធិបតេយ្យភាព​ជាតិ ដោយ​ការ​បម្រើ​បរទេស ឬ​ធ្វើ​ជា​អាយ៉ង​គេ បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ប្រទេស​រណប​របស់​បរទេស។ ទោស​ទី​២ គឺ​ការ​ចូលរួម​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បាត់បង់​ទឹកដី​ក្នុង​ឋានៈ​ខ្លួន​ជា​អ្នក​ដឹកនាំ​សព្វថ្ងៃ។ ទោស​ទី​បី គឺ​ការ​សម្លាប់​ប្រជារាស្ត្រ​ខ្លួន​ឯង អាង​តែ​ខ្លួន​មាន​អំណាច រៀបចំ​គម្រោង​ផែនការ​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ស្លាប់​ចូល​ដល់​សែន​នាក់ ដូច​សម័យ​ផែនការ «ក​៥» ក្នុង​សម័យ​រដ្ឋ​កម្ពុជា ដែល​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី និង​ទោស​ទី​៤ គឺ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រទេស​ជាតិ​ដូចជា​ព្រៃឈើ ដែល​ម្ភៃ​ឆ្នាំ​ចុង​ក្រោយ​នេះ ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​អស់​ស្ទើរ​គ្មាន​សល់ ដែល​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​បុគ្គល ក្រុម​គ្រួសារ និង​បក្សពួក​គ្នា​ឯង​នៅ​ក្នុង​បក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី យល់​ថា អ្នក​ដែល​គួរ​មាន​ទោស គឺ​អ្នក​កាន់​អំណាច​សព្វថ្ងៃ​នេះ​ឯង៖ « មក​មើល​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ថា​ខ្ញុំ​មាន​ទោស ចុះ​គាត់​មិន​មែន​ខ្លួន​គាត់​ផង ? គាត់​មាន​ចូលរួម​ឬ​ទេ គាត់​មាន​បាន​ទទួល​ទាំង​បួន​ឬ​ទេ ? ខ្ញុំ​ថា​បាន​ទាំងអស់ ធ្វើ​ឲ្យ​ប្រទេស​យើង​ក្លាយ​ទៅ​ជា​រណប​ប្រទេស​មួយ​ទៀត ប្រទេស​ជិត​ខាង ធ្វើ​ឲ្យ​បាត់បង់​ទឹកដី សម្លាប់​ប្រជារាស្ត្រ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ គឺ​គាត់​មាន​ទោស។ អ្នក​ដែល​ដែល​កាន់​អំណាច​សព្វថ្ងៃ​មាន​ទោស​ទាំង​បួន​ហ្នឹង។ បើ​ប្រព្រឹត្ត​ទោស​ណា​មួយ​ក្នុង​ចំណោម​ទោស​ទាំង​បួន​ហ្នឹង គេ​ហៅ​ថា​ក្បត់​ជាតិ​ហើយ។ អ្នក​ខ្លះ​ប្រព្រឹត្ត​ទង្វើ​ទាំង​បួន​ហ្នឹង។ ដូច្នេះ​ក្បត់​ជាតិ​បួន​ដង។ ហ្នឹង​ក្បត់​ជាតិ​ពេញ​ទី​ហើយ »

សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​គណបក្ស​សង្គ្រោះ​ជាតិ និង​ឈាន​ទៅ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ឬ​អាច​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផង​នោះ ត្រូវ​បាន​បញ្ជូន​ដល់​ដៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដើម្បី​ពិភាក្សា​សម្រេច មុន​នឹង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ទាំង​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​ដែល​ពិនិត្យ​ត្រឹមត្រូវ​នៃ​ច្បាប់​មួយ​នេះ និង​ព្រះមហាក្សត្រ កុំ​គាំទ្រ​ច្បាប់​របស់​គណបក្ស​កាន់​អំណាច​នេះ។ អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៩ បាន​ដាក់​លិខិត​ទៅ​សមាជិក​ទាំង​ប្រាំបួន​រូប​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ជួយ​ពិនិត្យ​ឡើង​វិញ​លើ​ធម្មនុញ្ញភាព នៃ​សំណើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ។ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ថា ប្រសិន​បើ​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន​មែន​នោះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​ប្រទេស​កម្ពុជា ចុះ​ហត្ថលេខា​ព្រម​អនុវត្ត​តាម។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឯណោះ​វិញ ងាក​មក​រក​ស្ថាប័ន​ព្រះបរមរាជវាំង​ដើម្បី​ជួយ​អន្តរាគមន៍​ដែរ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​អនុម័ត​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ដើម្បី​សុំ​ព្រះអង្គ​កុំ​ឡាយ​ព្រះហស្តលេខា។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី​ថា ច្បាប់​នេះ​ផ្ទុយ​នឹង​ព្រះរាជ​បំណង​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដែល​ព្រះអង្គ​ចង់​ឃើញ​សាមគ្គី​ជាតិ​ខ្មែរ។ ហេតុ​ដូច្នេះ​ហើយ ទើប​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ឲ្យ​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ច្បាប់​នេះ​ចេញ៖ « ព្រះរាជ​បំណង​របស់​លោក គឺ​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា ឲ្យ​ខ្មែរ​ឯកភាព​គ្នា​ដើម្បី​ឲ្យ​ជាតិ​ខ្លាំង។ ច្បាប់​ហ្នឹង​ដូចជា​បំបែក​បំបាក់​ខ្មែរ​គ្នា​ឯង។ ក្នុង​នាម​ពួក​យើង​ជា​តំណាងរាស្ត្រ យើង​មាន​តែ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ជា​ចុង​ក្រោយ​ទៅ »

ទោះ​បី​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ច្បាប់​នេះ​ថា​ជា​ច្បាប់​អាក្រក់ និង​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​តែងតែ​អះអាង​ការពារ​ថា ច្បាប់​នេះ​ធ្វើ​ឡើង​មិន​សំដៅ​លើ​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព​អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់ ហើយ​ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។