លោក សម រង្ស៊ី សម្ដែង​ការ​សោកស្ដាយ​ដែល​មាន​អ្នក​ប្រមាថ​ក្រុម​គ្រួសារ​នាយករដ្ឋមន្ត្រី

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ធ្វើ​បេសកកម្ម​នៅ​សហរដ្ឋអាមេរិក បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ជន​ណា​ដែល​ចោទ​ប្រកាន់​កូន​ប្រុស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​មិនមែន​ជា​កូន​បង្កើត​របស់​គាត់។

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី ផ្ញើ​ទៅ​កាន់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​មិថុនា លោក​បាន​ចូលរួម​រំលែក​ការ​ឈឺ​ចាប់​ជាមួយ​គ្រួសារ​របស់​លោក ហ៊ុន សែន ហើយ​ថ្កោលទោស​ចំពោះ​ទង្វើ​អសីលធម៌​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៃ​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា លោក ហ៊ុន សែន សម្ដែង​ការ​ខឹងសម្បា​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ថា ជា​កូន​របស់​អតីត​មេ​ដឹក​នាំ​កុម្មុយនិស្ត​វៀតណាម ឈ្មោះ ឡេ ឌឹកថូ ជាមួយ​នឹង​អ្នកស្រី ប៊ុន រ៉ានី។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ចង់​បើក​ផ្លូវ​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​ដែរ ដោយ​លោក​ទាមទារ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​ត្រូវ​ហ៊ាន​ប៉ះប៉ូវ​តម្លៃ​ដ៏​ធំ​មួយ​សម្រាប់​គ្រួសារ​របស់​លោក។

លោក ហ៊ុន សែន៖ «ពី​មុន​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ចុះ​ហត្ថលេខា​មួយ​ចំនួន​សម្រួល​ឲ្យ​បរិយាកាស​ខ្លះ។ អា​ខ្លះ​វា​ជាប់​គុក​បន្តិចបន្តួច អា​ខ្លះ​វា​អាច​សុំ​នៅ​ក្រៅ​ឃុំ។ សំឡេង​របស់​ខ្ញុំ​អាច​សម្រួល​បាន​ខ្លះ ស្នើ​សុំ​ទៅ​កាន់​តុលាការ​ដើម្បី​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។ តាម​ច្បាប់ ពន្ធនាគារ​អនុញ្ញាត​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើ​សំណើ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ពេល​ណា​ក៏​បាន​ដែរ។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​ធ្វើ​អ្វី​ទាំង​អស់ ពីព្រោះ​ក្រុម​របស់​អ្នក​ឯង​ជា​ក្រុម​តែមួយ។ នៅ​ពេល​ដែល​អ្នក​ឯង​វ៉ៃ​ក្បាល​ខ្ញុំ ហើយ​ប្រើ​ខ្ញុំ​អោយ​ដង​ឲ្យ​អ្នក​ឯង​ផឹក​ទៀត កុំ​សង្ឃឹម។ អ្នក​ឯង​ត្រូវ​មាន​ការ​ប៉ះប៉ូវ​មួយ​ដ៏​ធំ​សម្រាប់ ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់ ហ៊ុន សែន។ អ្នក​ឯង​ត្រូវ​ស្ដាប់​ឲ្យ​ច្បាស់»

លិខិត​របស់​លោក សម រង្ស៊ី បញ្ជាក់​ទៀត​ថា គោលនយោបាយ​គណបក្ស​សង្គ្រោះជាតិ ប្រឆាំង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​លាប​ពណ៌ ការ​ប្រមាថ និង​អំពើ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ដល់​​អ្នក​ដទៃ។

កាល​ពី​ពាក់កណ្ដាល​ខែ​ឧសភា គណបក្ស​ប្រឆាំង​បាន​សម្រេច​បណ្ដេញ​សមាជិក​របស់​ខ្លួន​មួយ​រូប គឺ​លោក យ៉ង់ ណុយ ហៅ ប្រេតឌី យ៉ាំង (Brady Young) ចេញ​ពី​បក្ស​ដោយសារ​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លិប​ជា​បន្តបន្ទាប់ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ DNA កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ថា​តើ​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ឬ​មួយ​ជា​កូន​ប្រុស​របស់​មេដឹកនាំ​វៀតណាម ឈ្មោះ ឡេ ឌឹក ថូ ជាមួយ​អ្នកស្រី ប៊ុន រ៉ានី នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។