ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បង្ហាញទំនុកចិត្តថា ការពឹងពាក់ប្រទេសបារាំង ឲ្យជួយបម្លែងផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ទៅជាផែនទី យូ.ធី.អិម (UTM) ខ្នាត ១/៥០.០០០ សម្រាប់ប្រើប្រាស់ក្នុងការកំណត់ព្រំដែនវាងកម្ពុជា និងវៀតណាម គឺប្រសើរជាងទុកឲ្យប្រទេសវៀតណាម ជាអ្នករៀបចំ។
ការបញ្ជាក់ដូចនេះរបស់លោក សម រង្ស៊ី ធ្វើឡើងនៅក្នុងសារដែលលោកបង្ហាញនៅលើទំព័រហ្វេសប៊ុក (facebook)នៅថ្ងៃទី២៨ វិច្ឆិកា ដើម្បីបកស្រាយចំពោះការគាំទ្ររបស់លោកក្នុងការស្នើសុំអ្នកបច្ចេកទេសបារាំង បម្លែងផែនទីបោន ទៅជាយូ.ធី.អិម វិញ។
មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលមានសញ្ជាតិបារាំង ផងនោះនិយាយថា លោកជឿទុកចិត្តលើផែនទីធ្វើដោយប្រទេសបារាំង ដែលលោកចាត់ទុកថាមានជំហរអព្យាក្រឹត ជាជាងផែនទីរៀបចំដោយប្រទេសវៀតណាម ដែលមានផលប្រយោជន៍ផ្ទុយពីផលប្រយោជន៍ប្រទេសកម្ពុជា ក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
ការតស៊ូមតិពីរឿងផែនទី បានផ្ទុះឡើងជាថ្មីទៀតក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាមួយមេដឹកនាំវៀតណាម ស្នើសុំអ្នកបច្ចេកទេសបារាំង ឲ្យបម្លែងផែនទី Bonne ខ្នាត ១លើ១០០ពាន់ ដែលការពារដោយរដ្ឋធម្មនុញ្ញខ្មែរ ទៅជាផែនទី UTM ខ្នាត ១លើ៥០ពាន់ សម្រាប់យកមកប្រើប្រាស់ក្នុងការកំណត់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរដែលនៅសេសសល់។ អ្នកខ្លះបារម្ភថា ការបម្លែងផែនទីដែលមានខ្នាតបច្ចុប្បន្នទៅជាផែនទីខ្នាតថ្មី នឹងធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី ម្យ៉ាងផែនទី Bonne ខ្នាត ១លើ១០០ពាន់ ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ក្នុងកំណត់សម្គាល់របស់លោក សម រង្ស៊ី ចំនួន ៧ចំណុចដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី ក៏បានលើកឡើងនូវមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១លើ១០០ពាន់ ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី យល់ថា ដើម្បីកំណត់បន្ទាត់ព្រំដែននៅលើដែនដី និងដែនទឹកជាក់ស្តែងឲ្យបានកាន់តែច្បាស់ថែមទៀត គេត្រូវប្រើបច្ចេកទេស និងឧបករណ៍ទំនើបបំផុតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលមិនទាន់មានកាលពី ៦០ឆ្នាំមុន ដូចដែលអាណានិគមបារាំង បានរៀបចំផែនទីទុកឲ្យកម្ពុជា ប្រើប្រាស់មកដល់សព្វថ្ងៃ។
ប៉ុន្តែលោកថា បច្ចុប្បន្នប្រទេសបារាំង អាចផ្តល់ជំនួយបច្ចេកទេសដែលភាគីពាក់ព័ន្ធទាំងអស់អាចជឿទុកចិត្តបាន ពីព្រោះលោកជឿថា ប្រទេសបារាំង ប្រកាន់ជំហរអព្យាក្រឹត មានឯកសារប្រវត្តិសាស្ត្រ មានបទពិសោធន៍ និងធនធានគ្រប់គ្រាន់ដើម្បីជួយដោះស្រាយបញ្ហាកំណត់បន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម។
ក្រៅពីនេះ លោក សម រង្ស៊ី ក៏ពន្យល់ពីការបម្លែងផែនទីពីខ្នាត ១លើ១០០ពាន់ ទៅជា ១លើ៥០ពាន់ ដោយលោកអះអាងថា ផែនទីខ្នាត ១លើ៥០ពាន់ លម្អិតជាង ២ដង ហើយក៏ច្បាស់ជាង ២ដងប្រៀបធៀបទៅនឹងផែនទីខ្នាត ១លើ១០០ពាន់ ដោយគ្មានប្រែប្រួលអ្វីដែលជាលក្ខណៈមូលដ្ឋានឡើយ។ លោកបញ្ជាក់ថា ការបម្លែងពីប្រព័ន្ធ Bonne ដែលគេឈប់ប្រើប្រាស់សព្វថ្ងៃ ទៅជាប្រព័ន្ធ UTM ដែលគេប្រើប្រាស់ជាសកលក្នុងពេលបច្ចុប្បន្ន នឹងនាំមកនូវភាពងាយស្រួលក្នុងការប្រៀបធៀបជាមួយនឹងផែនទី Bonne ដែលកម្ពុជា ប្រើប្រាស់សព្វថ្ងៃ ដើម្បីឲ្យឃើញថាផែនទីណាខុស ផែនទីណាត្រូវ។

លោក សម រង្ស៊ី ជឿជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន ជំនួយបច្ចេកទេស និងអព្យាក្រឹតភាពរបស់បារាំង មិនអាចធ្វើឲ្យប្រទេសកម្ពុជា ទទួលការខាតបង់អ្វីឡើយ។ ផ្ទុយទៅវិញ លោកថា ការអន្តរាគមន៍ពីប្រទេសបារាំង នឹងធ្វើឲ្យសហគមន៍អន្តរជាតិចាប់អារម្មណ៍ពីបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ហើយនឹងជួយផ្តល់យុត្តិធម៌ឲ្យប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបកស្រាយថា ផែនទី Bonne ខ្នាត ១លើ១០០ពាន់ ដែលការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា គឺពិបាករកចំណុចដើម្បីបោះបង្គោលព្រំដែន ព្រោះវាតូចពេក។ ដូច្នេះលោកថា ត្រូវបម្លែងមកផែនទី UTM ខ្នាត ១លើ៥០ពាន់វិញ ទើបងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។
ប្រទេសកម្ពុជា មានព្រំដែនគោកជាប់ជាមួយប្រទេសវៀតណាម ប្រវែង ១.២៧០គីឡូម៉ែត្រ។ រហូតមកទល់ពេលនេះ ប្រទេសទាំងពីរបានឯកភាពបោះបង្គោលព្រំដែនគោកបាន ៨៣% ហើយ ក្នុងចំនួនបង្គោលសរុបចំនួន ៣១៤បង្គោល។ អ្នកខ្លះមានចម្ងល់ថា បើផែនទី Bonne ខ្នាត ១លើ១០០ពាន់ ពិបាករកចំណុចបោះបង្គោលព្រំដែនព្រោះវាតូចពេកដូចការអះអាងរបស់លោក ហ៊ុន សែន ហេតុអ្វីបានជាកម្ពុជា-វៀតណាម អាចសម្រេចការបោះបង្គោលបានរហូតដល់ ៨៣% មកទល់ពេលបច្ចុប្បន្ន។
ទោះបីជាមេបក្សប្រឆាំងគាំទ្រលោក ហ៊ុន សែន ក្នុងការការពារកែប្រែផែនទីនេះក្ដី ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលជាប់សែស្រឡាយរាជវង្សផងនោះ បានបង្ហាញជំហរមិនគាំទ្រមេបក្សរបស់ខ្លួនទៅវិញ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានប្រតិកម្មថា ការប្រើប្រាស់ផែនទីថ្មីខ្នាត ១លើ៥០ពាន់ គឺវាផ្ទុយនឹងមាត្រា២ នៃរដ្ឋធម្មនុញ្ញ។ ព្រះអង្គម្ចាស់កត់សម្គាល់បន្ថែមថា បើធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញនោះ វាមានន័យថាជាការទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្របច្បាប់ ហើយស្មើនឹងការកាត់កោះត្រល់ទៅឲ្យប្រទេសវៀតណាម ជាស្ថាពរ។ សែរាជវង្សដែលតែងរិះគន់រដ្ឋាភិបាលបច្ចុប្បន្នមិនសំចៃមាត់អង្គនេះ សម្ដែងការងឿងឆ្ងល់ថា រដ្ឋាភិបាលចង់ឲ្យគេគាំទ្រសូមឲ្យអ្នកជំនាញបារាំង មកជួយគូរផែនទីខ្នាតថ្មីដើម្បីដោះស្រាយបញ្ហាសេសសល់នៃការបោះបង្គោលព្រំដែនជាមួយវៀតណាម ប៉ុន្តែរដ្ឋាភិបាលមិនបញ្ជាក់ឡើយពីការសើរើការបោះបង្គោលព្រំដែនជិត ៩០% ដែលភាគីទាំងពីរបានបោះរួច។
ចំណុចសំខាន់មួយចំនួននៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ចែងថា កម្ពុជា-វៀតណាម ឯកភាពធ្វើការគូសចម្លងឡើងវិញនូវខ្សែព្រំដែនពីផែនទី Bonne ខ្នាត ១លើ១០០ពាន់របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន អមសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ មកលើផែនទី UTM ខ្នាត ១លើ៥០ពាន់ អមសន្ធិសញ្ញាព្រំដែនរដ្ឋឆ្នាំ១៩៨៥។ លើសពីនេះ ភាគីទាំងពីរនឹងផលិតផែនទីព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម។ ផែនទីព្រំដែននេះ នឹងប្ដូរជំនួសពីផែនទី Bonne ចំនួន ៤០ផ្ទាំង អមសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥ និងប្លង់ទាំង៤ អមសន្ធិសញ្ញាបំពេញបន្ថែម។ រដ្ឋាភិបាលបញ្ជាក់ថា ផែនទីនេះនឹងផ្អែកលើឋានលេខាព្រំដែនថ្មីមួយដែលមានខ្នាត ១លើ២៥ពាន់ និងមានបង្ហាញទីតាំងបង្គោលព្រំដែន និងខ្សែខណ្ឌសីមារវាងប្រទេសទាំងពីរ ដើម្បីយកទៅតម្កល់នៅអង្គការសហប្រជាជាតិ និងទុកជាផែនទីផ្លូវការ និងជាអចិន្ត្រៃយ៍តរៀងទៅ។
ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមរឿងបម្លែងផែនទីនេះទេនៅថ្ងៃទី២៨ វិច្ឆិកា ដោយលោកឲ្យទៅសួរក្រសួងការបរទេសវិញ។ អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេនៅថ្ងៃដដែល។

អ្នកវិភាគខ្លះយល់ថា លោក សម រង្ស៊ី ចេញមុខគាំទ្ររដ្ឋាភិបាលក្នុងការបម្លែងផែនទីនៅពេលនេះ ហើយដែលអាចឈានដល់ការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញនៅពេលខាងមុខ អាចជាយុទ្ធសាស្ត្រនៃការដោះដូរអ្វីមួយរវាងលោក សម រង្ស៊ី និងបក្សកាន់អំណាច។ ទោះជាយ៉ាងណា លោក សម រង្ស៊ី បានថ្លែងបដិសេធចំពោះការយល់ឃើញបែបនេះ៖ «វាអត់មានទាក់ទងចឹងទេ ពីព្រោះខ្ញុំបានបង្ហាញជំហរនេះកាលពេលខ្ញុំមានទំនាក់ទំនងល្អជាមួយសម្ដេច ហ៊ុន សែន។ ខ្ញុំបានលើកឡើងនូវបញ្ហានេះ។ ខ្ញុំបានលើកឡើងថាបើបារាំង មកជួយយើងផ្លូវបច្ចេកទេសនោះជាការល្អមួយ ដូច្នេះនេះជាយោបល់របស់ខ្ញុំដែលខ្ញុំបានបង្ហាញបានបញ្ចេញជាយូរយារណាស់មកហើយ » ។
កាលនៅមានជីវិត បណ្ឌិត កែម ឡី បានកត់សម្គាល់ថា ការបម្លែងផែនទីពីខ្នាត ១លើ១០០ពាន់ ទៅជាខ្នាត ១លើ៥០ពាន់ ហើយដែលអាចឈានទៅដល់ការធ្វើវិសោធនកម្មមាត្រា២ នៃរដ្ឋធម្មនុញ្ញ គឺជាការព្យាយាមប្រើយុទ្ធសាស្ត្រកាត់ក្បាលតម្រូវមួករបស់រដ្ឋាភិបាល៖ «ជាទូទៅ គាត់ចង់កែប្រែមាត្រាហ្នឹង ហើយដែលខ្ញុំដឹង គឺចង់កែប្រែមាត្រាហ្នឹងឲ្យទូលាយតិចថា ការវាស់បង្គោលព្រំដែនបច្ចុប្បន្នត្រឹមត្រូវ យុត្តិធម៌ ហើយបានបង្គោលហើយប្រមាណពាន់គីឡូម៉ែត្រចឹងទៅ។ គាត់ចង់កែប្រែប្រវត្តិសាស្ត្រ អ្វីដែលគាត់ធ្វើគាត់បានរំលោភរដ្ឋធម្មនុញ្ញស្រេចទៅហើយ។ អ៊ីចឹងគាត់ត្រូវកែរដ្ឋធម្មនុញ្ញឲ្យវាត្រូវនឹងអ្វីដែលគាត់ធ្វើ មានន័យថាម៉េច មានន័យថាកាត់ក្បាលតម្រូវមួក » ។
បណ្ឌិត កែម ឡី សម្ដែងទស្សនៈថា បើបក្សប្រឆាំងចូលរួមកែប្រែមាត្រា២ នៃរដ្ឋធម្មនុញ្ញជាមួយបក្សកាន់អំណាច នោះបក្សប្រឆាំងអាចបាត់បង់ជំនឿ និងសេចក្តីទុកចិត្តពីពលរដ្ឋ។
ក្នុងរឿងរ៉ាវផែនទីនេះ មន្ត្រីគណបក្សប្រឆាំង ២រូប គឺលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនរហូតមកទល់សព្វថ្ងៃ ក្រោយពីពួកគាត់បានរិះគន់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម និងបានបង្ហោះសន្ធិសញ្ញាកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាលចាត់ទុកថាជាសន្ធិសញ្ញាក្លែងក្លាយ។ ក្នុងសំណុំរឿងនេះដែរ លោក សម រង្ស៊ី ខ្លួនឯង និងសកម្មជនបក្សប្រឆាំង ២រូបទៀត ក៏កំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការ ហើយអាចប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងពេលខាងមុខ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ថាតុលាការត្រូវផ្តល់យុត្តិធម៌ឲ្យលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ដោយហេតុថា មន្ត្រីបក្សប្រឆាំងទាំងពីររូបនេះ បានលើកពីបញ្ហាផែនទីដើម្បីជួយការពារបូរណភាពទឹកដីកម្ពុជា។ លោកថា គេមិនគួរចាប់មន្ត្រីពីរនាក់នេះដាក់គុកឡើយ តែគួរយកពួកគាត់មកជួយធ្វើការ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិទាំងអស់គ្នា។
ក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ វិច្ឆិកា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពស្នើសុំអ្នកជំនាញបារាំង ដើម្បីបម្លែងផែនទី Bonne ខ្នាត ១លើ១០០ពាន់ទៅជាផែនទី UTM ខ្នាត ១លើ៥០ពាន់វិញ ដើម្បីសម្រួលដល់ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលនៅសេសសល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។