លោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន និង ប៉ុល ពត ថា​ចេញ​ពី​សម្បុក​តែ​មួយ

0:00 / 0:00

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងៗ​ថា លោក ហ៊ុន សែន និង ប៉ុល ពត ចេញ​ពី​សម្បុក​តែ​មួយ គឺ​ជា​ជន​កុម្មុយនិស្ត​ផ្ដាច់ការ ម្តង​បម្រើ​ចិន ម្តង​បម្រើ​វៀតណាម ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​វាយ​បក​វិញ​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា សុទ្ធតែ​ជន​ក្បត់​ជាតិ ព្រោះ​ពឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ថ្លែង​ដោយ​ប្រយ័ត្ន​មិន​លើក​ឡើង​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​មាន​ឈ្មោះ​ជា​ទណ្ឌិត បាន​ប្រើ​សម្ដី​វាយ​ប្រហារ​លោក ហ៊ុន សែន ថា​របប​នយោបាយ​សព្វថ្ងៃ​គឺ​ដូច​ទៅ​នឹង​របប​ខ្មែរ​ក្រហម ដូច​ត្រង់​ថា​កម្ចាត់​មនុស្ស​ណា​ដែល​គេ​ចោទ​ប្រកាន់ ឬ​សង្ស័យ​ថា​ប្រឆាំង​ខ្លួន និង​ហាមឃាត់​មិន​ឲ្យ​និយាយ​ស្តី​ពី​បញ្ហា​សង្គម និង​រារាំង​មិន​ឲ្យ​មាន​ព័ត៌មាន​អ្វី​យក​មក​ផ្សព្វផ្សាយ។

លោក សម រង្ស៊ី ថ្លែង​បែប​នេះ​តាម​រយៈ​ហ្វេសប៊ុក (facebook) របស់​ខ្លួន​ពី​ក្រៅ​ប្រទេស​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា។ លោក សម រង្ស៊ី ចោទ​ប្រកាន់​លោក ហ៊ុន សែន វិញ​ថា​ជា​ជន​ក្បត់​ជាតិ « មាន​តែ​អ្នក​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ទេ​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជភាព ក្លាយ​ជា​រណប​បរទេស ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយ​ជា​អាណានិគម​និយម​របស់​ប្រទេស​ជិត​ខាង »

លោក សម រង្ស៊ី ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ដើម្បី​ពង្រឹង​អំណាច និង​អំពើ​ពុក​រលួយ​របស់​ខ្លួន សុខ​ចិត្ត​បម្រើ​ចិន និង​វៀតណាម។ លោក​ថា ការ​ពឹង​បរទេស​ជិត​ខាង​ដើម្បី​អំណាច​របស់​ខ្លួន គឺ​ធ្វើ​ឲ្យ​ខ្មែរ​បង់​ខាត​ទឹកដី សេដ្ឋកិច្ច និង​បាត់បង់​ឯករាជភាព​របស់​ខ្លួន « ខ្ញុំ​បាន​បង្ហាញ​ហើយ​ថា ហ៊ុន សែន និង ប៉ុល ពត ចេញ​មក​ពី​សម្បុក​តែ​មួយ គឺ​ជន​កុម្មុយនិស្ត​ផ្ដាច់ការ​ម្តង​បម្រើ​ចិន ម្តង​បម្រើ​វៀតណាម ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ និង​អំពើ​ពុក​រលួយ​របស់​ខ្លួន »

ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា យ៉ាង​តក់ក្រហល់ ពី​បទ​ក្បត់​ជាតិ លោក ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង បើ​សមាជិក​បក្ស​នេះ​ចេញ​មុខ​គាំទ្រ​លោក កឹម សុខា។ ជាង​នេះ​ទៅ​ទៀត លោក​ព្រមាន​ប្រទេស​ដទៃ​កុំ​ឲ្យ​ឈឺ​ឆ្អាល​រឿង​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

ស្រប​ពេល​ដែល​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បម្រើ​ចិន ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​ពេល​នេះ រដ្ឋាភិបាល​ចិន ប្រកាស​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ចាប់​ខ្លួន​លោក កឹម សុខា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក សម រង្ស៊ី ជា​មនុស្ស​ដែល​ត្រូវ​ទាត់​ចេញ​ពី​សង្គម​ទៅ​ហើយ ដូច្នេះ​លោក​ថ្លែង​អ្វី​ក៏​មិន​សំខាន់​ដែរ។ លោក​ថា លោក កឹម សុខា និង​លោក សម រង្ស៊ី ទៅ​ពឹង​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​ខុស​ពី​លោក ហ៊ុន សែន មិន​ពឹង​បរទេស​ណា​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ទេ « សម្តេច ហ៊ុន សែន ខុស​ពី សម រង្ស៊ី ខុស​ពី កឹម សុខា ព្រោះ​គាត់​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ទៅ​ដឹង​ពី​ណា ទៅ​ទទួល​បញ្ជា​ពី​ណា​ទេ »

ទោះ​បី​ជា​លោក សុខ ឥសាន ថា​លោក សម រង្ស៊ី ត្រូវ​ផាត់​ចេញ​ពី​សង្វៀន​នយោបាយ​ក្តី ប៉ុន្តែ​ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តែង​ប្រើ​សារ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក គ្រាន់​តែ​ពេល​ខ្លះ​លោក ហ៊ុន សែន និយាយ​បញ្ចេញ​ឈ្មោះ​លោក សម រង្ស៊ី។ លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។