បេសកជនវិទ្យាសាស្ត្រអាមេរិក បណ្ឌិត ជើរ៉ាល់ឌីន រិចមន្ត (Geraldine Richmond) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ថៃ និងឡាវ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៩ ខែមីនា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ចុះថ្ងៃទី៧ ខែមីនា តែត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមីនា ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់បណ្ឌិត ជើរ៉ាល់ឌីន រិចមន្ត មកកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ពេលនេះ គឺជាការគាំទ្រចំពោះការផ្ដួចផ្ដើមគំនិតរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងការពង្រឹងទំនាក់ទំនងវិស័យអប់រំ និងវិទ្យាសាស្ត្រជាមួយប្រទេសក្នុងតំបន់នេះ។
បន្ទាប់ពីទស្សនកិច្ចក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែមីនា អ្នកស្រី ជើរ៉ាល់ឌីន រិចមន្ត នឹងបន្តដំណើរមកកាន់ប្រទេសកម្ពុជា ហើយនៅថ្ងៃទី១០ ខែមីនា អ្នកស្រីនឹងចូលរួមក្នុងពិធីស្វែងយល់ពីបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ដែលអ្នកស្រីនឹងថ្លែងអំពីមូលហេតុដែលអ្នកស្រីចង់ក្លាយជាអ្នកវិទ្យាសាស្ត្រទៅកាន់អ្នកចូលរួម។ បន្ទាប់ពីកម្ពុជា អ្នកស្រីនឹងបន្តដំណើរទៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមីនា។
នេះជាដំណើរទស្សនកិច្ចលើកទី៤ មកកាន់តំបន់អាស៊ីអាគ្នេយ៍របស់អ្នកស្រី ជើរ៉ាល់ឌីន រិចមន្ត ក្នុងនាមអ្នកស្រីជាបេសកជនវិទ្យាសាស្ត្រអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
