សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​មិន​ចូល​រួម​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​អនុម័ត​ច្បាប់​ថវិកា​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៤ ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​មាន​តែ​សមាជិក​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទេ ដែល​ចូល​រួម។

លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សមាជិក​សភា​ទាំង ១១​រូប មិន​ចូល​រួម​ប្រជុំ ឬ​ចូល​រួម​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ និង​ច្បាប់​ផ្សេងៗ ព្រោះ​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​បង្កើត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ឯក​បក្ស​នេះ​ទេ។ លោក​បន្ថែម​ថា រាល់​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​អ្វី​មួយ​ដែល​មាន​តែ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គ្មាន​ការ​ចូល​រួម​ពី​បក្ស​ប្រឆាំង គឺ​មិន​ស្រប​ច្បាប់​ទេ។

លោក គង់ គាំ៖ «ដោយសារ​ថា​ច្បាប់​នេះ​ចេញ​ពី​រដ្ឋសភា ហើយ​រដ្ឋសភា​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ គឺ​ជា​រដ្ឋសភា​ឯក​បក្ស ដែល​អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រាកដ​ហ្នឹង មិន​បាន​ចូល​រួម​អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ​ស្ដីពី​ការ​គ្រប់គ្រង​ឆ្នាំ​២០១៤ នេះ​ទេ។ យើង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​ទុក​ឲ្យ​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ឯក​បក្ស​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ដឹក​នាំ​បច្ចុប្បន្ន​នេះ​ចុះ»

ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ព្រឹទ្ធសភា​បាន​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៣ របស់​ខ្លួន ដោយ​លើក​យក​របៀបវារៈ​ចំនួន​៤ មក​អនុម័ត​រួម​មាន សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៤។ សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​បង្កើត​ក្រសួង​រ៉ែ និង​ថាមពល។

កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា មាន​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៤០​រូប និង​មាន​តំណាង​រាជ​រដ្ឋាភិបាល​ចូល​រួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​ផង។

រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​នៅ​ឆ្នាំ​២០១៤ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា មាន​ចំនួន​ជាង ១៤​លាន​លាន​រៀល (១៤.១៦៦.១៩៥​លាន​រៀល) ឬ​ស្មើ​ប្រហែល ៣.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។