ព្រឹទ្ធសភា​នឹង​ប្រជុំ​ពិនិត្យ​និង​អនុម័ត​ច្បាប់​បោះ​ឆ្នោត​និង​ច្បាប់ គ.ជ.ប ថ្មី​នៅ​ថ្ងៃ​២៣​មីនា

ព្រឹទ្ធសភា​គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ មីនា បន្ទាប់​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ដោយ​ឯកច្ឆន្ទ​រួច​មក។

សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ នឹង​ចូល​ជា​ធរមាន​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា។ តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ដៃ​បោះ​ឆ្នោត​គាំទ្រ​ច្បាប់​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា ដោយ​គ្មាន​ការ​ចោទ​សួរ​ដេញដោល​អ្វី​ទាំងអស់។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ការ​បោះ​ឆ្នោត​ថា បក្ស​ប្រឆាំង​មិន​ពេញ​ចិត្ត​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ទាំង​ស្រុង​ឡើយ ប៉ុន្តែ​ត្រូវ​ធ្វើ​សម្បទាន​ឲ្យ​បក្ស​កាន់​អំណាច ដើម្បី​មាន​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ខ្លះ។

ទោះ​បី​ជា​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​បោះ​ឆ្នោត​គាំទ្រ​ដោយ​រដ្ឋសភា​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​នៅ​តែ​បន្ត​កើត​មាន។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់ លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​ថា​ជា​មេខ្លោង​ដឹក​នាំ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ក្រោយ​ការ​បោះ​ឆ្នោត។ ទោះ​បី​ការ​ចោទ​ប្រកាន់​ត្រូវ​បាន លោក កឹម សុខា បដិសេធ​ទាំង​ស្រុង​ក៏ដោយ ក៏ លោក ហ៊ុន សែន ព្រមាន​នឹង​វាយ​ខ្នោះ លោក កឹម សុខា ប្រសិន​លោក​ដឹក​នាំ​ធ្វើ​បាតុកម្ម​ជា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។