ស្ថាប័ន​ព្រឹទ្ធសភា​គាំទ្រ​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង ហើយ​ក៏​មិន​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ភ្លាមៗ​ក្រោយ​ការ​ប្រកាស​នោះ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ គាំទ្រ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

0:00 / 0:00

ព្រឹទ្ធសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាន់​ខ្ពស់​នៅ​កម្ពុជា បាន​គាំទ្រ​ឲ្យ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បន្ត​តួនាទី​របស់​ខ្លួន​ទៀត បើ​ទោះ​បី​គណបក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ចេញ និង​ស្នើសុំ​ឲ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ។

ស្ថាប័ន​មួយ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ដែល​វិទ្យុ​អាស៊ីសេរី ទើប​តែ​ទទួល​បាន បង្ហាញ​ជំហរ​គាំទ្រ លោក ហ៊ុន សែន ឲ្យ​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់។

លោក ហ៊ុន សែន បាន​ប្រកាស​បដិសេធ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង ហើយ​ក៏​មិន​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លិខិត​របស់​ព្រឹទ្ធសភា បង្ហាញ​ថា គ្មាន​ហេតុផល និង​មូលដ្ឋាន​ច្បាប់​ណា​មួយ​ដែល​តម្រូវ​ឲ្យ​រំលាយ​រដ្ឋសភា និង​ឲ្យ​នាយក​រដ្ឋមន្ត្រី​លា​លែង​ពី​មុខ​តំណែង​មុន​ចប់​អាណត្តិ​នោះ​ទេ។ ការ​លើក​ឡើង​នេះ គឺ​សំអាង​ហេតុ​ថា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៥ បាន​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ។

ស្ថាប័ន​មួយ​នេះ ក៏​ចាត់​ទុក​ការ​ប៉ុនប៉ង​ទាមទារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​បាតុករ ជា​ការ​បង្ក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​សន្តិភាព ស្ថិរភាព សណ្ដាប់​ធ្នាប់ ដែល​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ។ ស្ថាប័ន​ព្រឹទ្ធសភា ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាតុករ ងាក​មក​គោរព​ច្បាប់ និង​បទបញ្ញត្តិ​នានា ដើម្បី​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ស្ថិរភាព​សង្គម​ឡើង​វិញ។

សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស សម រង្ស៊ី លោក គង់ គាំ បញ្ជាក់​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ លោក ហ៊ុន សែន ពី​ស្ថាប័ន​ព្រឹទ្ធសភា​ពេល​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​សមាជិក​ទាំងអស់​ទេ ព្រោះ​សមាជិក​ព្រឹទ្ធសភា​ទាំង ១១​រូប មក​ពី​គណបក្ស សម រង្ស៊ី មិន​បាន​ដឹង​ឮ​ពី​ការ​ចេញ​លិខិត​នោះ​ឡើយ។ លោក​បន្ត​ថា លិខិត​ចេញ​ពី​ព្រឹទ្ធសភា​ដែល​មាន​ចរិត​គាំទ្រ លោក ហ៊ុន សែន ទំនង​ចេញ​ដោយ​សមាជិក​ព្រឹទ្ធសភា​ជាង ៤០​រូប ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

«សំឡេង»

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​មាន​ភារៈ​រៀប​ចំ​ការ​បោះ​ឆ្នោត ធ្លាប់​ប្រាប់​ថា ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា មិន​មាន​ចែង​អំពី​នីតិវិធី​បោះ​ឆ្នោត​ឡើង​វិញ ក្រោយ​ពេល​មាន​ការ​តវ៉ា​ចប់​សព្វ​គ្រប់​របស់​ភាគី​ចូល​រួម​បោះ​ឆ្នោត​នៅ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។

យ៉ាង​ណា អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គិត​ថា ការ​បោះ​ឆ្នោត​ឡើង​វិញ អាច​ធ្វើ​ទៅ​រួច​បើ​សិន​មាន​វិបត្តិ​នយោបាយ ឬ​មាន​ការ​យល់​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​ពី​គណបក្ស​ដែល​ចូល​រួម​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។