ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា លោកនឹងមិនចេញទៅក្រៅប្រទេសទេ ទោះបីជាមានបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ ដោយអ្នកគាំទ្របក្សកាន់អំណាចក្ដី។
ក្រោយពីពលរដ្ឋខ្មែរ-អាមេរិកាំង ត្រៀមធ្វើបាតុកម្មស្វាគមន៍ដំណើរទស្សនកិច្ចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាមេរិក នោះ ទាំង លោក ហ៊ុន សែន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ផង បានព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ នៅកម្ពុជា វិញជាបន្តបន្ទាប់ដែរ។ បើទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ បានប្រកាសជំហរម៉ឺងម៉ាត់ ដើម្បីការពារអ្នកនយោបាយ និងប្រជាពលរដ្ឋឲ្យមានសុវត្ថិភាព។
បើទោះបីជាមជ្ឈដ្ឋានទូទៅសង្កេតឃើញថា ការព្រមានរបស់មេដឹកនាំគណបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងតែងតែកើតឡើងយ៉ាងមានប្រសិទ្ធភាពក្តី ក៏ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបាត់បង់តំណែងអនុប្រធានទី១ នៃរដ្ឋសភា ដោយសារបាតុកម្មរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ម្តងហើយនោះ នៅតែរក្សាជំហរមិនភៀសខ្លួនទៅក្រៅប្រទេសឡើយ ទោះបីជាមានបាតុកម្មទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរជាងមុនក្តី៖ « ខ្ញុំមានទៅណា ខ្ញុំធ្វើការនៅទីនេះ ខ្ញុំនៅស្រុកខ្មែរ »។
ការអះអាងរបស់ លោក កឹម សុខា នេះ ធ្វើឡើងបន្ទាប់ពីលោកចេញពីសួរសុខទុក្ខមន្ត្រី និងសកម្មជនរបស់ខ្លួនទាំង ១៥នាក់នៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១១ កុម្ភៈ។ លោក កឹម សុខា ដែលហាក់ដូចជាប្រញាប់ប្រញាល់ឡើងរថយន្ត មិនចង់ឆ្លើយសំណួរអ្នកសារព័ត៌មាននោះ ក៏បញ្ជាក់ដែរថា ស្ថានភាពអ្នកជាប់ពន្ធនាគារនោះ កំពុងជួបបញ្ហាសុខភាពខ្លះៗ តែមិនធ្ងន់ធ្ងរទេ ហើយពួកគេនៅតែមានស្មារតីធម្មតា និងផ្ដាំផ្ញើឲ្យពលរដ្ឋចូលរួមចុះឈ្មោះ និងទៅបោះឆ្នោតដើម្បីការផ្លាស់ប្ដូរ។
និយាយពីបញ្ហាបាតុកម្ម មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឆ្លើយថា មិនមានការព្រួយបារម្ភឡើយ ព្រោះគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ច្បាស់ហើយថា គ្មានគម្រោងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ក៏នឹងជួបគ្នាតាមការណាត់នៅចុងខែកុម្ភៈ ដើម្បីប្រើវប្បធម៌សន្ទនាដោះស្រាយបញ្ហានយោបាយ៖ « ខ្ញុំជឿថា បញ្ហានយោបាយអាចដោះស្រាយបាន ព្រោះប្រទេសដែលគេប្រកាន់យករបបប្រជាធិបតេយ្យ គឺគេយកវប្បធម៌សន្ទនានេះជាស្នូល និងជាបេះដូង »។
ថ្មីៗនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកគាំទ្រផងនោះ សុទ្ធតែបានព្រមានតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា នឹងធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ ក្នុងប្រទេសកម្ពុជា វិញ ប្រសិនបើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហ៊ានធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅថ្ងៃទី១៥-១៦ កុម្ភៈ នៅសាន់នីឡេនដ៍ (Sunnylands) ទីក្រុងរេនឆូ ម៉ារ៉ាហ្ស (Rancho Mirage) រដ្ឋកាលីហ្វ័រញ៉ា (California)។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ម្នាក់ដែលប្រើប្រាស់គណនេយ្យហ្វេសប៊ុកឈ្មោះ សាំង សុង បាននិយាយនៅក្នុងវីដេអូឃ្លិបជាង ៩នាទី ហើយឃើញផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ថា នឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្គ្រោះជាតិ ចោល ប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងនៅអាមេរិក នៅតែធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ បុរសរូបនោះ ក៏បានចោទប្រកាន់គណបក្សសង្គ្រោះជាតិ ថាបានធ្វើបាតុកម្មជាច្រើនលើកច្រើនសា នាំឲ្យខូចទ្រព្យសម្បតិ្ត និងសន្តិសុខសង្គម ដោយមិនដែលទទួលស្គាល់ទង្វើរបស់ខ្លួនឡើយ។ ដូចនេះ បាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលនេះ វាក៏មិនមែនជាការបញ្ជា និងមិនមែនជាការទទួលខុសត្រូវរបស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា នោះដែរ៖ « ហេតុអ្វីបានជាត្រូវរំលាយដោយសារតែគណបក្សសង្គ្រោះជាតិ បង្កើតមកមិនបានសង្គ្រោះអ្វីនោះទេ គឺមានតែធ្វើឲ្យប្រជាជនរងគ្រោះ»។
ចំពោះបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា លោកមិនដឹងថា អ្នកប្រកាសនោះជាអ្នកណា មានសមាសភាពអ្វីពិតប្រាកដឡើយ ហើយការប្រកាសតាមហ្វេសប៊ុកនោះ ក៏មិនអាចយកជាការបានដែរ៖ «យើងមានច្បាប់បោះឆ្នោត មានច្បាប់គណបក្សនយោបាយ ហើយការរំលាយគណបក្សណាមួយនោះ លុះត្រាតែយើងអនុវត្តត្រឹមត្រូវទៅតាមច្បាប់ទើបបាន មិនអាចចេះតែថាបានទេ »។
លោក សុខ ឥសាន លើកឡើងថា ពលរដ្ឋខ្មែរនៅអាមេរិក មិនគួរធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាភ្ញៀវផ្លូវការរបស់ប្រធានាធិបតីអាមេរិក នោះទេ។ លោកបញ្ជាក់ដែរថា ប្រសិនបើអ្នកទាំងនោះនៅតែប្រកាន់សិទ្ធិតវ៉ាមិនព្រមបញ្ឈប់ ហើយរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយគណបក្សប្រឆាំងនោះ ដូច្នេះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅកម្ពុជា ក៏មានសិទ្ធិធ្វើបាតុកម្មដូចគ្នាដែរ។
ទោះជាដូច្នេះក្តី ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល បញ្ជាក់ហើយថា លោកមិនបោះបង់ និងមិនរាថយចំពោះគម្រោងធ្វើបាតុកម្មប្រឆាំងនឹង លោក ហ៊ុន សែន ដើម្បីទាមទារឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងបញ្ឈប់ការចាប់ក្រុមសកម្មជនប្រជាធិបតេយ្យដាក់ពន្ធនាគារ។ លោកអះអាងថា មិនមែនជាសកម្មជនបក្សប្រឆាំងទេ។
កន្លងមក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយចុះថ្ងៃទី៤ ខែវិច្ឆិកា ដោយអំពាវនាវអាជ្ញាធរគ្រប់ខេត្ត-ក្រុងទាំងអស់ ពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនឥស្សរជននយោបាយគ្រប់និន្នាការ និងប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពជាងមុន ដើម្បីកុំឲ្យមានការធ្វេសប្រហែសឆកល្វែង បណ្ដាលឲ្យមានអំពើហិង្សាដូចករណីវាយតប់លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសធ្ងន់ ក្នុងថ្ងៃដែលក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ធ្វើបាតុកម្មទម្លាក់ លោក កឹម សុខា នៅមុខរដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លិខិតនេះនៅតែឋិតជាធរមាននៅឡើយ។ លោកបន្តថា ជាគោលការណ៍ ក្រសួងមហាផ្ទៃ បានប្រកាន់ជំហរម៉ឺងម៉ាត់ដើម្បីខិតខំការពារបរិយាកាសស្ថិរភាពនយោបាយ និងសន្តិភាពឲ្យបានល្អ ហើយក៏អំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងជៀសវាងការផ្គើនដាក់គ្នាពេលធ្វើបាតុកម្ម៖ « បានសេចក្តីថា បើមានបញ្ហាស្អីឡើងហើយ យើងខិតខំធ្វើយ៉ាងណានាំគ្នាយកទឹកទៅចាក់លើភ្លើង កុំឲ្យបន្ថែមភ្លើង »។
អង្គការសង្គមស៊ីវិលមួយចំនួន ហាក់ពុំសូវសង្ឃឹមលើចំណាត់ការការពាររបស់អាជ្ញាធរ ថាមានប្រសិទ្ធភាពនោះទេ ដោយសារពួកគេតែងតែលម្អៀងទៅរកបក្សកាន់អំណាច។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា លើកឡើងថា ការធ្វើបាតុកម្មដោយមានការទាក់ទិនជាមួយគណបក្សកាន់អំណាចនេះ គឺពុំត្រឹមត្រូវឡើយ ហើយអាជ្ញាធរគួរហៅបុគ្គលនោះមកសួរនាំអំពីបំណងមិនល្អនោះ។ លោក គល់ បញ្ញា បញ្ជាក់ថា ការដែលអ្នកគាំទ្រ លោក ហ៊ុន សែន ធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ ដើម្បីឆ្លើយតបជាមួយពលរដ្ឋខ្មែរនៅអាមេរិក នោះ គឺមិនមែនមានន័យថា លើកតម្កើងសេរីភាពនៃការជួបជុំឡើយ។ ផ្ទុយទៅវិញ វាគឺជាទង្វើប្រឆាំងនឹងសេរីភាពនៃការជួបជុំ៖ « គេធ្វើអីក៏បានដែរ កាលណាយើងនៅក្នុងអំណាច យើងប្រើអំពើហិង្សាប្រឆាំងនឹងគេ យើងវាយគេហើយ យើងរួចខ្លួន។ យើងគំរាមកំហែងគេហើយយើងរួចខ្លួន។ យើងប្ដឹងគេចាប់ដាក់គុក ចេះតែធ្វើទៅរួចទៅបានហើយ ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវបានគេថ្កោលទោស និងកត់ត្រានៅក្នុងរបាយការណ៍នៃការរំលោភបំពានទៅលើអ្នកនយោបាយ ទៅលើសកម្មជននយោបាយ ទៅលើប្រជាពលរដ្ឋហើយ។ សកម្មភាពទាំងអស់នេះ គឺចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស »។
នាយកប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Brad Adams) លោក ប្រ៊ែដ អាដាម បានលើកឡើងថា កងកម្លាំងរបស់ លោក ហ៊ុន សែន ធ្លាប់វាយ និងបាញ់សម្លាប់អ្នកតវ៉ានាពេលកន្លងទៅ។ ហេតុនេះ ការគំរាមអ្នកប្រឆាំង ជារឿងដែលអាចជឿទុកចិត្ត និងព្រួយបារម្ភ។ លោក ប្រ៊ែដ អាដាម ក៏សំណូមពរឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) គួរតែដាក់សម្ពាធទៅ លោក ហ៊ុន សែន ឲ្យបញ្ចប់រាល់អំពើហិង្សា និងការរំលោភបំពានទៅលើអ្នកគាំទ្រគណបក្សប្រឆាំង និងទម្លាក់ចោលការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ចំពោះអ្នកតវ៉ាដោយសន្តិវិធី និងដោះលែងអ្នកទោសនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។