ភរិយារបស់ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី និងជាតំណាងរាស្ត្របក្សសង្គ្រោះជាតិ គឺអ្នកស្រី ជូឡុង សូមូរ៉ា ជាប់ឆ្នោតជាប្រធានគណៈកម្មការសហភាពអន្តរសភា (IPU)។
ទំព័រហ្វេសប៊ុកលោក សម រង្ស៊ី ចុះផ្សាយនៅថ្ងៃទី២១ មីនា ថា អ្នកស្រី ជូឡុង សូមូរ៉ា ត្រូវបានអង្គសន្និបាតតំណាងឲ្យ១៧០ប្រទេស និងស្ថាប័ន បោះឆ្នោតជាប្រធានគណៈកម្មការសហភាពអន្តរសភា ទទួលបន្ទុកអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម។
ពេលថ្មីៗនេះតំណាងរាស្ត្របក្សប្រជាជនកម្ពុជាពីររូបគឺអ្នកស្រី ឡោក ខេង ជាប់ឆ្នោតជាសមាជិកាគណៈកម្មការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៃសហភាពអន្តរសភា។ រីឯកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ជាប់ឆ្នោតជា សមាជិកក្រុមប្រឹក្សាភិបាលវេទិកាតំណាងរាស្ត្រវ័យក្មេងនៃសហភាពអន្តរសភាផងដែរ។
សហភាពអន្តរសភាជាស្ថាប័នសភាអន្តរជាតិដ៏មានឥទ្ធិពល ដែលមានសមាជិកបច្ចុប្បន្នចំនួន ១៦៧ប្រទេស និងសមាជិកដែលស្ថាប័នរដ្ឋសភាចំនួន១០។ ស្ថាប័ននេះមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលធ្វើការលើការសន្ទនារវាងសភានៅទូទាំងពិភពលោក សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាពលរដ្ឋ និងការបង្កើតឲ្យរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
