ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ត្រូវបានអង្គសមាជដែលរៀបចំនៅថ្ងៃទី៩ ខែកញ្ញា ជ្រើសរើសជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ នៅក្នុងអង្គសមាជនោះ លោក ម៉ម សូណង់ដូ និងអ្នកគាំទ្រ រិះគន់គណបក្សសង្គ្រោះជាតិ ថាបោកប្រាស់ឆន្ទៈរាស្ត្រដើម្បីអំណាច ហើយគ្មានវិធីដោះស្រាយបញ្ហាជាតិ។ ទោះយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិ ច្រានចោលការចោទប្រកាន់នេះ។
លោក ម៉ម សូណង់ដូ ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សប្រឆាំងនោះ ពេលនេះបានក្លាយជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហើយលោកចាប់ផ្ដើមវាយប្រហារពាក្យសម្ដីមិនសំចៃមាត់លើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថាគ្មានសមត្ថភាពដោះស្រាយបញ្ហាសង្គមជាតិ ដូចជាបញ្ហាព្រំដែនជាដើម៖ «ខ្ញុំមានដំណោះស្រាយទាំងអស់ ហើយអ្នកទាំងពីរហ្នឹង (លោក សម រង្ស៊ី និងលោក កឹម សុខា) មិនអាចដោះស្រាយបានទេ។ ម៉ម សូណង់ដូ ដោះស្រាយបាន ពេលណាដែលជាប់ឆ្នោត មិនមែនរកដំណោះស្រាយដោយប្រើកម្លាំងបាយកាប់ចាក់ទេ គឺមានច្បាប់ និងសាក្សីរស់»។
សមាជិក សមាជិកាប្រមាណ ១ពាន់នាក់ មកពីបណ្ដាខេត្តផ្សេងៗ ដែលបានចូលរួមសមាជគណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា នៅក្នុងបរិវេណគេហដ្ឋានលោក ម៉ម សូណង់ដូ នៅឃុំគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏បានលើកដៃជ្រើសរើសអនុប្រធានបក្សពីររូបទៀត គឺលោក ហារី សំអាត និងលោកបណ្ឌិតច្បាប់ ហ៊ាង ឫទ្ធី។ ចំណែកលោក យ៉ែម វណ្ណថន បានក្លាយជាអគ្គលេខាធិការ និងលោក អ៊ី សំអុល ជាអគ្គហិរញ្ញិក។
អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងស្រួចស្រាវទាំងនេះអះអាងថា ការរូបរួមគ្នាបង្កើតបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនេះ ដោយសារតែខឹងនឹងគណបក្សសង្គ្រោះជាតិ ដើរចូលសភា ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ដោយមិនគោរពឆន្ទៈរាស្ត្រ និងពាក្យសម្បថរបស់ខ្លួននៅមុខប្រាសាទអង្គរវត្ត។
អតីតសមាជិកគណៈកម្មការប្រតិបត្តិខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិ មួយរូប គឺលោក សៀ ឆាយ យល់ឃើញថា មេដឹកនាំបក្សប្រឆាំងនិយាយល្អ តែធ្វើអាក្រក់ដោយយកឆន្ទៈរាស្ត្រទៅដូរយកអំណាច ហើយគ្មានឃើញលទ្ធផលជូនជាតិនោះទេ៖ «ជាក់ស្តែងការពីកន្លងទៅ គាត់ស្បថនៅមុខអង្គរវត្តថា ឲ្យទេវតាបរាមុខពួកគាត់ដែលគាត់និយាយថា មិនចូលដៃចូលជើងជាមួយចោរ តែឥឡូវយើងឃើញស្រាប់ហើយថា តើគាត់ចូលជាមួយអ្នកណា?»។
ទាក់ទិនបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់របស់គណបក្សដែលទើបបង្កើតថ្មីដែលនៅក្រៅរដ្ឋាភិបាលនោះទេ៖ «អ្នកដែលត្រូវមានតួនាទីដោះស្រាយបញ្ហាប្រទេសជាតិ បញ្ហានាពេលបច្ចុប្បន្ន មិនមែនគណបក្សដែលបង្កើតថ្មីនោះទេ គឺគណបក្សកាន់អំណាច។ អ៊ីចឹងហើយក្នុងនាមជាគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈក្នុងរដ្ឋសភាហ្នឹង យើងមិនចាំបាច់ទៅឆ្លើយឆ្លងជាមួយគណបក្សដែលនៅក្រៅរដ្ឋាភិបាលដូចគ្នាទេ។ សំខាន់ គឺយើងត្រូវតែធ្វើការងារជាមួយគណបក្សកាន់អំណាច ដើម្បីរកដំណោះស្រាយជូនប្រទេសជាតិ និងប្រជារាស្ត្រខ្មែរ»។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា គណបក្សរបស់លោកមានគោលនយោបាយចំនួន ២៦ប្រការ ដើម្បីស្ដារប្រទេសជាតិឡើងវិញ ដូចជាដំឡើងប្រាក់ខែមន្ត្រីរាជការ និងការបញ្ចុះតម្លៃទំនិញ និងធានាធ្វើយ៉ាងណាអោយជីវភាពប្រជាពលរដ្ឋថ្លៃថ្នូរ មានពេទ្យព្យាបាលត្រឹមត្រូវ។ ចំណែកប៉ូលិសត្រូវតែថែទាំសុវត្ថិភាពប្រជាពលរដ្ឋ រីឯទាហានសម្រាប់ការពារបូរណភាពទឹកដី។ បន្ថែមពីនេះ លោកនឹងបង្កើតច្បាប់អនុញ្ញាតអោយភេទទីបី រៀបការបានទៀតផង។
ទាក់ទិននឹងការកកើតគណបក្សច្រើននៅក្នុងប្រទេសកម្ពុជានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ឃើញថា គឺបង្ហាញពីភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ហើយធ្វើអោយប្រជាពលរដ្ឋអាចយល់ដឹងច្រើនទៀតពីបញ្ហាសង្គម និងនយោបាយ។
ទោះយ៉ាងណា លោកជំរុញអោយប្រជាពលរដ្ឋតាមដាននូវសកម្មភាព និងគោលនយោបាយរបស់គណបក្សនីមួយៗ ដែលបានការសន្យានៅមុនការបោះឆ្នោត ថាតើបក្សដែលអួតថា ខ្លួនស្នេហាជាតិ និងមានដំណោះស្រាយបញ្ហាជាតិ នៅពេលឈ្នះឆ្នោតបានគ្រប់គ្រងអំណាចនោះ អនុវត្តបានកម្រិតណា?៖ «ដើម្បីដោះស្រាយបញ្ហាបានទាល់តែមានអំណាច។ ទោះបីជាយ៉ាងណាក៏ដោយ យើងពិនិត្យទៅមើលគោលនយោបាយជាមួយគណបក្សនីមួយៗដែលបានបង្កើតឡើង សុទ្ធតែបានស្នេហាជាតិ និងសុទ្ធតែជួយផលប្រយោជន៍ប្រជាជនទាំងអស់ ប៉ុន្តែការអនុវត្តយ៉ាងណានោះ អាស្រ័យលើប្រជាពលរដ្ឋតាមដាន»។
នៅឆ្នាំ២០១៥ នេះ មានគណបក្សចំនួនបីត្រូវបានបង្កើតឡើងថ្មី រួមមានគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉េង វីរៈ។ បក្សនយោបាយថ្មីទាំងនេះ នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។