លោក ស ខេង មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​សុំ​ដោះ​លែង​យុវជន​បក្ស​សង្គ្រោះ​ជាតិ​៣​នាក់

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ករណី​ដែល​ចង់​អោយ​មាន​អន្តរាគមន៍​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​នាក់ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា ថា លោក ស ខេង បាន​ទទួល​លិខិត​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា បាន​ផ្ញើ​លិខិត​ជូន លោក ស ខេង ដោយ​ស្នើ​អោយ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​រូប ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ហិង្សា​ដែល​កើត​មាន​ឡើង​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​យុវជន​ទាំង ៣​រូប​នេះ មេធាវី​ការពារ លោក សំ សុគង់ បញ្ជាក់​ថា មក​ដល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ត្រូវ​ចៅក្រម​បើក​ការ​ស៊ើបសួរ​នៅ​ឡើយ​ទេ៖ «កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារ​ចំ​ថ្ងៃ​សម្រាក គឺ​សៅរ៍ អាទិត្យ ហ្នឹង ហើយ​ចៅក្រម​ដែល​គាត់​ទទួល​បន្ទុក​ក្នុង​សំណុំ​រឿង​ហ្នឹង គាត់​មិន​បាន​ជួប​ជាមួយ​អ្នក​ទាំង​៣​ហ្នឹង​ទេ។ អ្នក​ទាំង​៣ ពេល​គេ​បញ្ជូន​មក​ដល់​ហ្នឹង គាត់​ជួប​ជាមួយ​ចៅក្រម​ប្រចាំ​ការ ហើយ​គាត់​ក៏​មិន​បាន​សួរ​យក​កំណត់​ហេតុ​អី​ដែរ គឺ​គាត់​គ្រាន់​តែ​សម្រេច​នីតិវិធី​ទាក់ទង​នឹង​ការ​បង្ហាញ​មុខ​ដំបូង និង​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ចឹង​តាំង​ពី​ថ្ងៃ​សៅរ៍ រហូត​មក​ដល់​ពេល​នេះ ជន​ជាប់​ចោទ​ទាំង​៣ នៅ​មិន​ទាន់​ជួប​ចៅក្រម​កាន់​សំណុំ​រឿង​នៅ​ឡើយ»

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​រូប​នោះ​រួម​មាន លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ លោក សាន គីមហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក និង​លោក នាង សុឃុន ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ច្បារអំពៅ។ ពួក​គេ​ត្រូវ​នគរបាល​ចាប់​ខ្លួន និង​នាំ​ទៅ​ឃុំ​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។