លោក​មាជ​សុវណ្ណារ៉ា៖ លោក​មិន​អាច​នៅ​ក្រៅ​ឃុំ​ទេ​បើ​គ្មាន​ការ​ចរចា​នយោបាយ

ដោយ ម៉ម មុនីរតន៍
2015.03.04
មាជ សុវណ្ណារ៉ា ៦២០ លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស​ពណ៌​ទឹក​ក្រូច) ពេល​នាំ​មក​សវនាការ​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ៤ មីនា ២០១៥។
Photo: RFA

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ពុធ ទី​១១ មីនា ខាងមុខ។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា អះអាង​​ថា កូន​ក្ដី​របស់​ខ្លួន បើ​ផ្អែក​តាម​អង្គហេតុ គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​សំណុំរឿង​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ ទេ។

រថយន្ត​ប្រភេទ ១២​កៅអី​ដែល​មាន​សភាព​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ បាន​​ប្រឹង​បង្កើន​ល្បឿន​យ៉ាង​ត្រដាបត្រដួស​ឆ្ពោះ​ទៅ​មុខ លាយ​ឡំ​ដោយ​ផ្សែង​ប្រែ​ពណ៌​ខ្មៅ​ដើម្បី​ដឹក​អ្នក​ជាប់​ឃុំ ក្នុង​នោះ​មាន​លោក មាជ សុវណ្ណារ៉ា ផង ត្រឡប់​ទៅ​កាន់​ពន្ធនាគារ​វិញ បន្ទាប់​ពី​​ចំណាយ​ពេល​សវនាការ​ប្រហែល ១​ម៉ោង កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ក្រោម​បទ​ចោទ​ដឹក​នាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ។

ក្នុង​សវនាការ​នោះ ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល លោក ឃឹម ប៉ុណ្ណ បាន​សម្រេច​ភ្លាមៗ​ថា នឹង​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នេះ ទៅ​​ថ្ងៃ​ទី​១១ ខែ​មីនា ខាង​មុខ ក្រោយ​ពី​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុណ្ណរ៉ា ធ្វើ​សេចក្ដី​សន្និដ្ឋាន​រួច។

បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក មាជ សុណ្ណរ៉ា ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​អស់​ជំនឿ​ទាំង​មុន និង​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ​ថា សាលដីកា​ដែល​គ្រោង​នឹង​ប្រកាស​ក្នុង​រយៈ​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ ទំនង​ជា​មិន​អាច​ផ្ដល់​យុត្តិធម៌​សម្រាប់​លោក​បាន​ទេ ព្រោះ​សំណុំ​រឿង​មួយ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ហេតុ​នេះ​បើ​លោក ហ៊ុន សែន និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​អាច​បញ្ចប់​ភាព​ចម្រូងចម្រាស​ណា​មួយ​ទេ គឺ​រូប​លោក ព្រម​ទាំង​សកម្មជន​ដទៃ​ទៀត នឹង​នៅ​តែ​ជា​កូន​អុក​នៃ​ល្បែង​នយោបាយ​មួយ​នេះ​ដដែល៖ «មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​ខ្ញុំ​ឥត​សង្ឃឹម​ទេ ​បើ​សិន​ជា​គ្មាន​ការ​ចរចា​ផ្នែក​នយោបាយ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី។ ព្រោះ​រឿង​នយោបាយ​អ៊ីចឹង តុលាការ​សម្ពាធ​នយោបាយ»

លោក មាជ សុណ្ណរ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ថា ជា​អ្នក​ដឹក​នាំ​កុប្បកម្ម និង​បង្ក​ឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ស្ពាន​នាគ ជិត​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤។ ជា​មួយ​គ្នា​នេះ នៅ​មាន​សកម្មជន ១០​នាក់​ផ្សេង​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ​ដែរ​ក្នុង​ថ្ងៃ​បន្តបន្ទាប់។

លោក ជូង ជូងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មាជ សុណ្ណរ៉ា ថ្លែង​ក្រោយ​បញ្ចប់​សវនាការ​ថា លោក​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទាំង​ក្នុង​ខ្សែ​អាត់​វីដេអូ និង​សំណុំរឿង រក​ពុំ​ឃើញ​ថា កូន​ក្ដី​របស់​ខ្លួន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ បើ​ទោះ​ជា​យ៉ាង​ណា លោក ជូង ជូងី នៅ​ពុំ​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ក្នុង​ថ្ងៃ​ប្រកាស​សាលដីកា​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាង​មុខ​ទៀត​នេះ តុលាការ​នឹង​សម្រេច​ឲ្យ​កូន​ក្ដី​របស់​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​ដូច​ការ​ស្នើ​សុំ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​វា​ជា​រឿង​នយោបាយ៖ «ការ​ចោទ​ប្រកាន់​របស់​តុលាការ​កន្លង​មក គឺ​អត់​ត្រឹមត្រូវ​ទេ ពីព្រោះ​សម្រាប់​ខ្ញុំ​ជា​មេធាវី ក្រោយ​ពី​សិក្សា​សំណុំរឿង អត់​មាន​បទល្មើស​កុប្បកម្ម​កើត​ឡើង​ទេ»

ស្រប​ពេល​សវនាការ​នៅ​តុលាការ​កំពូល​លើ​សំណុំរឿង​របស់​លោក មាជ សុវណ្ណរ៉ា ត្រូវ​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១១ ខែ​មីនា។ ដោយ​ឡែក​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ក៏​ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំជម្រះ លើក​ពេល​សវនាការ​ទៅ​ថ្ងៃ​ខាង​មុខ ដោយ​មិន​កំណត់​ពេល​ដែរ ក្នុង​សំណុំរឿង ៣​បន្ថែម​ទៀត លើ​សំណុំរឿង​ដែល​មាន​ស្រាប់ គឺ​បង្ក​ហិង្សា​ដោយ​ចេតនា ២ រារាំង​មន្ត្រី​រាជការ​សាធារណៈ និង​៣ ការ​ចូលរួម​ជា​មួយ​សមាគម​ទុច្ចរិត។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ យល់​ឃើញ​ថា សកម្មជន​គណបក្ស​នយោបាយ​ដែល​បាន​ចាប់​ខ្លួន​ទាំង​នេះ គួរ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ។លោក​បន្ត​ថា ក្នុង​សំណុំរឿង​ដូច​គ្នា និង​ពេល​វេលា​តែ​មួយ អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៧​នាក់ គឺ​តុលាការ​អាច​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន ក៏​ប៉ុន្តែ​សកម្មជន​បែរ​ជា​ត្រូវ​បន្ត​ចោទ​ប្រកាន់​ទៅ​វិញ៖ «ខ្ញុំ​គិត​ថា អ្នក​ទាំង​អស់ ជាពិសេស​លោក មាជ សុវណ្ណរ៉ា គឺ​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន​ហើយ។ បើ​យើង​មើល​តំណាងរាស្ត្រ ៧​រូប ដែល​ត្រូវ​បាន​ចាប់ និង​ចោទ​ប្រកាន់​ពី​បទ​ដូច​គ្នា ប៉ុន្តែ​ក្រោយ​ពី​ថ្ងៃ​ចរចា​ថ្ងៃ​ទី​២២ មក​ទាំង​អស់​នោះ​ត្រូវ​បាន​ដោះលែង»

អ្នក​ចូល​រួម​លើក​ទឹក​ចិត្ត​លើក​នេះ ហាក់​មាន​ចំនួន​ដ៏​តិចតួច​បើ​ប្រៀបធៀប​ទៅ​នឹង​សវនាការ​ក្នុង​សំណុំរឿង​លើក​មុនៗ។ អ្នក​មក​គាំទ្រ​លើក​នេះ​ភាគ​ច្រើន​គឺ​ជា​មនុស្ស​ដែល​ជិតស្និទ្ធ រួម​មាន​ក្រុម​គ្រួសារ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ ចំពោះ​កម្លាំង​មាន​សមត្ថកិច្ច​វិញ សង្កេត​ឃើញ​​ថា ពុំ​បាន​ដាក់​ពង្រាយ​ស្អេកស្កះ​ដូច​មុនៗ​ទៀត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។