គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត បើកកិច្ចពិភាក្សាគ្នាមួយនៅព្រឹកថ្ងៃទី១៩ វិច្ឆិកា ស្ដីពីសន្ទស្សន៍សម្រាប់ការបោះឆ្នោតដែលសេរី និងយុត្តិធម៌។ កិច្ចពិភាក្សានេះ ជាការចាប់ផ្ដើមរិះរកមធ្យោបាយបង្កើតឲ្យមានខ្នាតវាស់វែងការបោះឆ្នោតឲ្យសេរី និងយុត្តិធម៌នៅកម្ពុជា ឲ្យស្របតាមនិយាមអន្តរជាតិ។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត ដែលចូលរួមពិភាក្សាអំពីសន្ទស្សន៍សម្រាប់ការបោះឆ្នោតដែលត្រឹមត្រូវ និងយុត្តិធម៌ បង្ហាញពីភាពខ្វះចន្លោះនៃការបោះឆ្នោតនៅកម្ពុជា។
នាយកប្រតិបត្តិខុមហ្វ្រែល លោក គល់ បញ្ញា បញ្ជាក់ថា កិច្ចពិភាក្សាគ្នានេះ គឺដើម្បីកំណត់អំពីសន្ទស្សន៍ ឬកត្តាចង្អុលបង្ហាញចាំបាច់ ដែលមាននៅក្នុងនិយាមអន្តរជាតិនានា សម្រាប់ជាខ្នាតវាស់វែងការបោះឆ្នោតនៅកម្ពុជា នៅពេលខាងមុខ៖ «មាននិយាមមួយ គឺសេចក្ដីថ្លែងការណ៍របស់បាងកក ស្ដីពីការបោះឆ្នោតដែលត្រឹមត្រូវ និងយុត្តិធម៌ហ្នឹង ខ្ញុំគិតស្តង់ដារហ្នឹងមួយសំខាន់មានលក្ខណៈល្អ ហើយបច្ចុប្បន្ននេះ (គេ) កំពុងជំរុញលើកទឹកចិត្តឱ្យ គ.ជ.ប បណ្ដាប្រទេសអាស៊ីយើងហ្នឹង ធ្វើការអនុវត្តទទួលយកស្តង់ដារ ដែលគេនិយាយថា សេចក្ដីថ្លែងការណ៍នៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅទីក្រុងបាងកកហ្នឹង»។
ក្នុងកិច្ចពិភាក្សានេះ អ្នកចូលរួមដែលជាអ្នកនយោបាយ អ្នកច្បាប់ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ បានគូសបង្ហាញចំណុចខ្វះចន្លោះមួយចំនួន ដែលមាននៅក្នុងការបោះឆ្នោតនៅកម្ពុជា ដែរ។
អ្នកនាំពាក្យគណបក្សអំណាចខ្មែរ លោក ទេព វីរៈ រិះគន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ននេះ គឺជារបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ លោកសំណូមពរឲ្យរលាយ គ.ជ.ប នេះចោល៖ «នៅក្នុងច្បាប់រដ្ឋធម្មនុញ្ញគេបានចែងថា គ.ជ.ប គឺត្រូវតែជា គ.ជ.ប ឯករាជ្យ។ ពាក្យថាឯករាជ្យមួយម៉ាត់ មិនមែនគណបក្សពីរហ្នឹងមកចែកកៅអីគ្នា ដើម្បីធ្វើច្បាប់ គ.ជ.ប ដើម្បីធ្វើច្បាប់បោះឆ្នោតអីផ្សេងៗ ហើយបម្រើតែគណបក្សពីរហ្នឹង អត់ត្រឹមត្រូវទេ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក កែវ ភីរម្យ ថ្លែងថា លោកគាំទ្រចំពោះការធ្វើឲ្យ គ.ជ.ប ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹត្យ ប៉ុន្តែបរិបទកម្ពុជា នៅពេលនេះមិនអាចធ្វើបាន៖ «យើងចង់បានអាហ្នុងណាស់ តែសួរថា ធ្វើបាន ឬអត់? វាអត់បាន។ ម៉្លោះហើយ គឺយើងត្រូវតែធ្លាក់មកត្រឹមការជជែកគ្នា ដោយមានគណបក្សនយោបាយកាន់អំណាច និងគណបក្សនយោបាយ ដែលមានអាសនៈក្នុងសភាហ្នឹង ហើយយោបល់ហ្នឹងខ្ញុំគាំទ្រ អនាគតទៅយើងចង់បាន គ.ជ.ប មួយ ដែលអព្យាក្រឹតពិតប្រាកដ កុំឱ្យលូកដៃពីគណបក្សណា»។
ខុមហ្វ្រែល បានបង្ហាញសន្ទស្សន៍ ឬលក្ខខណ្ឌធំៗចំនួន៦ ដែលនាំឲ្យមានការបដិសេធលទ្ធផលបោះឆ្នោត ក្នុងនោះគឺមានកំហុសបច្ចេកទេសនៅការិយាល័យបោះឆ្នោត បច្ចេកទេសរាប់សន្លឹកឆ្នោត ការទិញសន្លឹកឆ្នោត ការឃោសនានៅថ្ងៃស ការបំភិតបំភ័យ គំរាមកំហែង អំពើហិង្សា និងការសម្លាប់ពាក់ព័ន្ធនយោបាយ។
អ្នកវិភាគឯករាជ្យ គឺលោក កែម ឡី ថ្លែងថា ការពិភាក្សានេះមានសារសំខាន់ ពីព្រោះការអនុវត្តនៅកម្ពុជា កន្លងមក មិនមានការរៀបចំក្របខ័ណ្ឌវាស់វែងការបោះឆ្នោតទេ។ លោកចាត់ទុកសេចក្ដីប្រកាសទីក្រុងបាងកក ស្ដីពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ថាជានិយាមស្តង់ដារ ឬជាខ្នាតគំរូវាស់វែងសំខាន់មួយ ដែលប្រទេសកម្ពុជា គួរចាប់យក ដើម្បីឲ្យលទ្ធផលបោះឆ្នោតមានតម្លៃ។ លោក កែម ឡី មានប្រសាសន៍ទៀតថា សូចនាករ ឬកត្តាចង្អុលបង្ហាញធំៗចំនួន១០ នឹងអាចធ្វើឲ្យលទ្ធផលបោះឆ្នោតទទួលយកបាន។
លោក កែម ឡី៖ «ទីមួយ ចំនួនអ្នកគ្រប់អាយុបោះឆ្នោត ធៀបទៅនឹងប្រជាពលរដ្ឋប៉ុន្មាន។ វាអត់ដែលលើសចំនួនប្រជាពលរដ្ឋទេ។ ទីពីរ គឺចំនួនអ្នកចុះឈ្មោះបោះឆ្នោតធៀបទៅនឹងចំនួនដែលគ្រប់អាយុបោះឆ្នោត។ កន្លងមកលើស។ ហេតុអីបានជាលើស? ហើយមកពីណា? ប៉ុន្តែបើការចុះឈ្មោះហ្នឹងតិចជាង ៥០% ថាតើយើងយកជាការបាន ឬមិនបាន? ហ្នឹងជាកត្តាវាស់វែងហើយ។ ទីបី សូចនាករទាក់ទងនឹងចំនួនអ្នកទៅបោះឆ្នោត ធៀបនឹងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយគម្លាតរបស់វា កាលណាលើសពី ៦០% ទៅ ៧០% យើងគិតថាល្អ អាចទទួលយកបាន។ កាលណាប្រហែល ៥០% ទៅ ៦០% យើងគិតថាមធ្យម។ ប៉ុន្តែកន្លងមក យើងបាន ៦៨%។ ប្រសិនបើទាបជាង ២០% អី ថាតើយើងបោះឆ្នោតឡើងវិញ ឬយ៉ាងម៉េច? អ៊ីចឹងអាហ្នឹងយើងត្រូវរៀបចំ។ ទីបួន គឺចំនួននៃក្រដាសចេញលទ្ធផលបោះឆ្នោត ដែលត្រូវរក្សានៅការិយាល័យបោះឆ្នោតឲ្យបានយ៉ាងហោចណាស់ឲ្យបានអាទិត្យ ដើម្បីសាធារណជនមើល។ អាហ្នឹងជាសូចនាករសំខាន់បំផុត ដែលកន្លងមកឲ្យទៅអ្នកសង្កេតការណ៍ ឬមិនឲ្យ យើងអត់ដឹង ហើយរកទម្រង់លទ្ធផលចម្លងចេញលទ្ធផលជាក់ស្ដែងហ្នឹងអត់ឃើញទេ។ ជួនកាលគណបក្សខ្លះអត់បានយកមកបូកទេ។ អ៊ីចឹងយើងរង់ចាំលទ្ធផលប្រកាសពី គ.ជ.ប វាយឺតពេល»។
លោក កែម ឡី ឲ្យដឹងដែរថា សូចនាករ ឬខ្នាតវាស់វែងសំខាន់ផ្សេងទៀត ដូចជា ចំនួនទំនាស់ដែលបានដោះស្រាយ និងនៅសល់ ការរាប់ និងពិនិត្យការប្រកាសលទ្ធផលបោះឆ្នោតដោយអ្នកបោះឆ្នោត និងមិនអនុញ្ញាតឲ្យអ្នកដទៃប្រកាសក្រៅពី គ.ជ.ប។
ទោះជាក្រុមមន្ត្រីនៃអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ បានលើកពីសន្ទស្សន៍សំខាន់ៗពីសេចក្ដីប្រកាសក្រុងបាងកក ដែលល្អសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្ដី ក៏ក្រុមអង្គការទាំងនេះ មិនទាន់បានចងក្រងជាខ្នាតរួមនៅឡើយទេ។
នាយកប្រតិបត្តិខុមហ្វ្រែល លោក គល់ បញ្ញា ឲ្យដឹងថា លោកនឹងចងក្រងសន្ទស្សន៍ដែលបានពិភាក្សាគ្នានេះ ដាក់ជូន គ.ជ.ប គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធនានា ដើម្បីឲ្យបានទទួលយកទៅធ្វើជាខ្នាតវាស់វែង និងធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា មានលក្ខណៈសេរី និងយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
