មន្ត្រី​បក្ស​ប្រឆាំង​ថា​ទូរទស្សន៍​ព្រះអាទិត្យ​អាច​នឹង​បាន​សិទ្ធិ​កាន់​កាប់​ដី​ក្នុង​ពេល​១៤​ថ្ងៃ​ទៀត

ដោយ ម៉ម មុនីរតន៍
2016-01-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទូរទស្សន៍​សង្គ្រោះ​ជាតិ ៨៥៥
គេហទំព័រ​របស់​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ។
Screenshot from cnrptv.com

មន្ត្រី​ទទួល​បន្ទុក​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្នុង​រយៈពេល ២​សប្ដាហ៍​ទៀត​យ៉ាង​យូរ ដី​ដែល​គ្រោង​ធ្វើ​ជា​ស្ទូឌីយោ​ស្ថានីយ​ទូរទស្សន៍ (TV Studio) នឹង​ទទួល​បាន​សិទ្ធិ​កាន់​កាប់ និង​អាច​ដំណើរ​ការ​លើ​គម្រោង​ផ្សេងៗ​ទៀត​របស់​ទូរទស្សន៍​បាន​ហើយ។ តាម​គម្រោង​ការ​បង្កើត​ទូរទស្សន៍​នេះ អាច​ត្រូវ​ការ​ទឹក​ប្រាក់​សម្រាប់​ជំហាន​ដំបូង​ប្រមាណ ១​លាន ៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។

សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ ទទួល​បន្ទុក​ផ្នែក​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​ជំទាស់ និយាយ​ថា នេះ​ជា​ដំណាក់​កាល​ចុង​ក្រោយ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង់ចាំ​អស់​ពេល​ជាង ១​ឆ្នាំ​មក ដើម្បី​អាច​ឈាន​ទៅ​បង្កើត​ទូរទស្សន៍​ដូច​ការ​គ្រោង​ទុក​បាន បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​អចលនទ្រព្យ និង​បង់​ពន្ធ​ដី​នេះ​រួច។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​ទទួល​បន្ទុក​លើ​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ លោក តុ វ៉ាន់ច័ន្ទ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មករា ថា រយៈពេល ១៤​ថ្ងៃ​ទៀត​ដែល​ជា​ពេលវេលា​កំពុង​រង់ចាំ​នេះ គឺ​ជា​ពន្លឺ​ដែល​នឹង​ជំរុញ​ឲ្យ​គម្រោង​នៃ​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ អាច​ដំណើរ​ការ​ទៅ​តាម​ផែនការ​មួយ​ជំហាន​ថ្មី​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក្ដី លោក តុ វ៉ាន់ច័ន្ទ នៅ​តែ​យល់​ឃើញ​ថា ការ​បើក​ផ្លូវ​ឲ្យ​ដំណើរ​ការ​លើ​គម្រោង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ តាម​រយៈ​ការ​ផ្ដល់​សិទ្ធិ​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​នេះ ប្រហែល​នៅ​មាន​ភាព​ស្មុគស្មាញ​ខ្លះ​ទៀត ដូចជា​ត្រូវ​សុំ​ច្បាប់​សាងសង់ និង​ហ្វ្រេកង់ (Frequency) ផ្សាយ ជាដើម។ លោក​បន្ត​ថា «ឥឡូវ​នេះ​បាន​ចូល​ច្រក​ចេញ​ចូល​តែ​មួយ​តាំង​ពី​អាទិត្យ​មុន ហើយ​យើង​សង្ឃឹម​ថា​នឹង​បាន​ចេញ​រួច​រាល់​នៅ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​បង់​ពន្ធ​ថ្លៃ​ដី​ហ្នឹង​នៅ​ក្នុង​អាទិត្យ​នេះ ឬ​ក៏​អាទិត្យ​ក្រោយ។ នៅ​ពេល​ផ្ទេរ​សិទ្ធិ​កាន់​កាប់​ហើយ យើង​នឹង​បន្ត​សុំ​ច្បាប់​ដំឡើង​អង់តែន។ នៅ​ពេល​ដំឡើង​អង់តែន​ហើយ កម្មវិធី​របស់​យើង​នឹង​មាន​ជា​បន្តបន្ទាប់»

មន្ត្រី​ដដែល​និយាយ​ថា ដី​ដែល​មាន​ទំហំ​ជាង ១.២០០​ម៉ែត្រ​ការ៉េ​សម្រាប់​សាងសង់​ស្ទូឌីយោ​ទូរទស្សន៍​នេះ គឺ​ស្ថិត​នៅ​ភូមិ​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ដី​នេះ​មាន​តម្លៃ​ជាង ១០​ម៉ឺន ៧​ពាន់​ដុល្លារ​អាមេរិក ត្រូវ​បាន​មន្ត្រី​ទទួល​បន្ទុក​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គឺ​ចំនួន​ដែល​ត្រូវ​ចាប់​ផ្ដើម​ក្នុង​កម្រិត​មួយ​ដ៏​ស្ដួចស្ដើង​នៅ​ឡើយ​ទេ។ តួលេខ​នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​វិនិយោគ​លើ​បរិក្ខារ និង​ការ​បំពាក់​សម្ភារៈ​បច្ចេកទេស ព្រម​ទាំង​ថ្លៃ​បុគ្គលិក​ទៀត​នៅ​ឡើយ​ផង។

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ទូរទស្សន៍​ចំនួន ១៦​ស្ថានីយ​កំពុង​ដំណើរ​ការ ហើយ​និង​ប៉ុស្តិ៍​ខ្សែ​កាប​បូក​រួម​ទាំង​ផ្កាយ​រណប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង។ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នយោបាយ​រួម​រវាង​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​គម្រោង ដោយ​ស្នើ​បង្កើត​ទូរទស្សន៍​ឈ្មោះ​ថា ទូរទស្សន៍​ព្រះអាទិត្យ។

អគ្គនាយក​ហិរញ្ញវត្ថុ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក គី វណ្ណដារ៉ា ឲ្យ​ដឹង​ថា ថ្វី​បើ​រហូត​មក​ដល់​ពេល​នេះ ការ​រៃអង្គាស​ថវិកា​ក្នុង​ប្រទេស​បាន​ផ្អាក ក៏​ចំនួន​លុយ​ដែល​ប្រមូល​បាន​ពី​សប្បុរសជន​នៅ​ទូទាំង​ប្រទេស​បាន​ជាង ៧០​ម៉ឺន​ដែរ។ លោក​បន្ត​ថា បើ​ទោះ​ជា​លុយ​ដែល​បាន​ពី​ការ​វិភាគទាន​នេះ​មើល​ទៅ​ហាក់​មាន​ចំនួន​ច្រើន ប៉ុន្តែ​តម្រូវ​ការ​ចំពោះ​មុខ គឺ​អាច​ត្រូវ​ការ​លុយ​ប្រមាណ ១​លាន​ដុល្លារ​កន្លះ​ដែរ ដើម្បី​ឲ្យ​ដំណើរ​ការ​ទៅ​បាន សម្រាប់​ដំណាក់​កាល​ចាប់​ផ្ដើម។ លោក គី វណ្ណដារ៉ា បន្ថែម​ថា គម្រោង​ទូរទស្សន៍​ត្រូវ​ការ​លុយ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ការ​គ្រោង​ទុក ខាង​គណបក្ស​បាន​ផ្អាក​សកម្មភាព​រៃអង្គាស​លុយ​មួយ​រយៈពេល​សិន ដោយ​ត្រូវ​រង់ចាំ​ទិដ្ឋភាព​ច្បាប់​បន្ថែម​ទៀត។ លោក​បន្ត​ថា «ការ​លើក​អង់តែន។ អង់តែន​កន្លែង​យើង​ហ្នឹង​តម្រូវ​ដី​ឲ្យ​មាន​ប្លង់​រឹង។ ពេល​មាន​ប្លង់​រឹង​ហើយ បាន​យើង​ទៅ​សុំ​ច្បាប់​ដំឡើង​អង់តែន។ អ៊ីចឹង​នេះ យើង​ត្រូវ​ការ​ទិដ្ឋភាព​ច្បាប់​មួយ​ចំនួន​ទៀត ដើម្បី​អាច​ឈាន​ទៅ​ដល់​ដំណើរ​ការ​ក្នុង​ការ​លើក​អង់តែន»

ជុំវិញ​រឿង​នេះ មន្ត្រី​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​កណ្ដាល បាន​បដិសេធ​បញ្ហា​នេះ ដោយ​អះអាង​ថា ពុំ​បាន​ដឹង​ទេ។ ផ្ទុយ​ពី​នេះ មន្ត្រី​ទទួល​បន្ទុក​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា ការ​ពិត ពាក្យ​ស្នើសុំ​កាន់​កាប់​ដី​បាន​ដល់​ការិយាល័យ​នៃ​មន្ទីរ​សុរិយោដី មួយ​សប្ដាហ៍​មក​ហើយ។

ទាក់ទិន​ភាព​ចម្រូងចម្រាស​នេះ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ខ្លួន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​ខេត្ត​ស្វាយរៀង និង​ខេត្ត​កណ្ដាល បាន​ទាមទារ​លុយ​វិញ​ពី​គណបក្ស​ប្រឆាំង ក្រោម​ហេតុផល​ថា ឃើញ​តែ​រៃអង្គាស​លុយ ប៉ុន្តែ​ពុំ​បាន​ដំណើរ​ការ​អ្វី​សោះ។

យ៉ាង​នេះ​ក្តី គណបក្ស​ជំទាស់​ចាត់​ទុក​ថា នេះ​ជា​រូបភាព​នយោបាយ។ ម្យ៉ាង​វិញ អ្នក​មក​តវ៉ា​សុំ​ដក​លុយ​វិញ គឺ​ជា​ការ​អុកឡុក​ប៉ុណ្ណោះ ហើយ​អ្នក​ទាំង​នោះ​ពុំ​មែន​ជា​សកម្មជន និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទៀត​ផង។

ជុំវិញ​ភាព​យឺតយ៉ាវ​នៃ​គម្រោង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ ត្រូវ​បាន លោក គី វណ្ណដារ៉ា និយាយ​ថា ដោយសារ​ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​បន្ត​ពី​គណបក្ស​សង្គ្រោះ​ជាតិ លែង​ហ៊ាន​ជួល​អង់តែន​ឲ្យ។ ហេតុ​នេះ ទើប​គណបក្ស​សម្រេច​រក​ដី​ផ្ទាល់​ដោយ​ខ្លួន​ឯង​វិញ ដើម្បី​អាច​ដំណើរ​ការ​ទៅ​តាម​ការ​គ្រោង​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

VERY GOOD I SUPPORT YOU, SUN TV TRY YOUR BEST GOOD LUCK.

Jan 13, 2016 01:27 AM

អ្នក​អាន​អនាមិក

>. ហេតុអី បក្សប្រជាជន មានសិទ្ធកាន់កាប់ដី ធ្វើអ្វីៗ ច្រើនម្លេះ បើជាដី របស់រដ្ឋ ?
>. ចុះម៉េចបានជា បក្សសង្គ្រោះជាតិ គ្មាន ដី សំរាប់ធ្វើអ្វីៗ ដើម្បី បំរើ ប្រទេសជាតិ បើជាដី របស់រដ្ឋ ទាំងអស់គ្នា ?
_ សូមជួយពិចារណា ..

Jan 12, 2016 11:22 PM

អ្នក​អាន​អនាមិក

សូមទោសលោក បើនិយាយខុស អាចមានប្រសាសម្តង​ទៀតបាន​ស្អីដីរដ្ឋ ដីកម្ពុជារាល់ថ្ងៃជារបស់សម្តេចតេជោទេលោកនាំទាហាន​យួន ដេញបាញ់សម្លាប់ខ្មែរក្រហមបានមកទេទាន កុំមកដីរដ្ឋអីនោះ ស្អីចង់បាន ចង់ធ្វើដូចគេ ទៅមិនរួចទេទាន និងម្យាងទៀតគេ​មិន​ល្ងង់​ឲ្យពួកលោកឯងមានទូរទស្ទល្អបានទេ បើបក្សលោកឯងមានមុខ​ជានិយាយតារឿងអាក្រក់របស់អ្នកកាន់អំណាច អញ្ចឹងគេមិនងាប់បាត់​ហើយ អញ្ចឹងដេកចាំដាំចេកទៅពួកលោកឯងចាំតាបានទៅ តែ បើ​បាន​ប្រហែលជារូបមើលមិនឃើញ សម្លេងស្តាប់មិនឮក៏ថាបាន ងាប់​ហើយសម័យតេជោស្មោះ។

Jan 13, 2016 04:03 AM

គេហទំព័រ​ទាំងមូល