អាជ្ញាធរក្រុងបាវិត មិនទាន់បានចុះទៅពិនិត្យតំបន់ដែលជនជាតិវៀតណាម ជួលដីកសិកម្មខ្មែរនៅតាមបន្ទាត់ព្រំដែន ឋិតនៅសង្កាត់ប្រាសាទ ក្រុងបាវិត នៅថ្ងៃទី១៦ ខែសីហា តាមបញ្ជារបស់អភិបាលខេត្តស្វាយរៀង នោះទេ។ ថ្មីៗនេះ ប្រជាពលរដ្ឋនៅសង្កាត់ប្រាសាទ ជាច្រើននាក់ បានផ្ដិតមេដៃស្នើសុំឲ្យអាជ្ញាធរ ជួយបញ្ឈប់សកម្មភាពជួលដីកសិកម្មនៅតាមព្រំដែនទៅជនជាតិវៀតណាម ឲ្យបានឆាប់រហ័ស។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនឋិតនៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ចង់ឃើញអាជ្ញាធរខេត្តស្វាយរៀង និងអាជ្ញាធរក្រុងបាវិត ចុះពិនិត្យស្រាវជ្រាវ និងបញ្ឈប់ជាបន្ទាន់នូវករណីជនជាតិវៀតណាម ជួលដីខ្មែរជាច្រើនហិកតារនៅតាមព្រំដែន បន្ទាប់ពីពួកគាត់គ្មានជំនឿលើអាជ្ញាធរមូលដ្ឋាន។
ក្រោយទទួលបានព័ត៌មាននេះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានចេញបញ្ជាឲ្យអភិបាលក្រុងបាវិត លោក សេង សិលា ចុះទៅពិនិត្យមើលតំបន់ដែលប្រជាពលរដ្ឋប្ដឹងនោះ នៅថ្ងៃទី១៦ ខែសីហា ប៉ុន្តែអភិបាលក្រុងបាវិត ពុំទាន់ចុះទៅផ្ទាល់នោះទេ ដោយសារជាប់រវល់ការងារច្រើន។
អភិបាលក្រុងបាវិត លោក សេង សិលា មានប្រសាសន៍ថា ទោះបីជាលោកមិនទាន់បានចុះទៅផ្ទាល់ក្តី តែលោកបានជួបសាកសួរចៅសង្កាត់ប្រាសាទ លោក កែវ ឈាន រួចហើយអំពីបញ្ហាដែលពលរដ្ឋខ្មែរប្ដឹងថា វៀតណាម ជួលដីនៅតាមព្រំដែននោះ។ លោក សេង សិលា បញ្ជាក់ថា តាមព័ត៌មានពីខាងចៅសង្កាត់ប្រាសាទ នោះ គឺគ្មានករណីជនជាតិវៀតណាម ជួលដីខ្មែរនោះទេ គឺមានតែខ្មែរជួលឲ្យខ្មែរ ហើយថៅកែខ្មែរគ្រាន់តែជួលជនជាតិវៀតណាម ឲ្យបាញ់ស្មៅភ្ជួររាស់ និងដាំដុះដោយសារភាគីខ្មែរខ្វះបច្ចេកទេសគ្រប់គ្រាន់៖ «តាមការបំភ្លឺរបស់គាត់ គាត់បាននិយាយថា ករណីបាញ់ស្មៅនេះ គឺមានមែនតែខ្មែរជួលកម្មករវៀតណាម បាញ់ស្មៅ ដើម្បីធ្វើស្រែ ដោយសារទីនោះមានស្មៅក្រាស។ ពេលគេបាញ់ស្មៅទៅ គាត់ប្ដឹងទៅអាស៊ីសេរីថា ខ្លាចងាប់គោ ក្របីគាត់ អ៊ីចឹងគេត្រូវការធ្វើស្រែអត់អោយគេធ្វើទេឬ?»។
ឆ្លើយតបបញ្ហានេះ ប្រជាពលរដ្ឋខ្មែរម្នាក់លើកឡើងថា អ្វីដែលចៅសង្កាត់ប្រាសាទ រាយការណ៍ជូនអភិបាលក្រុងបាវិត នោះ គ្រាន់តែជាលេសដោះសាប៉ុណ្ណោះ តែធាតុពិតអ្នកដែលជួលនោះ គឺជាជនជាតិវៀតណាម ហើយឲ្យពលរដ្ឋខ្មែរឈរឈ្មោះជាតំណាង៖ «ចៅសង្កាត់គាត់និយាយក្នុងនាមដោះសាទេ ប៉ុន្តែប្រជាពលរដ្ឋគាត់ដឹងច្រើនគាត់តាមច្រើន។ ចៅសង្កាត់គាត់បំភ្លៃទេ បើពិតមែនតែចៅសង្កាត់ហ៊ានទៅស្បថជាមួយប្រជាពលរដ្ឋដែរ ឬទេ។ ប្រជាពលរដ្ឋគាត់ដឹងថា ចៅសង្កាត់រូបនេះ គាត់ឃុបឃិតជាមួយវៀតណាម ដើម្បីអោយវៀតណាម ជួលដី»។
ការស្នើសុំអន្តរាគមន៍ពីអាជ្ញាធរ ឲ្យជួយបញ្ឈប់ជនជាតិវៀតណាម ជួលដីកសិកម្មនេះ ដោយសារប្រជាពលរដ្ឋព្រួយបារម្ភខ្លាចបាត់បង់បូរណភាពទឹកដី។ ម្យ៉ាងវិញទៀត ពួកគាត់សង្កេតឃើញថា ជនជាតិវៀតណាម បានបាញ់ថ្នាំបណ្ដាលឲ្យគោក្របីរបស់ពួកគាត់ស៊ីស្មៅពុលងាប់ជាបន្តបន្ទាប់។
អភិបាលក្រុងបាវិត លោក សេង សិលា សន្យាថា លោកនឹងលៃលកពេលដើម្បីចុះទៅពិនិត្យករណីនេះប្រហែលជានៅចុងសប្ដាហ៍នេះ ប៉ុន្តែលោកថា អាជ្ញាធរមានការលំបាកនៅពេលចុះទៅដោះស្រាយម្តងៗ គឺប្រជាពលរដ្ឋហាក់មិនបានចូលរួមច្រើននោះទេ៖«ខ្ញុំនឹងចុះទៅជួបគាត់ដើម្បីស្រាវជ្រាវចំណុចនេះអោយច្បាស់ដើម្បីដោះស្រាយ»។
ទន្ទឹមគ្នានេះដែរ លោក សេង សិលា សន្និដ្ឋានថា អ្នកដែលចាប់អារម្មណ៍លើបញ្ហាទាំងនេះ គឺភាគច្រើនជាអ្នកគាំទ្រគណបក្សណាមួយដែលចាំតែរករឿងរកហេតុ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន សាទរចំពោះអភិបាលខេត្តស្វាយរៀង ដែលឲ្យមន្ត្រីរបស់ខ្លួនចុះពិនិត្យករណីនេះ។ ទោះបែបនេះក្តី លោក នុត បូពិណ្ណារ័ត្ន បន្ថែមថា អាជ្ញាធរថ្នាក់លើមិនគួររង់ចាំស្តាប់តែរបាយការណ៍ដដែលៗពីខាងមន្ត្រីថ្នាក់ក្រោមនោះទេ ពោលគឺអាជ្ញាធរថ្នាក់ខេត្ត គួរតែចុះទៅពិនិត្យដោយផ្ទាល់តែម្តង ទើបជាការល្អ៖ «បើ យកល្អខាងខេត្តគួរតែអោយមន្ត្រីដែលទទួលបន្ទុកខាងព្រំដែនខាង ដីធ្លី ចុះទៅផ្ទាល់ជាមួយអភិបាលក្រុងបាវិត ឬក៏ទៅជាមួយគណៈកម្មការណាផ្សេងដើម្បីយើងទៅពិនិត្យផ្ទាល់ ជៀសវាងការស្ដាប់យោបល់ពីចៅសង្កាត់ដដែលៗ ថាខ្មែរនិងខ្មែរជួល»។
មន្ត្រីអង្គការលីកាដូ និងប្រជាពលរដ្ឋយល់ឃើញថា អាជ្ញាធរមិនគួរលាបពណ៌ប្រជាពលរដ្ឋខ្មែរគ្នាឯង ថាមាននិន្នាការគាំទ្រគណបក្សនយោបាយណាមួយ នៅពេលពួកគាត់ចេញមុខតវ៉ា ឬយល់ដឹងពីបញ្ហាសង្គមច្រើននោះទេ ព្រោះវប្បធម៌លាបពណ៌នេះ មិននាំឲ្យខ្មែរបានសុខឡើយ។ ពួកគាត់ថា អាជ្ញាធរគួរតែបម្រើ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋដោយយុត្តិធម៌ និងតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
