អង្គការ​តម្លាភាព​កម្ពុជា​នឹង​ពង្រាយ​អ្នក​សង្កេតការណ៍​បោះឆ្នោត​៨២២​នាក់

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ជា​ច្រើន បាន​ចុះ​ឈ្មោះ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ការ​ឃោសនា រហូត​ដល់​ថ្ងៃ​បោះឆ្នោត។ ក្នុង​ចំណោម​នោះ អង្គការ​តម្លាភាព​កម្ពុជា អះអាង​ថា នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី ដែល​មិន​ធ្លាប់​ត្រូវ​ប្រើប្រាស់​ពី​មុន​មក​ទេ​នៅ​កម្ពុជា។

0:00 / 0:00

អង្គការ​តម្លាភាព​កម្ពុជា ប្រកាស​ថា​នឹង​ពង្រាយ​អ្នក​សង្កេតការណ៍​ចំនួន ៨២២​នាក់ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ថ្មី​មួយ​សម្រាប់​ការ​សង្កេតការណ៍​បោះឆ្នោត តាម​រយៈ​ការ​សង្កេត​សំណាក​គំរូ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា បាន​អោយ​ដឹង​ថា អង្គការ​នេះ​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ចំនួន ៨២២​នាក់ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ដែល​ត្រូវ​ជ្រើស​រើស​ចំនួន ៤១១​កន្លែង​នៅ​ទូទាំង​ប្រទេស។ ការ​សង្កេត​នោះ​នឹង​ប្រើប្រាស់​វិធីសាស្ត្រ​តាម​សំណាក​គំរូ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា សេមផល ប៊ែស អុបសើវេសិន (Sample Base Observation)។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​បន្ថែម​ថា វិធីសាស្ត្រ​ដែល​លោក​យក​មក​ប្រើប្រាស់​នេះ មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ថា​ជា​ការ​វាយ​តម្លៃ​លើ​ការ​បោះឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ស្វែង​រក និង​រារាំង​ភាព​មិន​ប្រក្រតី​នានា​ដែល​នឹង​អាច​កើត​មាន​ឡើង៖ «អីចឹង​ការ​រៀបចំ​រូបមន្ត​នេះ គឺ​តាម​បែប​វិទ្យាសាស្ត្រ​ដែល​ពិភពលោក​គេ​រក​ឃើញ ហើយ​យើង​អាច​ទទួល​យក​ទាំង​គុណភាព និង​សុក្រឹតភាព។ វិធីសាស្ត្រ​នេះ គឺ​យើង​ជ្រើស​រើស​តាម​បែប​បច្ចេកទេស ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ។ ដូច្នេះ ប្រសិន​បើ​យើង​ជ្រើស​រើស​ទៅ​វា​ប៉ះ​ចំ​តំបន់​ហ្នឹង ទោះ​បី​តំបន់​នេះ​នៅ​កោះ ឬ​នៅ​ទី​ភូមិ​ដាច់​ស្រយាល​ណា ក៏​ពួក​យើង​ខ្ញុំ​ទៅ​ដែរ។ ហើយ​ជាក់ស្តែង ការ​ជ្រើស​រើស​នេះ គឺ​បាន​ទាំង​ការិយាល័យ​នេះ​នៅ​លើ​កោះ​នេះ​ក៏​មាន នៅ​លើ​កំពូល​ភ្នំ​ក៏​មាន ដូច្នេះ​គឺ​មាន​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​យើង​អាច​យក​របាយការណ៍​យើង​ទៅ​យើង​វិភាគ​បាន​ត្រឹមត្រូវ»

លោក ព្រាប កុល បញ្ជាក់​ថា លទ្ធផល​នៃ​ការ​សង្កេតការណ៍​របស់​អង្គការ​តម្លាភាព នឹង​ត្រូវ​ផ្សព្វផ្សាយ​អោយ​ដឹង​ភ្លាមៗ​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។

ទាក់ទិន​នឹង​ការ​សង្កេតការណ៍​បោះឆ្នោត អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា បាន​អោយ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​អ្នក​សង្កេតការណ៍​ទាំង​ជាតិ និង​អន្តរជាតិ ចំនួន​ប្រមាណ ១​ម៉ឺន ៩​ពាន់​នាក់ ដែល​នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥៖ «ឥឡូវ​នេះ យើង​មាន​ប្រមាណ​ជា​ជិត ១.៩០០​នាក់​ហើយ ចំពោះ​អ្នក​សង្កេតការណ៍​ជាតិ​ម៉ោ​ពី ២៤​អង្គការ ហើយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មាន ៤១​នាក់ មក​ពី ៦​អង្គការ»

ក្រៅ​ពី​ផ្ដល់​អ្នក​សង្កេតការណ៍ អង្គការ​តម្លាភាព​កម្ពុជា នឹង​ផ្ដល់​នូវ​វគ្គ​បណ្ដុះ​បណ្ដាល​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​សារព័ត៌មាន ពី​របៀប​រាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។